អបអរសាទរបុណ្យជាតិអូស្ត្រាលីឆ្នាំ២០២៦

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញជាភ្ញៀវកិត្តិយសតំណាងរាជរដ្ឋាភិបាលក្នុងពិធីអបអរសាទរបុណ្យជាតិអូស្ត្រាលីឆ្នាំ២០២៦


(រាជធានីភ្នំពេញ)៖ នាល្ងាចថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានអញ្ជើញចូលរួមជាតំណាងរាជរដ្ឋាភិបាលក្នុងពិធីអបអរសាទរបុណ្យជាតិអូស្ត្រាលីឆ្នាំ២០២៦ នៅស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត វិស័យឯកជន ព្រមទាំងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិជាច្រើនរូប។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត
ដោយ

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត តំណាងរាជរដ្ឋាភិបាល បានសម្តែងនូវការអបអរសាទរចំពោះ
រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ក៏ដូចជាសហគមន៍អូស្ត្រាលីនៅក្នុងប្រទេសកម្ពុជា ចំពោះពិធីអបអរសាទរបុណ្យជាតិអូស្ត្រាលីឆ្នាំ២០២៦នេះ។ ឯកឧត្តម បានលើកឡើងថាទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលចាប់ផ្តើមតាំងពីឆ្នាំ១៩៥២ ដែលឆ្លុះបញ្ចាំងពីការគាំទ្រយូរអង្វែងរបស់ប្រទេសអូស្ត្រាលីចំពោះអធិបតេយ្យភាព និងដំណើរការកសាងជាតិកម្ពុជា ទោះបីជាបរិការណ៍តំបន់ និងសកលលោកមានការផ្លាស់ប្តូរក៏ដោយ។ ឯកឧត្តម បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើស្ទើរគ្រប់វិស័យទាំងក្នុងវិស័យកសិកម្ម សុខាភិបាល និងការផ្លាស់ប្តូរប្រជាជននិងប្រជាជនជាដើម បាននាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។ ជាក់ស្តែងប្រទេសអូស្ត្រាលីគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ដែលមានទំហំពាណិជ្ជកម្មប្រមាណ ៦០០លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៥ ហើយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ ជឿជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីនេះ នឹងបន្តកើនឡើងជាលំដាប់។

បន្ថែមលើនេះ អូស្ត្រាលីគឺជាដៃគូអភិវឌ្ឍដ៏សំខាន់និងទុកចិត្តបាន ដោយបានផ្តល់ជំនួយជាថវិកាប្រមាណ ១,៤ប៊ីលានដុល្លារអាម៉េរិក២ប៊ីលាន ដុល្លារអូស្ត្រាលី ភាគច្រើនលើការកសាងមូលធនមនុស្ស ជូនដល់កម្ពុជាចាប់ពីទសវត្សរ៍ឆ្នាំ១៩៩០មក។ ជាមួយគ្នានេះ «ផែនការភាពជាដៃគូអភិវឌ្ឍន៍អូស្ត្រាលី-កម្ពុជា ឆ្នាំ២០២៥-២០២៩» ពិតជាបានឆ្លុះបញ្ចាំងពីការប្តេជ្ញារួមគ្នារបស់ប្រទេសទាំងពីរក្នុងការបន្តអភិវឌ្ឍប្រទេសកម្ពុជាស្របតាមស្មារតីនៃ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១

ក្នុងក្របខណ្ឌពហុភាគី ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់ថាកម្ពុជាស្វាគមន៍ចំពោះការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសអូស្ត្រាលីជាមួយតំបន់អាស៊ីអាគ្នេយ៍ឱ្យកាន់តែស៊ីជម្រៅ តាមរយៈ «យុទ្ធសាស្ត្រសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍ដល់ឆ្នាំ២០៤០»។ ក្នុងស្មារតីនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបញ្ជាក់ថាកម្ពុជាផ្ដល់តម្លៃចំពោះការគាំទ្រយ៉ាងមុតមាំរបស់ប្រទេសអូស្ត្រាលីចំពោះពហុភាគីនិយម, មជ្ឈភាពអាស៊ាន និងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ហើយកម្ពុជានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយអូស្ត្រាលី និងប្រទេសជាសមាជិកអាស៊ាន ដើម្បីបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងអូស្ត្រាលី ឱ្យកាន់តែស៊ីជម្រៅ។

ជាចុងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានគាំទ្រជាបន្តបន្ទាប់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រទេសកម្ពុជា ជាពិសេសថ្មីៗនេះចំពោះជំនួយមនុស្សធម៌របស់អូស្ត្រាលីសម្រាប់ប្រជាពលរដ្ឋភៀសសឹក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានកោតសរសើរចំពោះ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចំពោះកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ និងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងកម្ពុជា-អូស្ត្រាលី ក៏ដូចជាការចូលរួមចំណែកគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា​៕




អត្ថបទបន្ទាប់


សិង្ហបុរី បោះទុនវិនិយោគ៧៨៦លានដុល្លារ ដើម្បីអភិវឌ្ឍន៍ការស្រាវជ្រាវបញ្ញាសិប្បនិម្មិត

ទោះបីខ្លួនជាប្រទេសខ្លាំងឈានមុខគេខាងបច្ចេកវិទ្យាក្នុងតំបន់ក៏ដោយ ក៏សិង្ហបុរី នៅតែបន្តជំរុញសម្ទុះនៃការអភិវឌ្ឍ និងធ្វើទំនើបកម្មឌីជីថលយ៉ាងសកម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ