សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

ទីបំផុតរុស្ស៊ីទទួលស្គាល់ថា ខ្លួនពិតជាបានបាញ់មីស៊ីលដាក់កំពង់ផែអ៊ុយក្រែនមែន


ក្រោយពីបានបដិសេភ្លាមៗប្រាប់ទៅប្រទេសតួគីថា ខ្លួនមិនមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារដោយមីស៊ីលលើកំពង់ផែអូដេសារបស់អ៊ុយក្រែនកាលពីចុងសប្តាហ៍មុន ស្រាប់តែនៅថ្ងៃចន្ទដើមសប្តាហ៍នេះ រុស្ស៊ីបែរមកទទួលស្គាល់វិញថា ខ្លួនពិតជាបានបាញ់មីស៊ីលសំដៅកំពង់ផែពិតមែន។ ប៉ុន្តែទីក្រុងម៉ូស្គូនៅតែអះអាងថា គេគ្មានបំណងកំណត់គោលដៅលើឃ្លាំងស្តុកស្រូវសាលីរបស់អ៊ុយក្រែននោះទេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ក្រុមពន្លត់អគ្គិភ័យកំពុងពន្លត់ភ្លើងដែលឆេះ ក្នុងកំពង់ផែ អូដេសា ក្រោយរងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី កាលពីថ្ងៃសៅរ៍ទី ២៣ កក្កដា ឆ្នាំ២០២២
ដោយ

រុ​ស្ស៊ី​អះអាង​ថា មី​ស៊ី​ល​ដ៏​ទំនើប​របស់​ខ្លួន​គឺ​សំដៅ​បំផ្លាញ​នាវា​យោធា​របស់​អ៊ុយ​ក្រែ​ន និង​គ្រាប់​មី​ស៊ី​ល ដែល​សហរដ្ឋអាមេរិក​បញ្ជូន​មក​ឱ្យ​អ៊ុយ​ក្រែ​ន​ប្រើ​នៅ​តំបន់​អូ​ដេ​សា​តែ​ប៉ុណ្ណោះ​។

បើ​តាម​សេចក្តីរាយការណ៍​ចុង​ក្រោយ​ពី​យោធា​របស់​អ៊ុយ​ក្រែ​ន កាលពី​ចុង​ស​ប្តា​ហ៍​មុន​មាន​មី​ស៊ី​ល​រុ​ស្ស៊ី ៤​គ្រាប់​ធ្លាក់​សំដៅ​កំពង់​ផែ​អូ​ដេ​សា ក្នុង​នោះ​២​គ្រាប់​បាន​ធ្លាក់​ចំ​គោលដៅ ខណៈ​ពីរ​គ្រាប់​ផ្សេង​ទៀត ត្រូវ​បាញ់​កំទេច​ដោយ កងការពារ​ដែនអាកាស​អ៊ុយ​ក្រែ​ន​។

វី​ដេ​អូ​ថត​ដោយ​ទូរ​សព្ទ​ដៃ បង្ហោះ​ព្រោងព្រាត​លើ​បណ្តាញ​សង្គម បង្ហាញ​ពី​ផ្សែង​ខ្មៅ​ហុយ​ឡើយ​ទៅ​លើ ពាសពេញ​កំពង់​ផែ​អូ​ដេ​សា ខណៈ​អ្នក​ដែល​នៅ​ឃើញ​ហេតុការណ៍​ផ្ទាល់​អះអាង​ថា ពួក​គេ​បានលឺ​សម្លេង​ផ្ទុះ​ដល់​ទៅ​៦​ដង​។

កាំជ្រួច​ជា​បន្តបន្ទាប់ ដែល​បាន​វាយប្រហារ​កំពង់​ផែ Odesa ដ៏​សំខាន់​របស់​អ៊ុយ​ក្រែ​ន មួយ​ថ្ងៃ​បន្ទាប់​ពី​ទីក្រុង​ម៉ូ​ស្គូ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អនុញ្ញាត​ឱ្យ​ទីក្រុង Kyiv បន្ត​ការ​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​ជា​ផ្នែក​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​កាត់​បន្ថយ​វិបត្តិ​ស្បៀងអាហារ​ពិភពលោក​ដែល​កំពុង​កើនឡើង​។

ដោយឡែក បើ​តាម​ការ​អះអាង​ពី​អ្នកនាំពាក្យ​ក្រសួងការបរទេស​រុ​ស្ស៊ី កាំជ្រួច​មី​ស៊ី​ល​ដ៏​ទំនើប​របស់​ខ្លួន​បាន​បំផ្លាញ​គោលដៅ​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​នៅ​ក្នុង​កំពង់​ផែ ប្រកបដោយ​ភាព​ជាក់លាក់​បំផុត ហើយ​ដែល​បាន​ធ្វើ​ឱ្យ​លិច​នាវា​យោធា​របស់​អ៊ុយ​ក្រែ​ន ដែល​ចត​ស្ងៀម​នៅ​ទីនោះ​។ ទីក្រុង​ម៉ូ​ស្គូ​ថា ការ​វាយប្រហារ​ខាងលើ មិន​បាន​សំដៅ​ឃ្លាំង​ស្តុក​គ្រាប់​ធញ្ញជាតិ​ឡើយ តែ​សំដៅលើ​នាវា និង​ឃ្លាំង​ស្តុក​មី​ស៊ី​ល​របស់​អ៊ុយ​ក្រែ​ន ដែល​ផ្តល់​ឱ្យ​ដោយ​អា​មេ​រិ​ក​តែ​ប៉ុណ្ណោះ​។

គួរ​រំឭក​បន្តិច​ថា ការ​វាយប្រហារ​នេះ​បាន​កើតឡើង​មិន​ដល់​២៤​ម៉ោង​ផង បន្ទាប់​ពី​រដ្ឋមន្ត្រី​ការពារ​ជាតិ​រុ​ស្ស៊ី​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ដែល​សម្របសម្រួល​ដោយ​អង្គការសហប្រជាជាតិ និង​ប្រទេស​ទួ​រ​គី យល់ព្រម​អនុញ្ញាត​ឱ្យ​ទីក្រុង​កៀវ នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​រាប់​លាន​តោន​ពី​កំពង់​ផែ​សមុទ្រ​ខ្មៅ​របស់​ខ្លួន​។ ភាគី​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា ការ​វាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​នេះ គឺ​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ និង​ការ​សន្យា​មិន​វាយប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​។ ទីក្រុង​កៀវ​ចាត់​ទុក​ការ​បាញ់​មី​ស៊ី​ល​ជា​ការ​បំផ្លាញ​លទ្ធភាព​ចរចា​និង​លទ្ធភាព​ស្រុះស្រួល​គ្នា​ទៅ​ថ្ងៃ​ខាង​មុខ​ទៀត​។

ទោះ​យ៉ាងណា​សម្រាប់​ភាគី​អ៊ុយ​ក្រែ​ន ការ​នាំ​ចេញ​នៅ​តែ​អាច​ប្រព្រឹត្ត​ទៅ​បាន បើ​គិត​លក្ខណៈ​បច្ចេកទេស ទោះ​កំពង់​ផែ​រង​ការ​ខូ​ត​ខាត តែ​គេ​នៅ​តែ​បន្ត​រៀបចំ​វេច​ខ្ចប់​សម្រាប់​ធ្វើការ​នាំ​ចេញ បាន​ទៅ​តាម​គម្រោងការ​ដដែល​៕




អត្ថបទបន្ទាប់


ហេតុអ្វីការចំណាយវិនិយោគគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិនបានធ្លាក់ចុះនៅឆមាសទី១ឆ្នាំនេះ?

ការស្រាវជ្រាវថ្មីមួយបានឲ្យដឹងថា ការចំណាយហិរញ្ញវត្ថុ និងការវិនិយោគរបស់មហាយក្សចិនតាមរយៈគម្រោងខ្សែក្រវាត់និងផ្លូវ (Belt and Road)ដ៏ពោរពេញទ…

ហេតុអ្វីប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់រៀបចំការពារហានិភ័យហិរញ្ញវត្ថុរបស់ខ្លួន?

អ្នកជំនាញក្នុងវិស័យធានារ៉ាប់រង លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឲ្យយកចិត្តទុកដាក់រៀបចំហានិភ័យហិរញ្ញវត្ថុរបស់ខ្លួន ដោយក្នុងនោះ អ្នកជំនាញសង្កត់ធ្ងន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ