បទឈប់បាញ់

រុស្ស៊ី និងអ៊ុយក្រែន បន្តវាយប្រហារគ្នាតាមផ្លូវអាកាស ខណៈក្ដីរំពឹងពីបទឈប់បាញ់នៅស្រពេចស្រពិល


ប្រទេសរុស្ស៊ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារគ្នាតាមផ្លូវអាកាស ដែលបណ្តាលឱ្យមនុស្សរងរបួស និងបានបំផ្លិចបំផ្លាញអគារមួយចំនួន ខណៈជោគវាសនានៃបទឈប់បាញ់គ្នាស្នើឡើងដោយអាម៉េរិក ចំពោះសង្គ្រាមរយៈពេល៣ឆ្នាំមកនេះ នៅមានភាពមិនច្បាស់លាស់នៅឡើយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
បទឈប់បាញ់
ដោយ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុនបានគាំទ្រជាគោលការណ៍ចំពោះសំណើរបស់ក្រុងវ៉ាស៊ីនតោន សម្រាប់បទឈប់បាញ់រយៈពេល៣០ថ្ងៃជាមួយអ៊ុយក្រែន ប៉ុន្តែលោកបានអះអាងថា កងកម្លាំងរបស់លោកនឹងប្រយុទ្ធរហូតដល់លក្ខខណ្ឌសំខាន់ៗជាច្រើនត្រូវបានដោះស្រាយ។

តាំងពីពេលនោះមក ភាគីរុស្ស៊ី និងអ៊ុយក្រែន បានវាយប្រហារគ្នាតាមអាកាសយ៉ាងខ្លាំង ហើយកងទ័ពរុស្ស៊ី បានវាយសម្រុកកាន់តែខ្លាំងលើសមរភូមិ ដើម្បីបណ្តេញកងទ័ពអ៊ុយក្រែន ចេញពីទីតាំងឈរជើងជាច្រើនខែរបស់ពួកគេ នៅក្នុងតំបន់ឃើស ភាគខាងលិចនៃប្រទេសរុស្ស៊ី។

ជាក់ស្ដែងកាលពីថ្ងៃអាទិត្យ មន្ត្រីរុស្ស៊ីបាននិយាយថា មនុស្ស៣នាក់បានរងរបួសរួមទាំងក្មេងអាយុ៧ឆ្នាំម្នាក់នៅក្នុងការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែន ទៅលើតំបន់ព្រំដែនរុស្ស៊ីបែលហ្គូរ៉ូដ (Belgorod) ខណៈកងទ័ពរុស្ស៊ី បានបំផ្លាញយន្តហោះដ្រូនរបស់អ៊ុយក្រែនប្រមាណ១៥គ្រឿងជុំវិញតំបន់វ៉ូរ៉ូណេស នៅភាគនិរតីនៃប្រទេសរុស្ស៊ី។

នៅប្រទេសអ៊ុយក្រែន ឯណោះវិញ អាជ្ញាធរមូលដ្ឋានបានរាយការណ៍អំពីការវាយប្រហារដោយយន្តហោះដ្រូនរបស់រុស្ស៊ី ទៅលើតំបន់មួយចំនួនរួមទាំងតំបន់ភាគខាងជើងនៃទីក្រុងឈើនីហ៊ីវ (Chernihiv) ជាទីដែលក្រុមអ្នកពន្លត់អគ្គិភ័យកំពុងព្យាយាមពន្លត់ភ្លើងឆេះអគារខ្ពស់មួយដែលបង្កឡើងដោយការវាយប្រហារដោយយន្តហោះដ្រូនរបស់រុស្ស៊ី។

ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន បានរាយការណ៍អំពីការផ្ទុះជាបន្តបន្ទាប់នៅក្នុងតំបន់ជុំវិញរដ្ឋធានី​កៀវរបស់អ៊ុយក្រែន បន្ទាប់ពីកងកម្លាំងអាកាសរបស់អ៊ុយក្រែន បានចេញការព្រមានអំពីការគំរាមកំហែងនៃការវាយប្រហារដោយយន្តហោះដ្រូនលើទីក្រុងកៀវ និងតំបន់នៅភាគកណ្តាលនៃប្រទេសអ៊ុយក្រែនមួយចំនួនទៀត។ ប៉ុន្តែគិតត្រឹមព្រឹកថ្ងៃអាទិត្យ មិនមានព័ត៌មានផ្លូវការណាមួយបញ្ជាក់ពីការខូចខាតនៅក្នុងតំបន់រដ្ឋធានីកៀវនោះទេ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


អាម៉េរិក បើកការវាយប្រហារយោធាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាននៅតំបន់មជ្ឈិមបូព៌ា ផ្ដាច់ជីវិតមនុស្ស និងរបួសរាប់រយនាក់

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៥ ខែមីនា បានបញ្ជាឱ្យកងកម្លាំងបើកការវាយប្រហារយោធាទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូធី…

តើមានកត្តាអ្វីជំរុញឱ្យតម្លៃមាសនៅសហរដ្ឋអាម៉េរិក ហក់ឡើងខ្ពស់មិនធ្លាប់មានកាលពីសប្តាហ៍មុន?

តម្លៃមាសនៅសហរដ្ឋអាម៉េរិក ដែលស្ងប់ស្ងាត់មួយរយៈ បានកញ្ច្រោលឡើងខ្លាំងរហូតដល់៣៦០០ដុល្លារក្នុងមួយតម្លឹង ដែលជាតម្លៃខ្ពស់បំផុតមិនធ្លាប់មាន។ នេះប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ