ដំណាំមៀនប៉ៃលិន

កសិករដាំមៀនប៉ៃលិនមានសង្ឃឹមឡើងវិញ ក្រោយរដ្ឋប្រកាសនឹងប្រមូលទិញ


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្កើតក្រុមការងារប្រមូលទិញផ្លែមៀនប៉ៃលិន ឬតាងែន របស់កសិករ ដែលកំពុងជួបបញ្ហាប្រឈមខ្វះទីផ្សារ ចាប់ពីថ្ងៃទី១៨ ខែសីហា តទៅ (ពីថ្ងៃនេះតទៅហើយ)។ យុទ្ធនាការទិញផ្លែមៀនប៉ៃលិននេះ ត្រូវបានក្រុមកសិករដាំដុះមៀនប៉ៃលិន យល់ថា ជាដំណោះស្រាយដ៏ល្អបំផុត ដែលធ្វើឱ្យពួកគេចៀសផុតពីរបញ្ហាប្រឈមទីផ្សារនាពេលបច្ចុប្បន្ននេះ។
ទិន្នផលផ្លែមៀនរបស់ខេត្តប៉ៃលិន (រូបភាព៖សហគមន៍ផលិតផលមៀនប៉ៃលិន)

បញ្ហាផ្លែមៀនប៉ៃលិន ឬតាង៉ែន របស់កសិករនៅតាមបណ្ដាខេត្ត ប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ ដែលកំពុងកកស្ទះ នារយៈពេលថ្មីៗនេះ ធ្វើឲ្យមៀនប្រហែល៥ម៉ឺនតោន ប្រឈមក្នុងការខូចខាតព្រោះមិនអាចនាំចេញបាន។ បើទោះបី ក្រសួងកសិកម្ម និងពាណិជ្ជកម្ម បានខិតខំរកដំណោះស្រាយជូនកសិករយ៉ាងណា ប៉ុន្ដែ បញ្ហានេះនៅតែមិនទាន់អាចដោះស្រាយបាននៅឡើយ។

ដោយមើលឃើញពីបញ្ហានេះ ប្រមុខរាជរដ្ឋាភិបាល សម្តេច តេជោ ហ៊ុន សែន បានបង្កើតក្រុមការងារ ដើម្បីប្រមូលទិញផ្លែមៀនប៉ៃលិន ពីកសិករ ដែលកំពុងជួបបញ្ហាខ្វះទីផ្សារ។ លោក សេង ឌីលីន អ្នកទទួលបន្ទុកការងារប្រមូលទិញផ្លែមៀនប៉ៃលិន ពីកសិករ មិនបានបញ្ជាក់នោះទេថារដ្ឋាភិបាលនឹងទិញផ្លែមៀនប៉ៃលិននេះ សម្រាប់នាំចេញទៅណា និង ក្នុងតម្លៃប៉ុន្មាន ដោយលោកគ្រាន់តែបង្ហើបឲ្យដឹងថា យុទ្ធនាការប្រមូលទិញផ្លែមៀនប៉ៃលិននេះ នឹងចាប់ផ្ដើមចាប់ពីថ្ងៃទី១៨ ខែសីហានេះ តទៅ។

ក្រោយទទួលបានដំណោះស្រាយពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រមូលទិញផ្លែមៀនប៉ៃលិន ពីកសិករ ដែលកំពុងជួបបញ្ហាខ្វះទីផ្សារ ត្រូវបានក្រុមកសិករដាំដុះមៀនប៉ៃលិន សាទរ និងសប្បាយចិត្តជាខ្លាំង។ ជុំវិញដំណោះស្រាយរបស់រដ្ឋាភិបាល ក្នុងការជួយទិញមៀនពីកសិករ ត្រូវបានលោក សារ ចំរើន ប្រធានសហគមន៍ផលិតផលមៀនប៉ៃលិន សារទរ និងគាំទ្រយ៉ាងពេញទំហឹង ហើយលោកយល់ថា វាជាដំណោះស្រាយដ៏ប្រសើរសម្រាប់កសិករដែលកំពុងជួបការលំបាករឿងទីផ្សារនាពេលបច្ចុប្បន្ន។ 

ប្រធានសហគមន៍រូបនេះ បានប្រាប់សារព័ត៌មានខេមបូណូមីសថា លោកទើបទទួលបានព័ត៌មាន មិនទាន់មានការជួបគ្នានៅឡើយពីភាគីរដ្ឋាភិបាល ដូច្នេះមិនទាន់ដឹងនោះទេថា រដ្ឋាភិបាលមានលក្ខខណ្ឌបែបណា និងទិញក្នុងតម្លៃប៉ុន្មាននោះទេ។ តែយ៉ាងណា ប្រធានសហគមន៍រូបនេះ មានក្ដីរំពឹងខ្ពស់ ដែលអាចឱ្យទិន្នផលមៀនប៉ៃលិនរបស់កសិករជៀសផុតពីការខូចខាត។

សូមបញ្ជាក់ថា ថ្មីៗនេះ រដ្ឋាភិបាលចិនបានដាក់ការហាមឃាត់នាំចូលផ្លែមៀនពីថៃ ពីព្រោះតែមានការរកឃើញសត្វល្អិតចង្រៃនៅក្នុងផ្លែមៀនទាំងនោះ។ បន្ទាប់ពីថៃ ត្រូវចិនបិទមិនឱ្យនាំចេញផ្លែមៀន ប្រទេសថៃក៏បានបិទការនាំចូលមៀនពីកម្ពុជាដូចគ្នា ដែលធ្វើឱ្យផ្លែមៀន របស់កសិករនៅតាមខេត្តជាប់ព្រំដែន ជាច្រើនតោនមិនអាចនាំចេញបាន។

យោងតាមរបាយការណ៍ពីរដ្ឋមន្ត្រីក្រសួងកសិកម្មឯកឧត្តម វេង សាខុន ធ្លាប់បានលើកឡើងថា គិតត្រឹមឆ្នាំ២០២០ បរិមាណទិន្នផលមៀនប៉ៃលិនដែលទទួលបានមានប្រមាណ ២០ម៉ឺនតោនក្នុងមួយឆ្នាំ ក្នុងនោះ ការនាំចេញសម្រេចបានជាង ១០ម៉ឺនតោន ដោយមានតម្លៃប្រហែលជិត១០០លានដុល្លារអាមេរិក៕

អត្ថបទ៖ ខន ណារី

None



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលកម្ពុជា បរិច្ចាគសាច់ប្រាក់ចំនួន ២០ម៉ឺនដុល្លារជូនប្រទេសមីយ៉ាន់ម៉ា

រាជរដ្ឋាភិបាលកម្ពុជាសម្រេចបរិច្ចាគសាច់ប្រាក់ចំនួន២០ម៉ឺនដុល្លារអាមេរិក បន្ថែមលើការសន្យារបស់កម្ពុជាចំនួន ១០ម៉ឺនដុល្លារអាមេរិក សម្រាប់ជំនួ…

ទេសាភិបាលធនាគារកណ្តាលអាហ្វហ្កានីស្ថានរត់គេចចេញពីប្រទេសបាត់ស្រមោល បន្សល់បញ្ហារូបិយបណ្ណធ្លាក់ចុះ

ក្រោយពីក្រុមយុទ្ធជនតាលីបង់បានវាយដណ្តើមកាន់កាប់បានរដ្ឋធានីកាប៊ុលកាលពីថ្ងៃច័ន្ទទី១៦សីហានេះ ទេសាភិបាលធនាគារកណ្តាលអាហ្វហ្គានីស្ថាន បានចាកចេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ