អ៊ុយក្រែនសម្លឹងឃើញឱកាសនាំចេញអគ្គិសនីទៅអឺរ៉ុប

អ៊ុយក្រែនសម្លឹងឃើញឱកាសនាំចេញអគ្គិសនីទៅអឺរ៉ុប ជាមួយប្រាក់ចំណូលរាប់ពាន់លានដុល្លារ


អ៊ុយក្រែនរំពឹងថា នឹងអាចរកបានប្រាក់ចំណូលប្រមាណ ១,៦ ពាន់លានដុល្លារ ពីការនាំចេញថាមពលអគ្គិសនីទៅកាន់សហភាពអឺរ៉ុបនៅចុងឆ្នាំនេះ ហើយខ្លួនក៏បានមើលឃើញពីឱកាសទទួលបានប្រាក់ចំណូលកាន់តែច្រើននាពេលអនាគត បន្ទាប់ពីទទួលបានសិទ្ធិនាំចេញថាមពលរបស់ខ្លួននៅកាន់ប្លុកនេះផងដែរ នៅគ្រាដែលសហភាពអឺរ៉ុបនេះ កំពុងប្រឈមនឹងបញ្ហាកង្វះប្រេង និងថាមពលប្រើប្រាស់ ក្រោយពីបានប្រកាសកាត់ផ្ដាច់ការនាំចូលប្រេងរុស្ស៊ី។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
អ៊ុយក្រែនសម្លឹងឃើញឱកាសនាំចេញអគ្គិសនីទៅអឺរ៉ុប ជាមួយប្រាក់ចំណូលរាប់ពាន់លានដុល្លារ

មែនទែនទៅ ប្រតិបត្តិករប្រព័ន្ធអគ្គសនីអ៊ុនក្រែនអ៊ុក្រីននឺហ្គូ (Ukrenergo) បាននិយាយកាលពីថ្ងៃពុធថា ប្រទេសអ៊ុយក្រែនបានដាក់ពាក្យស្នើសុំតាំងពីខែមីនាមកម្ល៉េះ ដើម្បីនាំចេញការផ្គត់ផ្គង់អគ្គិសនីទៅកាន់តំបន់អឺរ៉ុបជាមួយប្រព័ន្ធថាមពលរបស់ប្លុកនេះ ហើយកន្លងមកទីក្រុងកៀវក៏បានទទូចទាមទារឱ្យសហភាពអឺរ៉ុបមានការអនុម័តលើសំណើនេះឱ្យបានឆាប់រហ័សតាមតែអាចធ្វើទៅបានផងដែរ។

ហើយនៅទីបំផុត ប្រតិបត្តិករប្រព័ន្ធអគ្គសនីអ៊ុនក្រែនបានអះអាងថា កាលពីថ្ងៃទី ៧ មិថុនាថា ខ្លួនបានទទួលសិទ្ធិនាំចេញថាមពលរបស់ខ្លួនទៅកាន់អឺរ៉ុបហើយ។

លោកស្រី Lana Zerkal ទីប្រឹក្សារដ្ឋមន្ត្រីថាមពល បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា នៅពេលដែលសហភាពអឺរ៉ុបបើកឱ្យអ៊ុយក្រែននូវឱកាស ដើម្បីចាប់ផ្តើមលំហូរពាណិជ្ជកម្ម និងរកប្រាក់ពីការនាំចេញថាមពលអគ្គិសនី វាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ៊ុយក្រែនក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ ទោះបីជាប្រទេសនេះកំពុងស្ថិតក្នុងភ្នក់ភ្លើងសង្រ្គាមក៏ដោយ។

លោកស្រី Lana Zerkal បានគូសបញ្ចាក់ថា ប្រព័ន្ធខ្សែអគ្គិសនីទាំងអស់របស់អ៊ុយក្រែន គឺត្រៀមខ្លួនជាស្រេចដើម្បីផ្គត់ផ្គង់អគ្គិសនីបន្ដទៅកាន់ប្រទេសតំបន់អឺរ៉ុបមួយចំនួនដូចជា រូម៉ានី ហុងគ្រី ស្លូវ៉ាគី និង ប៉ូឡូញជាដើម។

លោកស្រីបានបន្ថែមថា នៅចុងឆ្នាំនេះ នៅពេលដែលមានស្ថានការធម្មតាត្រឡប់មកវិញ អ៊ុយក្រែននឹងអាចរកប្រាក់ចំណូលបានប្រហែល ១,៦ ពាន់លានដុល្លារអាមេរិកពីការលក់ថាមពលអគ្គិសនីទៅឲ្យប្រទេសទាំងនេះ ខណៈនាពេលបច្ចុប្បន្ននេះក្រុមបច្ចេកទេសអ៊ុយក្រែនកំពុងតភ្ជាប់ប្រព័ន្ធអគ្គិសនីឲ្យសមស្របគ្នាជាមួយនឹងប្រព័ន្ធរបស់សហភាពអឺរ៉ុប។

គួររំឭកថា បណ្តាញអគ្គិសនីរបស់អ៊ុយក្រែន ដែលធ្លាប់ស្ថិតក្រោមសហភាពសូវៀតបានចាប់ផ្តើមផ្តាច់ខ្លួនចេញពីបណ្តាញអគ្គិសនីរបស់រុស្ស៊ី និងបេឡារុស្សចាប់តាំងពីឆ្នាំ ២០១៤  បន្ទាប់ពីប្រទេសរុស្ស៊ីបានបញ្ចូលតំបន់គ្រីមៀជាទឹកដីរបស់ខ្លួន។

យ៉ាងណាមិញ បណ្តាញអគ្គិសនីអ៊ុយក្រែនត្រូវបានកាត់ផ្តាច់ដោយស្វ័យប្រវត្តពីរុស្ស៊ីនៅក្នុងខែកុម្ភៈ នៅពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន ដែលប្រការនេះ បានធ្វើឱ្យអ៊ុយក្រែនផ្តាច់ទំនាក់ទំនងទាំងស្រុងជាមួយទីក្រុងមូស្គូលឿនជាងការគ្រោងទុក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រមុខអង្គការសហប្រជាជាតិព្រមានឥទ្ធិពលសង្គ្រាមអ៊ុយក្រែន កំពុងធ្វើឲ្យពិភពលោកជួបវិបត្តិកាន់តែអាក្រក់

ព័ត៌មាន
ប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយនៅថ្ងៃទី៨មិថុនា ថាផលវិបាកសម្រាប់ពិភពលោក ដែលបណ្តាលមកពីការលុកលុយរបស់រុស្ស៊ីលើអ៊…

វៀតណាមវិនិយោគគម្រោងវារីអគ្គិសនីនិងរ៉ែក្នុងប្រទេសឡាវជាមួយតម្លៃ៨០០លានដុល្លារ

ព័ត៌មាន
ប្រទេសវៀតណាម និងឡាវ គឺជាប្រទេសជិតខាងគ្នា ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ហើយក្នុងនោះ ប្រទេសទាំងពីរក៏ជាដៃគូវិនិយោគ និងពាណិជ្ជកម្មរវាងគ្ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ