តាមការំពឹងទុក ច្បាប់នេះនឹងចូលជាធរមាននៅខែកញ្ញា ខាងមុខនេះ ហើយទេសាភិបាលធនាគារកណ្តាលរុស្ស៊ី លោកស្រី អែលវីរ៉ា ណាប៊ូលីណា (Elvira Nabiullina) ដែលជាអ្នកគាំទ្រច្បាប់ថ្មីនេះបានគូសបញ្ជាក់ថា ប្រតិបត្តិការទូទាត់ពាណិជ្ជកម្មអន្តរជាតិដំបូងដោយប្រើប្រាស់រូបិយប័ណ្ណឌីជីថល ឬគ្រីបតូនឹងធ្វើឡើងនៅមុនដំណាច់ឆ្នាំ២០២៤ នេះ។
សូមបញ្ជាក់ថា ប្រទេសរុស្ស៊ី បានប្រឈមការពន្យារពេលទូទាត់ពាណិជ្ជកម្មអន្តរជាតិ ជាច្រើន ជាមួយបណ្ដាដៃគូពាណិជ្ជកម្មសំខាន់ៗ ដូចជា ប្រទេសចិន ឥណ្ឌា និងអេមីរ៉ាតអារ៉ាប់រួម ជាដើម បន្ទាប់ពីធនាគារនានា នៅក្នុងប្រទេសទាំងនោះ ដែលទទួលរងសម្ពាធពីក្រុមនិយ័តករលោកខាងលិចកាន់តែមានការប្រុងប្រយ័ត្ន។
លោក អាណាតូលី អាក់សាកូវ (Anatoly Aksakov) ប្រធានសភាជាន់ទាបរបស់រុស្ស៊ី បានថ្លែងទៅកាន់ក្រុមសមាជិកសភារុស្ស៊ីថា ការអនុម័តច្បាប់នេះ គឺជាសេចក្ដីសម្រេចដ៏សំខាន់ជាប្រវត្តិសាស្ត្រនៅក្នុងវិស័យហិរញ្ញវត្ថុ។ ក្រោមច្បាប់ថ្មីនេះ ធនាគារកណ្តាលរុស្ស៊ី នឹងបង្កើតហេដ្ឋារចនាសម្ព័ន្ធ ពិសោធន៍ថ្មីមួយ សម្រាប់ការទូទាត់ជារូបិយប័ណ្ណឌីជីថល។
ធនាគារកណ្តាលរុស្ស៊ី បាននិយាយថា ការពន្យារពេលក្នុងការទូទាត់ពាណិជ្ជកម្មអន្តរជាតិ បានក្លាយជាបញ្ហាប្រឈមដ៏ធំសម្រាប់សេដ្ឋកិច្ចរុស្ស៊ី ដែលនាំឱ្យការនាំចូលរបស់រុស្ស៊ី ធ្លាក់ចុះ៨%នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤៕
ដោយ: តែម សុខុម