នៅក្នុងបញ្ជីឈ្មោះ ក្រុមហ៊ុនដែលត្រូវរងទណ្ឌកម្មពីរុស្ស៊ី គឺបានបង្ហាញនៅលើគេហទំព័ររបស់រដ្ឋាភិបាលរុស្ស៊ីបានឲ្យដឹងថា ក្រុមហ៊ុនភាគច្រើន គឺមានមូលដ្ឋាននៅប្រទេសជាសមាជិកនៃសហភាពអឺរ៉ុប ដែលបានដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសកាលពីថ្ងៃទី ៣ ឧសភា ថា គ្មានអង្គភាពរុស្ស៊ីណាមួយ នឹងត្រូវបានអនុញ្ញាតឱ្យធ្វើកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន ដែលស្ថិតក្នុងបញ្ជីទណ្ឌកម្មដែលរុស្ស៊ីបានដាក់នោះទេ ខណៈទណ្ឌកម្មនេះហាមដាច់ខាតតែម្តង ក្នុងការនាំចេញផលិតផល និង វត្ថុធាតុដើមទៅកាន់ បុគ្គល និងក្រុមហ៊ុនទាំងនោះ។
ទោះជាយ៉ាងណា ផលប៉ះពាល់ សម្រាប់ការផ្គត់ផ្គង់ឧស្ម័នដល់អឺរ៉ុប ដែលជាអ្នកទិញឧស្ម័នច្រើនជាងមួយភាគបីពីរុស្ស៊ីនោះ គឺមិនទាន់មានការបញ្ចាក់ច្បាស់លាស់នោះទេ។
ទីភ្នាក់ងារព័ត៌មាន Interfax របស់រុស្ស៊ីបាននិយាយថា អង្គភាព និងម្ចាស់បំពង់បង្ហូរប្រេងដែលមានឈ្មោះក្នុងបញ្ចីទណ្ឌកម្មរបស់រដ្ឋាភិបាលរុស្ស៊ី រួមមានម្ចាស់បំពង់បង្ហូរប្រេង Yamal-Europe និងក្រុមហ៊ុនជាច្រើនផ្សេងទៀត គឺមានមូលដ្ឋាននៅក្នុងប្រទេសប៊ុលហ្គារី អង់គ្លេស បារាំង សហរដ្ឋអាមេរិក និង ប្រទេសផ្សេងៗ។
មែនទែនទៅ ក្រុមហ៊ុន Gazprom រុស្ស៊ី បានផ្គត់ផ្គង់ឧស្ម័នជាច្រើនទៅកាន់អឺរ៉ុបតាមរយៈបំពង់បង្ហូរឧស្ម័ន Yamal-Europe របស់ប៉ូឡូញ ហើយសកម្មភាពរបស់ក្រុមហ៊ុននេះទាំងនៅក្នុង និងក្រៅតំបន់អឺរ៉ុប គឺមានសារសំខាន់ខ្លាំងណាស់ សម្រាប់ទីផ្សារឧស្ម័នអឺរ៉ុបទាំងមូល និងការផ្គត់ផ្គង់ទៅដល់ឧស្សាហកម្ម និងពលរដ្ឋដែលជាអ្នកប្រើប្រាស់។ ដូច្នេះ ទណ្ឌកម្មថ្មីរបស់រុស្ស៊ី ដែលបានដាក់លើក្រុមហ៊ុនម្ចាស់បំពង់បង្ហូរឧស្ម័ន Yamal វាក៏បានបង្កឲ្យមានការព្រួយបារម្មណ៍កាន់តែខ្លាំងថា រុស្ស៊ីអាចនឹងទៅកាត់ផ្តាច់ឧស្ម័នទៅកាន់សហភាពអឺរ៉ុបទាំងស្រុង ដែលបង្កផលប៉ះពាល់ក្នុងទំហំធំ។
លោកពូទីនបានកំណត់ទណ្ឌកម្មនេះឡើងជាការឆ្លើយតបទៅនឹងទណ្ឌកម្មរបស់លោកខាងលិច ដែលបានដករុស្ស៊ីចេញពីប្រពន្ធ័ទូទាត់ប្រាក់អន្តជាតិ Swift ការបង្កកទ្រព្យសម្បត្តិនីតិបុគ្គលរបស់រុស្ស៊ី និង ការកាត់ផ្តាច់ឈប់ទិញប្រេងពីរុស្ស៊ីជាដើម។
គួរបញ្ចាក់ថា បុរសជើងខ្លាំង ពូ ទីន បានព្រមានម្តងហើយម្តងទៀតថាទីក្រុងម៉ូស្គូនឹងដាក់ទណ្ឌកម្មឆ្លើយតបទៅសហភាពអឺរ៉ុបឲ្យចាស់ដៃវិញ ប្រសិនបើប្លុកនេះ នៅតែបន្តដាក់ទណ្ឌកម្មលើខ្លួន ខណៈកាលពីសប្តាហ៍មុនទីក្រុងម៉ូស្គូ បានកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័ន ពី ប្រទេសប៉ូឡូញ និងប៊ុលហ្គារីរួចហើយ ក្រោយពីប្រទេសទាំងពីរនេះ មិនបានបំពេញតាមការទាមទាររបស់ខ្លួនក្នុងការទូទាត់ជាប្រាក់រូប្លសម្រាប់ការទិញឧស្ម័ន។
គួររំលឹកថា សហភាពអឺរ៉ុប និង សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រ លើទីក្រុងម៉ូស្គូ និង ឥស្សរជនធុរកិច្ចរបស់រុស្ស៊ី ដែល លោកពូទីន ចាត់ទុកទង្វើនេះថា ជាការប្រកាសសង្គ្រាមសេដ្ឋកិច្ច។ ហើយថ្មីៗនេះដែរ សហភាពអឺរ៉ុបកំពុងត្រៀមដាក់ទណ្ឌកម្មទី ៦ បន្ថែមទៀតលើរុស្ស៊ី ដែលមានទិសដៅ កាត់ផ្តាច់ការនាំចូលប្រេងពីរុស្ស៊ីទាំងស្រុងទៅកាន់សហភាពអឺរ៉ុប៕
អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន