មានសញ្ញាមួយចំនួនបង្ហាញថា ការអះអាងរបស់លោក ផេស្កូវ នេះអាចជាការត្រឹមត្រូវមែនហើយដោយសារតែសេដ្ឋកិច្ចរុស្ស៊ីកំពុងមានការកើនឡើងលើសពីការរំពឹងទុក ស្របពេលដែលសង្រ្គាមនៅប្រទេសអ៊ុយក្រែន នៅតែបន្តកើតឡើងនៅឡើយ។ ជាក់ស្ដែងកាលពីខែតុលា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានរំពឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់រុស្ស៊ីនឹងកើនឡើងជាង២%នៅឆ្នាំនេះ ពោលគឺបានកើនឡើងពីគោលដៅកំណត់ពីលើកមុនថា មានអត្រា១.៥%។
មូលនិធិ IMF បានបង្ហាញកត្តាមួយដែលជួយជំរុញកំណើនសេដ្ឋកិច្ចរបស់រុស្ស៊ី នោះគឺ«កញ្ចប់បង្កើនសារពើពន្ធដ៏ច្រើនសន្ធឹកសន្ធាប់»។ ទីក្រុងម៉ូស្គូ បានសន្យាថា នឹងចំណាយប្រាក់ចំនួន១៦០ពាន់លានដុល្លារ លើវិស័យយោធារបស់ខ្លួននៅឆ្នាំនេះ ហើយបាននិយាយកាលពីខែកញ្ញាថា ខ្លួននឹងបង្កើនមួយភាគបួនថែមទៀតក្នុងឆ្នាំ២០២៤។
ប្រទេសរុស្ស៊ី ក៏មានទ្រព្យសម្បត្តិកាន់តែច្រើនឡើងដែរ បើទោះជាកំពុងធ្វើសង្រ្គាមជាមួយនឹងអ៊ុយក្រែនក៏ដោយ។
នេះបើតាមរបាយការណ៍ស្ដីពីទ្រព្យសម្បត្តិសកលរបស់ធនាគារ UBS របស់ប្រទេសស្វីស។ ធនាគារនេះបានរកឃើញថា រុស្ស៊ីបានបន្ថែមទ្រព្យសម្បត្តិសរុបចំនួន៦០០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ ខណៈដែលចំនួនមហាសេដ្ឋីរុស្ស៊ី ក៏បានកើនឡើងពី៤៨ម៉ឺននាក់ ដល់៥៦ម៉ឺននាក់ផងដែរ បើទោះជាមានការដាក់ទណ្ឌកម្មជាច្រើនទៅលើបុគ្គលអ្នកមានទ្រព្យសម្បត្តិច្រើនក៏ដោយ។
ទោះជាយ៉ាងណាក៏ដោយ តួលេខដ៏ច្រើនបំផុតដែលរៀបរាប់ខាងលើនេះមិនមែនមានន័យថា ទណ្ឌកម្មរបស់បស្ចិមលោកគ្មានប្រសិទ្ធផលនោះទេ ឬក៏មានន័យថា សេដ្ឋកិច្ចរបស់រុស្ស៊ីកំពុងដំណើរការជាធម្មតានោះដែរ។
បស្ចិមលោកបានប្រឹងប្រែងបិទខ្ទប់ប្រាក់ចំណូលប្រេង និងឧស្ម័នរបស់ទីក្រុងមូស្គូ ក្នុងបំណងធ្វើឱ្យខូចក្បាលម៉ាស៊ីនសង្រ្គាមរបស់លោក ពូទីន ហើយវាត្រូវបានឆ្លុះបញ្ចាំងនៅក្នុងគណនីចរន្តរបស់រុស្ស៊ី ដែលជាអ្នកវាស់វែងរំហូរសាច់ប្រាក់សម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ។
អតិរេកគណនីចរន្តរបស់រុស្ស៊ីបានធ្លាក់ចុះជិត៨០% នៅក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៣ បើធៀបនឹងឆ្នាំមុនគឺធ្លាក់មកនៅត្រឹម៤១ពាន់លានដុល្លារ ហើយប្រាក់ចំណូលរបស់រុស្ស៊ីបានមកពីថាមពលបានធ្លាក់ចុះ៤១% បើធៀបនឹងឆ្នាំមុន គឺមកនៅត្រឹមតែ២៥ពាន់លានដុល្លារក្នុងពេល៧ខែគិតត្រឹមខែកក្កដា។
ទន្ទឹមនឹងនេះដែរ ការធ្លាក់ចុះតម្លៃប្រាក់រូប្លរបស់រុស្ស៊ី គឺជាសញ្ញាមួយទៀតបង្ហាញពីភាពទន់ខ្សោយសេដ្ឋកិច្ច។ ប្រាក់រូប្លបានធ្លាក់ចុះ១០% បើធៀបនឹងប្រាក់ដុល្លារអាម៉េរិក ចាប់តាំងពីការលុកលុយរបស់លោក វ្ល៉ាឌីមៀ ពូទីន ទៅលើអ៊ុយក្រែន បើទោះជាធនាគារកណ្ដាលរុស្ស៊ីបានដំឡើងអត្រាការប្រាក់ម្តងហើយម្តងទៀតក្នុងបំណងជំរុញបង្កើនតម្លៃរូបិយប័ណ្ណមួយនេះក៏ដោយ។
សរុបមកគឺថា វាអាចជារឿងត្រឹមត្រូវដែលវិមានក្រឹមឡាំងបង្ហាញថា រុស្ស៊ីមានសុទិដ្ឋិនិយមចំពោះសេដ្ឋកិច្ចរបស់ខ្លួន ក៏ប៉ុន្តែសូមកុំជឿការអះអាងរបស់រុស្ស៊ី ដែលថាទណ្ឌកម្ម និងសង្រ្គាមដ៏ឃោរឃៅ និងបំផ្លិចបំផ្លាញគ្មានជះផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់រុស្ស៊ីឱ្យសោះ៕
អត្ថបទ៖ សុខ ជា