រូបិយប័ណ្ណឌីជីថល

រុស្សី កំពុងប្រើប្រាស់រូបិយប័ណ្ណឌីជីថល Bitcoin សម្រាប់ទូទាត់ពាណិជ្ជកម្មអន្តរជាតិ ដើម្បីគេចពីទណ្ឌកម្ម


រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ី លោក អែនតុន ស៊ីលូអាណូវ (Anton Siluanov) បានទម្លាយឱ្យដឹងកាលពីថ្ងៃទី២៥ ខែធ្នូ ថា បណ្ដាក្រុមហ៊ុនរុស្ស៊ី ចាប់ផ្តើមប្រើប្រាស់រូបិយប័ណ្ណឌីជីថលធំបំផុតរបស់ពិភពលោក Bitcoin និងរូបិយប័ណ្ណឌីជីថលផ្សេងៗទៀតនៅក្នុងការទូទាត់ពាណិជ្ជកម្មអន្តរជាតិ ដើម្បីគេចទណ្ឌកម្មរបស់លោកខាងលិច បន្ទាប់ពីប្រទេសរុស្ស៊ី ត្រូវបានកាត់ចេញពីប្រព័ន្ធទូទាត់អន្តរជាតិ SWIFT ដោយសារការចូលឈ្លានពានប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
រូបិយប័ណ្ណឌីជីថល
ដោយ

ទណ្ឌកម្មជុំទិសដាក់ដោយលោកខាងលិច រួមទាំងការកាត់ផ្ដាច់ប្រទេសរុស្ស៊ីចេញពីប្រព័ន្ធទូទាត់អន្តរជាតិ SWIFT ផង បានធ្វើឱ្យការធ្វើពាណិជ្ជកម្មរបស់រុស្ស៊ីជាមួយបណ្ដាប្រទេសដៃជាគូធំៗដូចជាប្រទេសតួកគី និងមហាយក្សចិនជាដើម ជួបការលំបាក និងស្មុគស្មាញយ៉ាងខ្លាំង ដោយសារតែបណ្ដាធនាគារក្នុងស្រុកមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រតិបត្តិការទូទាត់ណាដែលទាក់ទងនឹងប្រទេសរុស្ស៊ី ដើម្បីជៀសវាងការត្រួតពិនិត្យ និងចាប់បានដោយនិយ័តករលោកខាងលិច។

នៅឆ្នាំ២០២៤ នេះ ប្រទេសរុស្ស៊ី បានអនុញ្ញាតឱ្យប្រើប្រាស់រូបិយប័ណ្ណឌីជីថល ឬគ្រីបតូ រួមទាំងរូបិយប័ណ្ណឌីជីថលធំបំផុតរបស់ពិភពលោក Bitcoin ផងដែរ ដោយស្របច្បាប់សម្រាប់ការទូទាត់ពាណិជ្ជកម្មអន្តរជាតិ ខណៈដែលប្រទេសរុស្ស៊ី គឺជាអ្នកនាំមុខគេមួយនៅទូទាំងពិភពលោកផ្នែក Bitcoin Mining។ សូមបញ្ជាក់ថា Bitcoin Mining គឺជាដំណើរការនៃការបង្កើតរូបិយប័ណ្ណឌីជីថល Bitcoin ថ្មីៗ និងការពិនិត្យផ្ទៀងផ្ទាត់បញ្ជាក់ប្រតិបត្តិការទូទាត់នៅលើបណ្ដាញ Bitcoin។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ី លោក អែនតុន ស៊ីលូអាណូវ (Anton Siluanov) បានថ្លែងប្រាប់ស្ថានីយទូរទស្សន៍រុស្ស៊ី Russia 24 ថា ពេលនេះប្រទេសរុស្ស៊ី កំពុងប្រើប្រាស់ Bitcoin ដែលត្រូវបានបង្កើតឡើង និងផ្ទៀងផ្ទាត់បញ្ជាក់នៅក្នុងស្រុកសម្រាប់ការទូទាត់ពាណិជ្ជកម្មអន្តរជាតិ។ លោកបានបញ្ជាក់ថា ប្រតិបត្តិការទូទាត់បែបនេះកំពុងកើតឡើងរួចទៅហើយ ហើយលោករំពឹងថា ប្រតិបត្តិការទូទាត់បែបនេះនឹងកើនឡើងបន្ថែមទៀតនៅឆ្នាំ២០២៥ ខាងមុខ។

ទោះជាយ៉ាងណា យោងតាមប្រភពផ្លូវការធំៗជាច្រើនរួមទាំងស្ថាប័នក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ានផង បានបង្ហាញថា បច្ចុប្បន្នប្រទេសភាគច្រើននៅក្នុងពិភពលោកជាពិសេសនៅអាស៊ាន រួមទាំងកម្ពុជា ផងដែរនោះ គឺនៅមិនទាន់អនុញ្ញាតឱ្យមានការប្រើប្រាស់រូបិយប័ណ្ណឌីជីលសម្រាប់ការទូទាត់ពាណិជ្ជកម្មនៅឡើយទេ ព្រោះវាប្រឈមនឹងហានិភ័យខ្ពស់៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អង្គការសហប្រជាជាតិ អះអាងថា មីយ៉ាន់ម៉ានៅតែជាតំបន់ផលិតអាភៀនធំបំផុតនៅលើពិភពលោកនៅឆ្នាំ២០២៤ នេះ

ការិយាល័យទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម នៃអង្គការសហប្រជាជាតិ បានអះអាងថា រដ្ឋសាន (Shan) របស់មីយ៉ាន់ម៉ា នៅតែជារដ្ឋផលិតអាភៀននាំមុខគេ…

តើមានកត្តាចម្បងអ្វីធ្វើឱ្យតម្លៃផ្ទះជួលនៅចិនធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មានក្នុងពេល៤ឆ្នាំមកនេះ?

តម្លៃផ្ទះជួលជាមធ្យមនៅក្នុងទីក្រុងរាប់រយទូទាំងប្រទេសចិន បានធ្លាក់ចុះខ្លាំងដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ កាលពីអំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ