ហើយកងទ័ពឈ្លានពានរុស្ស៉ី ក៏បានបំផ្ទុះបំពង់ឧស្ម័នធម្មជាតិមួយរបស់អ៊ុយក្រែន នៅក្នុងទីក្រុង ខាងកៀវនោះដែរ ។ អាជ្ញាធរបានជំរុញពលរដ្ឋឱ្យស្នាក់នៅក្នុងជម្រកមានសុវត្ថិភាព និងកុំធ្វើដំណើរទៅណាមកណា។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
នៅចំពោះមុខការវាយប្រហារឥតឈប់ឈរសំដៅមកកាន់ទីក្រុងសំខាន់ៗរបស់អ៊ុយក្រែន ពីកងទ័ពរុស្ស៊ី ប្រធានាធិបតី ហ្សេលេនស្គី បានអំពាវនាវនៅលើបណ្តាញសង្គមរបស់លោកដោយអំពាវនាវអញ្ជើញ មនុស្សគ្រប់គ្នាមិនថា ជនជាតិអ៊ុយក្រែន ឬជនបរទេសនោះទេ ឲ្យគៀកស្មាគ្នាជាមួយទាហានអ៊ុយក្រែន ដើម្បីជួយប្រយុទ្ធទប់ទល់នឹងទាហានឈ្លានពានរុស្ស៊ី។
សារដែលបានបង្ហោះឡើងដោយលោក ហ្សេលេនស្គីបានសរសេរថា៖ ខ្ញុំ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky សូមថ្លែងទៅកាន់ពលរដ្ឋទាំងអស់នៃពិភពលោក និងមិត្តរបស់អ៊ុយក្រែនអ្នកណាដែលចង់ចូលរួមការពារអ៊ុយក្រែន អឺរ៉ុបខាងកើត និងពិភពលោកទាំងមូល សូមមកប្រយុទ្ធជាមួយអ៊ុយក្រែនប្រឆាំងនឹងឧក្រិដ្ឋជនសង្គ្រាមរុស្ស៊ី។
លោកបន្តថា សូម្បីតែពលរដ្ឋបរទេសក៏ត្រូវបានអនុញ្ញាតដោយស្របច្បាប់ក្នុងការកាន់អាវុធចូលរួមការពារអ៊ុយក្រែនដែរ។
គួរជម្រាបថា ការវាយប្រហារ បាញ់ផ្លោងរបស់រុស្ស៊ីមកលើទីក្រុងធំៗរបស់អ៊ុយក្រែននៅតែបន្តមាន ពិសេសគឺរដ្ឋធានីកៀវដែលជាគោលដៅធំចុងក្រោយ។ បម្រាមគោចរយ៉ាងតឹងរ៉ឹងនៅតែមានក្នុងរដ្ឋធានីមួយនេះ អ្នកដែលអាចចរាចរនៅតាមដងផ្លូវក្នុងទីក្រុងបានគឺមានតែ ប៉ូលីស យោធា និងអ្នកស្ម័គ្រចិត្តប្រដាប់អាវុធប៉ុណ្ណោះ។ មនុស្សរាប់ពាន់នាក់នៅទូទាំងទីក្រុងបានទៅជ្រកកោននៅក្នុងចំណត ស្ថានីយ៍រថភ្លើងក្រោមដី ដើម្បីធានាសុវត្ថិភាពពីគ្រាប់រ៉ុកកែត។
គិតត្រឹមពេលនេះ មិនមានកងទ័ពប្រទេសដទៃចូលទៅជួយអន្តរាគមន៍នោះទេ ក្រៅតែពីកងទ័ពអ៊ុយក្រែន និងប្រជាជនស្ម័គ្រចិត្តកាន់អាវុធទប់ទល់រុស្ស៊ីតែឯងប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ កាលពីថ្ងៃអាទិត្យ អាល្លឺម៉ង់ដែលជាបងធំមួយនៅអឺរ៉ុបបាន ប្រកាសផ្តល់ជំនួយដោយបញ្ជូនសព្វាវុធឱ្យអ៊ុយក្រែន ដើម្បីទប់ទល់កងទ័ពរុស្ស៊ីដែរ។ អាល្លឺម៉ង់ ប្រកាសបញ្ជូនអាវុធឱ្យអ៊ុយក្រែន រួមមានអាវុធប្រឆាំងរថក្រោះ ១ពាន់ដើម មីស៊ីលស្ទីងជឺ (Stinger Missile) ៥០០គ្រឿង និង រ៉ូកែតប្រឆាំងរថក្រោះ៤០០គ្រាប់។
ដោយឡែក នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) បាននិយាយដែរថា ប្រទេសរបស់លោកនឹងធ្វើការជាមួយបណ្ដា ប្រទេសជាសមាជិក NATO ដើម្បីផ្គត់ផ្គង់អាវុធឱ្យអ៊ុយក្រែន។ គួរបញ្ជាក់ថា ក្រៅតែពីអូស្ត្រាលី អាល្លឺម៉ង់ បណ្ដាប្រទេសជាច្រើនទៀតដូចជា បារាំង និងសហរដ្ឋអាមេរិក ក៏កំពុងផ្ដល់ជំនួយយោធា ដល់អ៊ុយក្រែនផងដែរ ដែលកំពុងទប់ទល់តែម្នាក់ឯងនឹងការវាយលុកពីសំណាក់កងទ័ពរុស្ស៊ី។
បន្ថែមពីលើនេះ អាល្លឺម៉ង់ក៏បានបិទដែនអាកាសមិនឱ្យយន្ដហោះ រុស្ស៊ីធ្វើចរាចរផងដែរ។ មែនទែនទៅ មិនមែនមានតែអាល្លឺម៉ង់នោះទេ ដែលបិទមិនឱ្យយន្ដហោះរុស្ស៊ីធ្វើចរាចរ បណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំងអស់ នឹងបិទដែនអាកាស ដោយមិនអនុញ្ញាតឱ្យយន្ដហោះក្រុមហ៊ុនអាកាសចរណ៍រុស្ស៉ី ហោះចូល ឬចុះចតនៅព្រលានយន្តហោះរបស់ពួកគេឡើយ។ នេះបើតាមចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី TASS។
ប្រធានាធិបតីអ៊ុយក្រែន បានយល់ព្រមថានឹងចូលចរចាជាមួយរុស្ស៊ីវិញហើយ ដែលជំនួបនេះ គ្រោងនឹងធ្វើឡើងនៅនុងតំបន់ Gomel ដែលនៅជិតព្រំដែនទាំងរុស្ស៊ី និងអ៊ុយក្រែន។ មុននឹងយល់ព្រមលើការចរចានេះ ប្រធានាធិបតីអ៊ុយក្រែន ក៏បានទាល់ចោលសំណើរចរចាជាមួយប្រតិភូរុស្ស៊ីម្ដងរួចហើយដែរ ដែលកាលនោះ បានគ្រោងធ្វើឡើងនៅប្រទេសបេឡារុស។
អ៊ុយក្រែនទាត់ចោល ក៏ដោយសារតែអ៊ុយក្រែនចោទថា ប្រទេសបេឡារុស កំពុងរួមដៃជាមួយរុស្ស៊ីក្នុងការឈ្លានពានខ្លួន។
សូមជម្រាបថា របាយការណ៍ផ្លូវការពីអង្គការសហប្រជាជាតិឲ្យដឹងកាលពីចុងសប្តាហ៍បង្ហាញថា យ៉ាងហោចណាស់មានជនស៊ីវិលអ៊ុយក្រែន ៦៤នាក់ត្រូវបានសម្លាប់ ប៉ុន្តែតួលេខពិតប្រាកដគឺមានខ្ពស់ជាងនេះ ដោយសារតែរបាយការណ៍ជាច្រើននៃជនរងគ្រោះនៅមិនទាន់អាចបញ្ជាក់បាននៅឡើយ។ ដោយឡែកបើតាម រដ្ឋមន្ត្រីសុខាភិបាលអ៊ុយក្រែន លោក Viktor Liashko បាននិយាយមាន ជនជាតិអ៊ុយក្រែន ១៩៨នាក់ រួមទាំងកុមារ ៣នាក់ ត្រូវបានសម្លាប់។
របាយការណ៍ UN បានគូសបញ្ជាក់ដែរថា តាំងពីមានសង្គ្រាមឈ្លានពានពីសំណាក់រុស្ស៊ីទៅលើអ៊ុយក្រែនបានចាប់ផ្ដើមមក មានប្រជាជន ១៦ម៉ឺននាក់ហើយបានចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយក្នុងនោះ មានជាង ១១ម៉ឺន ៦ពាន់នាក់ បានភៀសខ្លួនទៅកាន់ប្រទេសជិតខាងអ៊ុយក្រែន៕