បញ្ហាស្បៀងអាហារសកល ហាក់មានពន្លឺបន្តិចហើយក្រោយពីមានកិច្ចព្រមព្រៀង រវាងរុស្ស៊ី អ៊ុយក្រែន និងភាគីពាក់ព័ន្ធដូចជាតួគី រួមទាំងអង្គការសហប្រជាជាតិ ដែលនឹងបើកផ្លូវឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនជាង២០លានតោនឡើងវិញ។ ទោះបីរងការវាយប្រហារដោយមីស៊ីលពីរុស្ស៊ីកាលពីប៉ុន្មានថ្ងៃមុនក៏ដោយ តែគេរំពឹងថា ស្បៀងរបស់អ៊ុយក្រែននឹងនៅតែអាចនាំចេញបានតាមគម្រោង នៅប៉ុន្មានថ្ងៃខាងមុខក្នុងសប្តាហ៍នេះ។
ខណៈបញ្ហាស្បៀងត្រូវបានដោះស្រាយបានមួយអន្លើនោះ បញ្ហាថាមពលសកលនៅតែជាកង្វល់ និងមិនទាន់ដោះស្រាយបានដដែល ខណៈតម្លៃដែលចេះតែកើនឡើង បានធ្វើឱ្យពលរដ្ឋក្រីក្ររាប់លាននាក់ប្រឈមមុខនឹងភាពអត់ឃ្លាន ដូចមានគំរូជាក់ស្តែង ក្នុងប្រទេសស្រីលង្កា។ នេះកំពុងសបញ្ជាក់ថា ជម្លោះដ៏ធំបំផុតនៅអឺរ៉ុបមិនធ្លាប់មានចាប់តាំងពីក្រោយសង្គ្រាមលោកលើកទី២នោះ បានប៉ះពាល់យ៉ាងខ្លាំងទៅជុំវិញពិភពលោក។
ស្របពេលដែលបញ្ហាថាមពលសកល មិនទាន់មានសញ្ញាវិជ្ជមាន ក្រុមហ៊ុនថាមពលយក្សរុស្ស៊ី Gazprom បានប្រកាសកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះថា លំហូរឧស្ម័នទៅកាន់ប្រទេសអាល្លឺម៉ង់តាមរយៈបំពង់បង្ហូរប្រេង Nord Stream ទី១ នឹងធ្លាក់មកត្រឹម ៣៣លានម៉ែត្រគូបប៉ុណ្ណោះក្នុងមួយថ្ងៃ រាប់ចាប់ពីថ្ងៃពុធសប្តាហ៍នេះតទៅ។
ចំនួននេះគឺបានកាត់បន្ថយពាក់កណ្តាលនៃការបង្ហូរឧស្ម័ននាពេលកន្លងមក ខណៈដែលក្រោយពីមានសង្គ្រាមនៅអ៊ុយក្រែន ការបង្ហូរឧស្ម័នពីរុស្ស៊ីទៅអឺរ៉ុបត្រូវបានកាត់បន្ថយអស់៦០%ម្តងរួចទៅហើយ។ គួរជម្រាបថា តំបន់អឺរ៉ុបនាំចូលឧស្ម័នប្រមាណ៣០% នៃតម្រូវការប្រើប្រាស់សរុបពីប្រទេសរុស្ស៊ី ចំណែកឯប្រេងវិញអឺរ៉ុបនាំចូលដល់ទៅ៤០%នៃតម្រូវការប្រើប្រាស់។
វិមានក្រឹមឡាំងអះអាងថា ការកាត់បន្ថយការបង្ហូរឧស្ម័ននេះ គឺដោយសារតែបញ្ហាបច្ចេកទេសថែទាំបំពង់បង្ហូរ និងមួយផ្នែកដោយសារតែការដាក់ទណ្ឌកម្មរបស់លោកខាងលិច។ យ៉ាងណាមិញ លោកខាងលិចបានចោទប្រកាន់រុស្ស៊ីថា មានចេតនាធ្វើឱ្យរង្គោះរង្គើដល់វិស័យថាមពលអឺរ៉ុប។ ភាគីអាល្លឺម៉ង់បានអះអាងថា ពួកគេមិនបានរកឃើញបញ្ហាបច្ចេកទេសណាមួយ ដូចការអះអាងរបស់ម៉ូស្គូ ពាក់ព័ន្ធនឹងបំពង់បង្ហូរ Nord Stream ទី១នោះទេ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានព្រមានថា ពេលនេះវិមានក្រឹមឡាំងកំពុងធ្វើសង្គ្រាមឧស្ម័នដោយបើកចំហ ជាមួយនឹងអឺរ៉ុបហើយ។ ដោយឡែក អ្នកនយោបាយនៅអឺរ៉ុប បានព្រមានម្តងហើយម្តងទៀតថា រុស្ស៊ីអាចកាត់ផ្តាច់ឧស្ម័នទាំងអស់តែម្តងនៅរដូវរងាខាងមុខនេះ ដែលវាជាជំហានរុញច្រានឱ្យអាល្លឺម៉ង់ធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច និងធ្វើឱ្យអ្នកប្រើប្រាស់រងគ្រោះដោយសារអតិផរណាកើនឡើង។ យ៉ាងណាក៏ដោយ ទីក្រុងមូស្គូនិយាយថា ខ្លួនមិនដែលចាប់អារម្មណ៍រឿងបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នទាំងស្រុងទៅកាន់អឺរ៉ុបនោះទេ៕