រុស្ស៊ីទើបបានបិទការបង្ហូរឧស្ម័នទាំងស្រុងឱ្យអឺរ៉ុបកាលពីសប្តាហ៍មុន។ លើសពីនេះ រុស្ស៊ីថែមទាំងគំរាមទុកមុនថា ប្រសិនអឺរ៉ុបហ៊ានអនុវត្តដូច G7 នោះម៉ូស្គូនឹងផ្អាកដំណើរការនាំចេញស្បៀងរបស់អ៊ុយក្រែន ក្រោមកិច្ចចរចារបស់ UN ផងដែរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen ប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា អឺរ៉ុបនឹងស្នើឡើងនូវយន្តការកំណត់តម្លៃឧស្ម័នរុស្ស៊ី ក្នុងគោលបំណងកាត់បន្ថយចំណូលរបស់រុស្ស៊ី ដែលជាប្រភពដ៏សំខាន់របស់លោកពូទីន យកមកប្រើប្រាស់ធ្វើសង្រ្គាមនៅអ៊ុយក្រែន។ បន្ថែមពីលើនេះ សហភាពអឺរ៉ុប គ្រោងជំរុញលើយន្តការកំណត់តម្លៃលើអគ្គិសនី ដែលមិនមែនផលិតចេញពីឧស្ម័ន ដែលខ្លួនទិញពីរុស្ស៊ីផងដែរ។
យ៉ាងណាក៏ដោយនេះគ្រាន់តែជាការគ្រោងទុកមួយប៉ុណ្ណោះ សហភាពអឺរ៉ុបនឹងបើកកិច្ចប្រជុំបន្ទាន់នៅថ្ងៃសុក្រទី៩កញ្ញា ដើម្បីពិភាក្សាលើបញ្ហានេះ។
ដោយឡែក បន្ទាប់ពីបានដឹងថាអឺរ៉ុបកំពុងគិតគូកំណត់តម្លៃថាមពលរបស់ខ្លួន ប្រធានាធិបតីរុស្ស៊ីលោកពូទីនបានចេញមកឆ្លើយតបភ្លាម ដោយគំរាមខ្លាំងៗថា រុស្ស៊ីនឹងបញ្ឈប់ការនាំចេញថាមពលគ្រប់ប្រភេទទាំងអស់ទៅកាន់អឺរ៉ុបរួមមាន ឧស្ម័ន ប្រេង និងធ្យូងថ្ម បើសិនអឺរ៉ុបហ៊ានដាក់ចេញយន្តការខាងលើពិតមែន។ គួរជម្រាបថា នៅមុនពេលសង្គ្រាមនៅអ៊ុយក្រែនផ្ទុះឡើង អឺរ៉ុបមានការនាំចូលប្រហែល ៤០%នៃឧស្ម័ននិង ៣០% នៃប្រេងរបស់ខ្លួនពីប្រទេសរុស្ស៊ី។ ប៉ុន្ដែ មកទល់ពេលនេះ ការនាំចូលថាមពលទាំងនេះ គឺនៅមានចំនួនតិចតួចប៉ុណ្ណោះ។
លើសពីនេះទៅទៀត លោកពូទីន ថែមទាំងបានគំរាមបញ្ឈប់ការនាំចេញស្បៀងរបស់អ៊ុយក្រែនតាមសមុទ្រខ្មៅ ដែលជាការវែកផ្លូវរកដំណោះស្រាយរបស់ UN និងប្រទេសតួគីថែមទៀតផង។ អំឡុងវេទិកាសេដ្ឋកិច្ចបូព៌ានៅទីក្រុងវ្លាឌីវ៉ូស្ដុកលោកពូទីនថ្លែងថា កិច្ចព្រមព្រៀងនេះកំពុងដឹកជញ្ជូនគ្រាប់ធញ្ញជាតិ ជី និងអាហារផ្សេងទៀតទៅកាន់សហភាពអឺរ៉ុប និងប្រទេសតួកគី ជាជាងបញ្ជូនទៅកាន់ប្រទេសក្រីក្រ ដែលជាគោលដៅចំបងនៃកិច្ចព្រមព្រៀង។
ទោះយ៉ាងណា ការប្រឈមមុខដាក់គ្នាកាន់តែកើនឡើងនេះ អាចជំរុញឱ្យតម្លៃឧស្ម័ននៅអឺរ៉ុបឡើងថ្លៃបន្ថែមទៀត។ បច្ចុប្បន្ននេះ តម្លៃថាមពលនៅអឺរ៉ុបកើនឡើងមិនត្រឹមតែបន្ថែមបន្ទុកចាយវាយរបស់ពលរដ្ឋនោះទេ តែវាក៏កំពុងធ្វើឱ្យរដ្ឋាភិបាលប្រទេសនៅអឺរ៉ុបជាច្រើន ជួបការលំបាកផងដែរ ដោយសារតែគេត្រូវបន្តបញ្ចេញសាច់ប្រាក់និងកញ្ចប់ជំនួយដល់ក្រុមហ៊ុនថាមពលរដ្ឋ និងឯកជនដែលផ្គត់ផ្គង់នៅក្នុងស្រុកឱ្យបន្តដង្ហើមរស់ និងពិសេសបន្តការនាំចូលថាមពលសម្រាប់ផ្គត់ផ្គង់នៅរដូវរងាខាងមុខ។ ក្រុមហ៊ុនថាមពលអឺរ៉ុបថ្មីៗនេះ បានចេញមុខមកអះអាងថា ពួកគេអាចនឹងត្រូវការថវិកាចំណាយប្រហែល១,៥ទ្រីលានដុល្លារឯណោះ ដើម្បីប្រើប្រាស់ទប់ទល់នឹងការឡើងថ្លៃថាមពលនៅក្នុងប្លុកនេះ។
សូមបញ្ជាក់ថា កន្លងមក អឺរ៉ុបបានចោទប្រកាន់រុស្ស៊ីពីការប្រើប្រាស់វិស័យថាមពលធ្វើជាកូនអុក ដើម្បីសងសឹកចំពោះការដាក់ទណ្ឌកម្មរបស់លោកខាងលិច។ ចំណែករុស្ស៊ីវិញ បានស្តីបន្ទោសទណ្ឌកម្មទាំងនេះ ថាបានបង្កបញ្ហាដល់ការផ្គត់ផ្គង់ឧស្ម័ន ដែលវាធ្វើឱ្យមានបញ្ហាកំហូចបំពង់បង្ហូរ និងពិបាកស្វែងរកសម្ភារៈជួសជុល ហើយថ្មីៗនេះ មន្ត្រីជាន់ខ្ពស់រុស្ស៊ីបានចេញមុខព្រលះចំៗថា បញ្ហាឧស្ម័នកំពុងឡើងថ្លៃនៅអឺរ៉ុបនាពេលនេះ គេគួរតែចម្អុលមុខអាមេរិកទើបត្រូវ ព្រោះតែអាមេរិកជាអ្នកនៅពីក្រោយខ្នងរឿងនេះ ពោលគឺអាមេរិកបានផ្ដួចផ្ដើមគំនិតឲ្យមានការដាក់គំនាបទៅលើថ្លៃប្រេងរបស់រុស្ស៊ី៕