អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ពេស្កូវ (Dmitry Peskov) បានប្រាប់អ្នកយកព័ត៌មានថា “ប្រធានាធិបតី លោក វ្លាឌីមៀ ពូទីន បាននិយាយថា ដើម្បីឱ្យបរិមាណគ្រាប់ធញ្ញជាតិរបស់រុស្ស៊ីអាចចែកចាយទៅកាន់ទីផ្សារអន្តរជាតិបាន លុះត្រាតែការដាក់ទណ្ឌកម្មដោយផ្ទាល់ និងដោយប្រយោលប្រឆាំងនឹងរុស្ស៊ីត្រូវតែដកចេញជាបន្ទាន់ជាមុនសិន” ។
លោកបាននិយាយថា ទណ្ឌកម្មដែលលោកខាងលិចបានដាក់ក្នុងការឆ្លើយតបចំពោះការលុកលុយរបស់ខ្លួនទៅលើកាន់អ៊ុយក្រែននោះ កំពុងប៉ះពាល់យ៉ាងខ្លាំងដល់ការធានារ៉ាប់រងលើការដឹកជញ្ជូន ការបង់ប្រាក់ផ្សេងៗ និងការចូលទៅកាន់កំពង់ផែអឺរ៉ុបផងដែរ។
សូមជម្រាបថា ការផ្គត់ផ្គង់ស្រូវសាលីពីប្រទេសអ៊ុយក្រែន និងរុស្ស៊ីរួមគ្នាមានចំនួនជិតមួយភាគបីនៃការផ្គត់ផ្គង់ស្រូវសាលីសកលលោកទៅហើយ ខណៈដែលរុស្ស៊ីជាអ្នកនាំចេញជីកសិកម្មដ៏ធំ ហើយអ៊ុយក្រែនជាអ្នកដាំដុះ និងនាំចេញពោត និងប្រេងចម្អិនអាហារដ៏សំខាន់ផងដែរ។
រដ្ឋមន្ត្រីការបរទេសរុស្សី លោក សឺហ្គេ ឡារូហ្វ (Sergei Lavrov) បាននិយាយកាលពីថ្ងៃទី៨មិថុនាថា ភារកិច្ចគឺស្ថិតនៅលើអ៊ុយក្រែនតែប៉ុណ្ណោះ ក្នុងការដោះស្រាយបញ្ហាការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ ដោយគ្រាន់តែដោះមីន ដែលខ្លួនបានដាក់តាមមធ្យោបាយណាក៏បាន ដើម្បីឲ្យរុស្សីងាយស្រួលដឹកគ្រាប់ធញ្ញជាតិ ទៅកាន់កំពង់ផែទាំងនោះ។
មួយវិញទៀត លោក ពេស្កូវ (Dmitry Peskov) អ្នកនាំពាក្យវិមានក្រឹមឡាំង និង រដ្ឋមន្ត្រីការបរទេសរុស្សី លោក ឡារូហ្វ ថែមទាំងបានចោទប្រកាន់អ៊ុយក្រែនថា កំពុងនិយាយបផ្លើសពីចំនួនគ្រាប់ធញ្ញជាតិរបស់ខ្លួន ដ្បិតថា បើតាមអ្វីដែលរុស្ស៊ីបានដឹងនោះ គឺអ៊ុយក្រែនមានគ្រាប់ធញ្ញជាតិ ដែលបម្រុងទុកតិចតួចណាស់បើធៀបទៅនឹងទីផ្សារអន្តរជាតិ ហើយមន្ត្រីទីក្រុងមូស្គូទាំងពីរនាក់នេះ ក៏ថែមទាំងបានចោទប្រកាន់លោកខាងលិចដែរថា បានយកការណ៍នេះ ដើម្បីនិយាយបំប៉ោងព័ត៌មាន ដើម្បីលាបពណ៌ទៅលើរុស្សីថា បង្កឲ្យកើតមានមហន្តរាយនៃស្បៀងអាហារពិភពលោក។
ទោះជាយ៉ាងណា យោងតាមអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ អ៊ុយក្រែនគឺជាប្រទេសនាំចេញស្រូវសាលីធំជាងគេទី ៥ នៅលើពិភពលោក ដែលមានចំណែកទីផ្សារប្រមាណ ១០% ។
ពាក់ព័ន្ធនឹងរឿងស្បៀងអាហារនេះដែរ ប្រទេសតួគីឯណោះវិញកំពុងខ្នះខ្នែងមែនទែន ដើម្បីបន្ធូរបន្ថយវិបត្តិស្បៀងអាហារពិភពលោក ដោយចរចាលើការធានាសុវត្ថិភាពក្នុងការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ ដែលជាប់គាំងនៅក្នុងកំពង់ផែសមុទ្រខ្មៅ ក៏ប៉ុន្តែមានការខ្វែងគំនិតគ្នាមួយចំនួន ដោយអ៊ុយក្រែនបាននិយាយថា រុស្ស៊ីកំពុងដាក់លក្ខខណ្ឌមិនសមហេតុមិនសមផល។
ទោះយ៉ាងណា ក្នុងជំនួបជាមួយសមភាគីរុស្ស៊ីថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសតួគី លោក មេវលូត កាវ៉ូសូលូ (Mevlut Cavusoglu) បាននិយាយថា កិច្ចពិភាក្សាកាលពីថ្ងៃពុធសប្ដាហ៍នេះនៅទីក្រុងអង់ការ៉ាមានផ្លែផ្កាល្អ ហើយភាគីទាំងពីរយល់ស្របថា ការបើកច្រកនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនឡើងវិញ តាមច្រករបៀងសមុទ្រ គឺសមហេតុផល។
ទោះយ៉ាងណា នាយកសហជីពពាណិជ្ជករគ្រាប់ធញ្ញជាតិអ៊ុយក្រែន លោក ស៊ើរហី (Serhiy Ivashchenko) បានប្រាប់សន្និសីទអនឡាញមួយកាលពីថ្ងៃពុធថា "តួគីដែលជាអ្នកធានាសុវត្ថិភាពនៃការដឹកគ្រាប់ធញ្ញជាតិ គឺមិនមានអំណាចគ្រប់គ្រាន់នោះទេ" ។ លោកបានបន្ថែមថា វាអាចចំណាយពេលយ៉ាងហោចណាស់ពីរទៅបីខែឯណោះ ដើម្បីដោះមីនចេញពីកំពង់ផែអ៊ុយក្រែនទាំងនោះ ដើម្បីនាំចេញស្បៀងអាហារវិញបាន។
គួររំលឹកឡើងវិញថា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិធំជាងគេទី ៣ និងទី ៤ របស់ពិភពលោកនោះ បានបន្ថែមតម្លៃអតិផរណានៃម្ហូបអាហារ និងកំពុងធ្វើឱ្យការផ្គត់ផ្គង់ស្បៀងអាហារពិភពលោកប្រឈមនឹងហានិភ័យខ្ពស់ឡើង។
ប្រទេសអ៊ុយក្រែនបាននាំចេញគ្រាប់ធញ្ញជាតិរហូតដល់ ៦ លានតោនក្នុងមួយខែមុនពេលរុស្ស៊ីចាប់ផ្តើមការលុកលុយចូលអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈ៕
អត្ថបទ៖ ហ៊ុន គន្ធថៃ