ចិនបញ្ជូនកងទ័ព និងរថក្រោះទៅរុស្ស៊ីមុនការប្រកួតកីឡាយោធា

ចិនបញ្ជូនកងទ័ពនិងរថក្រោះទៅរុស្ស៊ីដើម្បីចូលរួមប្រកួតកីឡាកងទ័ពនៅខែក្រោយ


កងទ័ពរំដោះប្រជាជនចិនបានបញ្ជូនគណៈប្រតិភូមួយក្រុមទៅកាន់ប្រទេសរុស្ស៊ី ដើម្បីចូលរួមក្នុងការប្រកួតកីឡាកងទ័ពអន្តរជាតិ (International Army Games) នៅទីក្រុងមូស្គូនៅខែក្រោយ ហើយវាជាព្រឹត្តិការណ៍លើកដំបូង ដែលត្រូវបានរៀបចំឡើង ចាប់តាំងពីប្រទេសរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនមក។ នេះបើតាមចុះផ្សាយដោយសារព័ត៌មាន South China Morning Post។
ចិនបញ្ជូនកងទ័ពនិងរថក្រោះទៅរុស្ស៊ីដើម្បីចូលរួមប្រកួតកីឡាកងទ័ពនៅខែក្រោយ

បើតាមប៉ុស្តិ៍ទូរទស្សន៍រដ្ឋ CCTV របស់ចិនបានរាយការណ៍កាលពីថ្ងៃចន្ទនេះថា មានរថភ្លើងយោធា រថក្រោះ និងរថពាសដែកជាច្រើនបានដឹកចាកចេញពីទីក្រុងម៉ានហ្សូលី (Manzhouli) នៃតំបន់ម៉ុងហ្គោលីភាគកណ្ដាល ភាគខាងជើងនៃប្រទេសចិន ឆ្ពោះទៅកាន់ទីក្រុងហ្សាបៃកាលស៍ (Zabaikalsk) ក្នុងតំបន់ភាគខាងកើតនៃប្រទេសរុស្ស៊ី ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមលើរឿងនេះទេ។

ក្នុងព្រឹត្តិការណ៍កីឡាកងទ័ពអន្តរជាតិនេះ ភាគីចិនត្រូវបានគេរំពឹងថា នឹងប្រកួតជាមួយសមភាគីមកពី៣៧ប្រទេស និងតំបន់ផ្សេងទៀត ដែលជាសមយុទ្ធយោធាពហុជាតិដ៏ធំបំផុត ដែលរៀបចំឡើងដោយប្រទេសរុស្ស៊ី។ ព្រឹត្តិការកីឡាកងទ័ពអន្តរជាតិនេះ នឹងប្រព្រឹត្តទៅចន្លោះពីថ្ងៃទី១៣ ដល់ថ្ងៃទី ២៧ ខែសីហា នៅទូទាំង ១២ ប្រទេស រួមមាន រុស្ស៊ី អ៊ីរ៉ង់ ឥណ្ឌា កាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន អាស៊ែបៃហ្សង់ និងអាមេនីជាដើម។

គួរជម្រាបថា កីឡាកងទ័ពអន្តរជាតិនេះត្រូវរៀបចំឡើងជាលើកដំបូងនៅក្នុងឆ្នាំ ២០១៥ ហើយការប្រារព្ធឡើងលើកនេះ គឺចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងរុស្ស៊ី និងលោកខាងលិច បន្ទាប់ពីទីក្រុងម៉ូស្គូបានវាយប្រហារឈ្លានពានចូលអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ។

បើតាមវិទ្យាស្ថានស្រាវជ្រាវសេរីភាព និងស្ថេរភាពសង្គម ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កីឡាកងទ័ពអន្តរជាតិនេះ «វាជាយុទ្ធសាស្រ្តមួយ របស់ប្រទេសចិន រុស្ស៊ី អ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡាក្នុងការយកល្បែងនេះជាលេស ដើម្បីដាក់ពង្រាយ ព្រមទាំងរៀបចំសព្វាវុធយោធាផ្សេងៗនៅក្នុងទ្វីបអាមេរិកខាងត្បួង និងសមុទ្រការ៉ាប៊ីន ក្បែររបងផ្ទះអាមេរិក»។

ទន្ទឹមនឹងនេះ បើយោងតាមក្រសួងការពារជាតិរុស្ស៊ី ប្រទេសនីហ្សេរីយ៉ា និងប្រទេសរ៉ូវ៉ាន់ដា នឹងក្លាយជាប្រទេសអាហ្វ្រិកដំបូងគេ ដែលបង្ហាញខ្លួនជាលើកដំបូងនៅក្នុងការប្រកួតកីឡាកងទ័ពនេះដែរ។

ប្រទេសចិនគឺជាអ្នកចូលរួមជាទៀងទាត់ចាប់តាំងពីឆ្នាំ ២០១៥មក ហើយការប្រកួតនៅឆ្នាំនេះ ចិនក៏នឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតរថពាសដែក និងការប្រណាំងនាវាចម្បាំងផងដែរ។

ក្នុងនោះដែរ ទីក្រុងប៉េកាំង និងទីក្រុងមូស្គូបាននិយាយរួមគ្នាថា កិច្ចសហប្រតិបត្តិការយោធារបស់ពួកគេទាំងពីរមិនសំដៅទៅលើប្រទេសទីបីណាមួយនោះទេ ខណៈដែលកីឡាប្រកួតនេះបានជំរុញឱ្យមានការសង្ស័យកាន់តែខ្លាំងឡើងពីសំណាក់ប្រទេសលោកខាងលិច ចំពោះការប៉ុនប៉ងរបស់ប្រទេសរុស្ស៊ី និងចិន។

ទោះយ៉ាងណា កីឡាកងទ័ពអន្តរជាតិនេះ ត្រូវរៀបចំដោយក្រសួងការពារជាតិរបស់រុស្ស៊ី ដោយប្រមូលផ្តុំកងទ័ពមកពីប្រទេសជាច្រើនក្នុងពិភពលោកជារៀងរាល់ឆ្នាំ ដែលវាមានគោលដៅក្នុងការពង្រឹងជំនាញប្រតិបត្តិការប្រយុទ្ធគ្រប់ទម្រង់របស់កងទ័ពនៃប្រទេសនីមួយតែប៉ុណ្ណោះ។

ទោះបីជាបែបនេះក្តី កីឡាយោធានេះត្រូវបានគេមើលឃើញថា ត្រូវបានរៀបចំធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងការកៀរគរសម្ព័ន្ធមិត្តដោយសហរដ្ឋអាមេរិក ក៏ដូចជាការពង្រីកសមាជិកភាពរបស់អង្គការណាតូផងដែរ ស្របពេលដែលថ្មីៗនេះ អង្គការណាតូ ក៏មានការប្រកាសអំពីការធ្វើសមយុទ្ធរួមគ្នាខ្នាតធំមួយរយៈពេល ១៣ ថ្ងៃនៅសមុទ្របាល់ទិក និងការចូលជាសមាជិកភាពអង្គការណាតូថ្មីពីសំណាក់ប្រទេសហ្វាំងឡង់ និងស៊ុយអែតជាដើម៕




អត្ថបទបន្ទាប់


រុស្ស៊ីកាត់បន្ថយការបង្ហូរឧស្ម័នឱ្យអឺរ៉ុបជាថ្មី កំពុងធ្វើឲ្យរលាយអស់ក្តីសង្ឃឹមស្តារស្ថានការណ៍សេដ្ឋកិច្ចឡើងវិញ

ព័ត៌មាន
ពិភពលោកទាំងមូល ពិសេសប្រទេសនៅតំបន់អឺរ៉ុបសុទ្ធតែបានសាទរ និងសង្ឃឹមថាស្ថានការណ៍ស្បៀងអាហារនិងសេដ្ឋកិច្ចអាចប្រសើរឡើងបន្តិច ក្រោយពីអ៊ុយក្រែនអា…

ថៃសម្រេចបានកិច្ចចរចាជាមួយចិន លើការដកបម្រាមនាំចូលផលិតផលកសិកម្មបន្ថែមទៅទីផ្សារចិន

ព័ត៌មាន
រដ្ឋាភិបាលថៃបានប្រកាសថា ខ្លួនបានបញ្ចប់ការចរចារដោយជោគជ័យក្នុងការដកបម្រាមលើផលិតផលកសិកម្មមួយចំនួនបន្ថែមទៀត ក្នុងការនាំចូលទៅក្នុងទីផ្សារប្រទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ