ការលើកឡើងបែបនេះពីភាគីរុស្ស៊ី ធ្វើឡើងស្របពេលដែលស្ថានការណ៍ស្បៀងអាហារសកលកំពុងជួបប្រទះនឹងកង្វះខាត ខណៈដែលកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែនត្រូវបានបិទចាប់តាំងពីរុស្ស៊ី បញ្ជូនទាហានរាប់សិបម៉ឺននាក់ចូលទៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៤ខែកុម្ភៈ ហើយគ្រាប់ធញ្ញជាតិ និងប្រភពស្បៀងអាហារសំខាន់ៗជាច្រើនទៀតដែលអ៊ុយក្រែនផលិតបានហើយ ត្រូវនាំចេញទៅផ្គត់ផ្គង់ជាសកល ត្រូវបានជាប់គាំង។ ប្រភពព័ត៌មានឲ្យដឹងថា មានជាង ២០លានតោននៃស្បៀងត្រូវបានជាប់គាំងនៅក្នុងកំពង់ផែអ៊ុយក្រែន។
ទាំងរុស្ស៊ី និងអ៊ុយក្រែនតំណាងឲ្យជិតមួយភាគបីនៃការផ្គត់ផ្គង់ស្រូវសាលីសកល ហើយការខ្វះខាតការនាំចេញគ្រាប់ធញ្ញជាតិសំខាន់ៗពីកំពង់ផែអ៊ុយក្រែន កំពុងរួមចំណែកធ្វើឲ្យកើតមានវិបត្តិស្បៀងអាហារពិភពលោក ដែលប្រទេសជាច្រើនកំពុងព្រួយបារម្ភ។ លើសពីនេះ អ៊ុយក្រែនក៏ជាប្រទេសនាំចេញពោត និងប្រេងផ្កាឈូករ័ត្នដ៏ធំផងដែរ។
ប្រឈមមុខនូវកង្វះខាតកាន់តែធ្ងន់ធ្ងរនេះ មហាអំណាចលោកខាងលិចបានពិភាក្សាអំពីគំនិតនៃការបង្កើត ច្រករបៀងសុវត្ថិភាព សម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែរបស់អ៊ុយក្រែន តែច្រករបៀងបែបនេះគឺត្រូវការ ការយល់ព្រមពីរុស្ស៊ី។
ជាលទ្ធផល អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Rudenko និយាយថា៖ រុស្ស៊ីបានអះអាងម្តងហើយម្តងទៀតអំពីចំណុចនេះ ថាដំណោះស្រាយចំពោះបញ្ហាស្បៀងអាហារតម្រូវឱ្យមានការព្រមព្រៀងត្រឹមត្រូវមួយ រួមមានការដកទណ្ឌកម្មដែលបានដាក់លើការនាំចេញ និងប្រតិបត្តិការហិរញ្ញវត្ថុរបស់រុស្ស៊ីសិន ទើបរុស្ស៊ីព្រមបើកឲ្យមានការនាំចេញស្បៀងពីអ៊ុយក្រែន។
លោកបន្តថា ភាគីអ៊ុយក្រែនក៏ត្រូវដោះមីនដែលខ្លួនបានបង្កប់តាមកំពង់ផែទាំងអស់ដែលកប៉ាល់ បានបោះយុថ្កាចតផងដែរ។ បើបញ្ហាទាំងនេះត្រូវបានដោះស្រាយ រុស្ស៊ីត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ផ្លូវមនុស្សធម៌ចាំបាច់សម្រាប់ការនាំស្បៀងអាហារចេញទៅ។ គួរជម្រាបថា រុស្ស៊ី និងអ៊ុយក្រែនចោទដាក់គ្នាទៅវិញទៅមកពីការដាំគ្រាប់មីនក្នុងទឹកនៅសមុទ្រខ្មៅ។
បើតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៊ី RIA ពេលនេះទីក្រុងម៉ូស្គូកំពុងទាក់ទងជាមួយអង្គការសហប្រជាជាតិលើបញ្ហាបើកច្រកកំពង់ផែនេះ។ ប៉ុន្តែបើតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ ដោយស្រង់សម្ដីតំណាងរបស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ ការពិភាក្សារវាងរុស្ស៊ី និងUN គឺផ្តោតតែទៅលើការបើកផ្លូវឲ្យដឹកជីកសិកម្មចេញពីកំពង់ផែប៉ុណ្ណោះ មិនមានពាក់ព័ន្ធនឹងការនាំគ្រាប់ធញ្ញជាតិ និងស្បៀងទាំង២០លានតោនចេញនោះទេ។
សូមជ្រាបថា សង្គ្រាមនៅអ៊ុយក្រែន កំពុងជំរុញឲ្យមានវិបត្តិស្បៀងអាហារពិភពលោកជាមួយនឹងតម្លៃគ្រាប់ធញ្ញជាតិ ប្រេងឆា ប្រេងឥន្ធនៈ និងជីកសិកម្មកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
កំពង់ផែ Odesa នៅលើសមុទ្រខ្មៅ គឺជាកំពង់ផែទឹកជ្រៅដ៏សំខាន់បំផុតរបស់អ៊ុយក្រែន ដោយឡែកនៅតំបន់សមុទ្រ Azov មានកំពង់ផែទឹករាក់មួយចំនួន។ ក្រសួងការពារជាតិរុស្ស៊ីបានអះអាងកាលពីថ្ងៃពុធថា កំពង់ផែក្នុងក្រុង Mariupol របស់អ៊ុយក្រែន ដែលបច្ចុប្បន្នត្រូវបានកាន់កាប់ដោយរុស្ស៊ី កំពុងដំណើរការជាធម្មតា បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានបញ្ចប់ការដោះមីនចេញពីទីនោះ៕