យោងតាមរបាយការណ៍វិភាគមួយរបស់កាសែត New York Times កាលពីថ្ងៃចន្ទ ទី២ ឱ្យដឹងថា ការប្តូរទីតាំងរបស់យន្តហោះ និងយានជំនិះនៅក្នុង និងក្បែរមូលដ្ឋានទ័ពនៅតំបន់អាក់ទិកដាច់ស្រយាលរបស់រុស្ស៊ី គឺប្រៀបបីដូចជាអ្វីដែលគេជឿថា ទីក្រុងម៉ូស្គូកំពុងត្រៀមរៀបចំធ្វើតេស្តបាញ់សាកល្បងមីស៊ីលដើរដោយថាមពលនុយក្លេអ៊ែមួយប្រភេទ ដែលធ្លាប់បានធ្វើក្នុងឆ្នាំ២០១៧ និង២០១៨។
យន្តហោះឈ្លបយកការណ៍របស់សហរដ្ឋអាមេរិក ក៏ត្រូវបានតាមដាននៅក្នុងតំបន់អាក់ទិកនោះដែរ ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ហើយការជូនដំណឹងអំពីអាកាសចរណ៍រុស្ស៊ី បានព្រមានអ្នកបើកយន្តហោះឱ្យជៀសវាងការហោះហើរក្នុងដែនអាកាសក្បែរតំបន់នោះ។
កាលពីមុនប្រទេសរុស្ស៊ី បានធ្វើតេស្តមីស៊ីល Burevestnik ចំនួន១៣ដងនៅចន្លោះឆ្នាំ២០១៧ និង២០១៩ ដែលការសាកល្បងទាំងនោះសុទ្ធសឹងតែបរាជ័យ។ នេះបើយោងតាមរបាយការណ៍មួយរបស់ក្រុមអ្នកស្រាវជ្រាវគំនិតផ្តួចផ្តើមការគំរាមកំហែងនុយក្លេអ៊ែ។
ក្នុងនោះយោងតាមមន្ត្រីអាមេរិក កាលពីឆ្នាំ២០១៩ ការសាកល្បងមីស៊ីលបានបរាជ័យ និងបានធ្លាក់ធ្វើឱ្យមនុស្សស្លាប់៧នាក់។ តាមការធ្វើតេស្តចុងក្រោយ មីស៊ីល Burevestnik បានបរាជ័យក្នុងការហោះដល់រយៈចម្ងាយ ដែលបានកំណត់ជាង២ម៉ឺនគីឡូម៉ែត្រ។ មីស៊ីលនោះបានហោះបានត្រឹមតែជាង៣៥គីឡូម៉ែត្រ មុននឹងធ្លាក់ចូលសមុទ្រ។
លោក Daryl G. Kimball នាយកប្រតិបត្តិនៃសមាគមគ្រប់គ្រងអាវុធបាននិយាយថា វាជាការធ្វើតេស្តសាកល្បង និងការអភិវឌ្ឍន៍ដ៏គ្រោះថ្នាក់។ មិនថា Burevestnik ត្រូវបានធ្វើតេស្តជោគជ័យក្រោយមកទៀត បន្ទាប់ពីបរាជ័យកាលពីឆ្នាំ២០១៩ ឬយ៉ាងណានោះទេ លោកថា ការដាក់ពង្រាយប្រតិបត្តិការមីស៊ីលប្រភេទនេះ ត្រូវការពេលយូរតទៅមុខទៀត។
យោងតាមរបាយការណ៍គំនិតផ្តួចផ្តើមការគំរាមកំហែងនុយក្លេអ៊ែ មីស៊ីលនេះគឺជា«អាវុធសម្រាប់វាយប្រហារលើកទីពីរ ឬជាអាវុធរយៈចម្ងាយយុទ្ធសាស្ត្រ។
មីស៊ីលនេះប្រើសម្រាប់វាយបកក្រោយមានការវាយប្រហារទ្រង់ទ្រាយធំណាមួយលើប្រទេសរុស្ស៊ី។ វាទំនងជាអាចផ្ទុកបន្ទុកនុយក្លេអ៊ែ ទោះបីតូចជាងអាវុធដែលមានសមត្ថភាពនុយក្លេអ៊ែផ្សេងទៀតក៏ដោយ។ អ្នកជំនាញបាននិយាយថា ប្រសិនមីស៊ីលនេះត្រូវបានប្រើក្នុងសង្គ្រាម វាអាចកម្ទេចតំបន់ទីក្រុងធំៗ និងគោលដៅយោធាបាន។
ទន្ទឹមនឹងរបាយការណ៍ស៊ើបអង្កេតនេះ រុស្ស៊ីកាលពីថ្ងៃពុធបានប្រាប់ប្រជាជនខ្លួនឱ្យស្ងប់ស្ងាត់ ក្រោយ រដ្ឋាភិបាលបានសាកល្បងប្រព័ន្ធប្រកាសអាសន្នជាសាធារណៈនៅទូទាំងប្រទេស ដោយបំន្លឺសំឡេងស៊ីរ៉ែន និងបង្អាក់ការផ្សាយតាមទូរទស្សន៍ និងវិទ្យុមួយចំនួន។ ការធ្វើតេស្តនេះបានធ្វើឡើងដំបូងកាលពីឆ្នាំ២០២០ និងតែងធ្វើម្តងក្នុងរយៈពេលពីរឆ្នាំ។
យោងតាមក្រសួងស្ថានការណ៍គ្រាអាសន្នរុស្ស៊ីបាននិយាយថា ប្រព័ន្ធប្រកាសអាសន្ននេះ ត្រូវបានរចនាឡើង ដើម្បីជូនដំណឹងដល់ប្រជាជន អំពីហេតុការណ៍អាសន្នណាមួយ ឬគ្រោះធម្មជាតិ។ មែនទែនទៅ ការធ្វើតេស្តនេះកើតឡើងចំពេល ដែលសង្រ្គាមនៅអ៊ុយក្រែន បានធ្វើឱ្យទំនាក់ទំនងរបស់រុស្ស៊ីជាមួយលោកខាងលិចធ្លាក់ចូលរណ្តៅដ៏សែនជ្រៅ ចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២៕