តុលាការដែលមានមូលដ្ឋាននៅប្រទេសលុចហ្សំបួរ តាមសេចក្តីរាយការណ៍បានទទួលការទាមទារពីក្រុមហ៊ុនចំនួនមួយ និងបុគ្គលចំនួន ៦១ នាក់មកពីប្រទេសរុស្ស៊ី និងបេឡារុស្ស ដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅរបស់សហភាពអឺរ៉ុបជុំវិញការចោទប្រកាន់ពួកគេ ចំពោះការចូលដៃចូលជើងក្នុងអ្វីដែលទីក្រុងម៉ូស្គូហៅថា ប្រតិបត្តិការយោធាពិសេស តែពិភពលោកចាត់ទុកថាជាចូលឈ្លានពានប្រទេសអ៊ុយក្រែនោះ។
មែនទែនទៅ ពួកអ្នកជំនួញគ្រាក់ៗទាំងនោះមើលឃើញថា ការបង្កកទ្រព្យសម្បត្តិ និងទណ្ឌកម្មផ្សេងទៀតដោយអាជ្ញាធរសហភាពអឺរ៉ុប គឺជាការរំលោភសិទ្ធិរបស់ពួកគេទាំងស្រុង។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់បានឱ្យដឹងថា ដើមបណ្តឹងនៅក្នុងប្រទេសលុចហ្សំបូរួមានមហាសេដ្ឋីរុស្ស៊ី និងជាអតីតម្ចាស់ក្លឹបបាល់ទាត់អង់គ្លេស Chelsea លោក Roman Abramovich ម្ចាស់ក្រុមហ៊ុន ESN Group លោក Grigory Berezkin និងលោក Gennady Timchenko ជាម្ចាស់ក្រុមហ៊ុន Volga Group ដែលជាក្រុមហ៊ុនថាមពល ដឹកជញ្ជូន និងសំណង់មានមូលដ្ឋាននៅប្រទេសរុស្ស៊ី។ ក្នុងនោះ ក៏មានដែរសហស្ថាបនិកក្រុមហ៊ុន Alfa Group លោក Mikhail Fridman និងលោក Alisher Usmanov ដែលជាម្ចាស់ក្រុមហ៊ុនផលិតរ៉ែដែកដ៏ធំបំផុតរបស់ប្រទេសរុស្ស៊ី ក៏ស្ថិតក្នុងចំណោមបណ្តឹងទាំងនោះផងដែរ។
សហភាពអឺរ៉ុបបានអនុម័តការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីក្នុងកញ្ចប់ទីប្រាំបួននោះ ក្រៅតែពីអ្នកជំនួញ ការផាកពិន័យក៏រួមមានវិធានការប្រឆាំងនឹងអ្នកកាសែត និងក្រុមហ៊ុនរុស្ស៊ីផ្សេងទៀត។
គួរជម្រាបថា កញ្ចប់ទណ្ឌកម្មទីប្រាំបួនផ្នែកហិរញ្ញវត្ថុប្រឆាំងនឹងទីក្រុងម៉ូស្គូ គឺមានគោលបំណងកំណត់ប្រាក់ចំណូលរបស់វិមានក្រឹមឡាំង ដោយការហាមឃាត់ប្រតិបត្តិការ បង្កកទ្រព្យសម្បត្តិរបស់បុគ្គល និងកាត់ផ្តាច់ប្រទេសរុស្ស៊ីចេញពីទីផ្សារអឺរ៉ុប។ វិធានការដ៏មានឥទ្ធិពលបំផុតនៃការហាមប្រាមនេះ រួមមានការដាក់ទណ្ឌកម្មស្ទើរតែទាំងស្រុងនៃការបញ្ឈប់ការនាំចូលប្រេងពីរុស្ស៊ីផងដែរ។
លើសពីនេះ ប្លុកដែលមានសមាជិកទាំង២៧ប្រទេសនេះ ក៏បានព្រមព្រៀងគ្នាកាលពីថ្ងៃសុក្រដើម្បីហាមឃាត់ការនាំចេញគ្រឿងបន្លាស់យន្តហោះគ្មានមនុស្សបើកទៅកាន់ប្រទេសរុស្ស៊ី និងប្រទេសផ្សេងទៀតដូចជាអ៊ីរ៉ង់ ដែលត្រូវបានបណ្តាប្រទេសអឺរ៉ុបចោទប្រកាន់ថា បានផ្គត់ផ្គង់វាឱ្យទីក្រុងម៉ូស្គូសម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ១៦ខែធ្នូ សហភាពអឺរ៉ុបបានចុះក្នុងបញ្ជីខ្មៅបុគ្គលរុស្ស៊ីចំនួន ១៤១ នាក់ និងនីតិបុគ្គលចំនួន ៤៩រួមទាំងរដ្ឋមន្ត្រី អភិបាលខេត្ត ចៅក្រម សមាជិកសភា អ្នកចម្រៀង និងពិធីករ ព្រមទាំងគណបក្សនយោបាយចំនួនប្រាំទៀត។ វិធានការចុងក្រោយនេះក៏បានដកហូតអាជ្ញាបណ្ណប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីចំនួនបួនបន្ថែមទៀត ដែលស្ថិតនៅក្នុងសហភាពអឺរ៉ុប ការហាមឃាត់ការនាំចេញមួយចំនួន និងបានពង្រីកការរឹតបន្តឹងលើធនាគារចំនួនបីទៀតថែមទៀតផង៕