អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រី ប៉េស្កូវ បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងម៉ូស្គូថា ការចាប់ផ្តើមបញ្ជូនជំនួយសព្វាវុធណាមួយ ពីកូរ៉េខាងត្បូងទៅអ៊ុយក្រែន មានន័យថាជាការចូលដៃចូលជើងដោយប្រយោលក្នុងជម្លោះ។
លោក ប៉េស្កូវ បានគូសបញ្ជាក់ក្នុងសម្ដីដើមថា៖ «ជាអកុសល ទីក្រុងសេអ៊ូលបានប្រកាន់យកជំហរអមិត្តច្រើនជាង» ហើយបានបន្ថែមទៀតថា៖ «ការចាប់ផ្ដើមផ្គត់ផ្គង់អាវុធ[ទៅឱ្យអ៊ុយក្រែន] នឹងមានន័យប្រយោលថាជាដំណាក់កាលជាក់លាក់មួយក្នុងការចូលពាក់ព័ន្ធក្នុងជម្លោះនេះ»។
ទន្ទឹមនឹងនេះ លោក ឌីមីទ្រី មេដវ៉េដេវ អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី ក៏បានសំពងកូរ៉េខាងត្បូងយ៉ាងចាស់ដៃដែរ បង្ហើបពីការតបតស្រដៀងគ្នា ដោយបញ្ជូនអាវុធទៅប្រទេសកូរ៉េខាងជើង។ អតីតប្រធានាធិបតីរុស្ស៊ីពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១២ រូបនេះ បានប្រកាសតាមសម្ដីផ្ទាល់ថា៖ «ខ្ញុំឆ្ងល់ថាតើប្រជាជនប្រទេសនេះនឹងមានពាក្យអីនិយាយ នៅពេលដែលពួកគេឃើញអាវុធរុស្ស៊ីថ្មីៗបំផុត នៅក្នុងដៃអ្នកជិតខាងបំផុតរបស់ពួកគេ ពោលគឺនៅក្នុងដៃរបស់ដៃគូយើងនៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ»។
ប្រតិកម្មពីសំណាក់មន្ត្រីជាន់ខ្ពស់រុស្ស៊ីដូច្នេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុក យើល បានថ្លែងឱ្យដឹងអំពីការផ្លាស់ប្ដូរជំហររបស់ខ្លួន ទាក់ទងនឹងលទ្ធភាពផ្ដល់ជំនួយសព្វាវុធទៅឱ្យប្រទេសអ៊ុយក្រែន ដែលកំពុងតស៊ូប្រយុទ្ធទល់នឹងការឈ្លានពានរបស់រុស្ស៊ី។ កាលពីថ្ងៃពុធ ក្នុងសម្ដីដើម មេដឹកនាំកូរ៉េខាងត្បូងរូបនេះបានថ្លែងថា៖ «ប្រសិនបើមានស្ថានការណ៍មួយដែលសហគមន៍អន្តរជាតិមិនអាចទទួលយកបាន ដូចជាការវាយប្រហារទ្រង់ទ្រាយធំលើជនស៊ីវិលជាដើម វាប្រហែលជាលំបាកណាស់ដែលយើងនៅតែនិយាយត្រឹមតែថាផ្ដល់ជំនួយមនុស្សធម៌ ឬជំនួយហិរញ្ញវត្ថុនោះ»។
រហូតមកដល់ពេលបច្ចុប្បន្ន ប្រទេសកូរ៉េខាងត្បូងបានផ្តល់ត្រឹមតែជំនួយមនុស្សធម៌ និងជំនួយមិនមែនសព្វាវុធ ទៅឱ្យអ៊ុយក្រែនប៉ុណ្ណោះ មិនដែលថាបញ្ជូនគ្រឿងសព្វាវុធណាមួយទៅឱ្យអ៊ុយក្រែនឡើយ។ ទោះបីជាមានសំពាធខ្លាំងឡើងពីបស្ចិមប្រទេសឱ្យខ្លួនជួយផ្គត់ផ្គង់អាវុធក៏ដោយ ក៏សម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់សហរដ្ឋអាមេរិកនៅអាស៊ីមួយនេះ បានព្យាយាមចៀសវាងធ្វើឱ្យរុស្ស៊ីក្នក់ចិត្តដែរ ត្បិតអីមានក្រុមហ៊ុនកូរ៉េខាងត្បូងជាច្រើនដែលកំពុងរកស៊ីនៅរុស្ស៊ី ហើយទីក្រុងមូស្គីមានឥទ្ធិពលលើប្រទេសកូរ៉េខាងជើង។
ការផ្លាស់ប្ដូរជំហររបស់កូរ៉េខាងត្បូងត្រូវបានគេសង្ស័យថាមានបំណងយកចិត្តសហរដ្ឋអាមេរិក មុនពេលលោក យូន ស៊ុក យើល និងលោក ចូ បៃឌិន ជួបគ្នា។ ប្រធានាធិបតីកូរ៉េខាងត្បូងគ្រោងធ្វើដំណើរទៅសហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយ ក្នុងឱកាសអបអរខួបលើកទី ៧០ នៃសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ។
អំឡុងជំនួបកំពូលរវាងមេដឹកនាំទាំងពីររូប បើតាមសម្ដីរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុក យើល គឺរូបលោកនឹងស្វែងរក«លទ្ធផលជាក់ស្ដែង»ពីកិច្ចប្រឹងប្រែងរបស់សម្ព័ន្ធមិត្ត ដើម្បីឆ្លើយតបកាន់តែប្រសើរឡើង ចំពោះមុខការគំរាមកាន់តែខ្លាំងពីសំណាក់កូរ៉េខាងជើង ដែលបាននិងកំពុងបង្កើនការបាញ់សាកល្បងកាំជ្រួចច្រើនគ្រាប់ និងដែលបានបាញ់កាំជ្រួចផ្លោងអន្តរទ្វីបប្រើឥន្ធនៈរឹងកាលពីសប្ដាហ៍មុន។
កាលពីខែកុម្ភៈ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធនៅក្នុងកុំព្យូធឺ ដោយយកលំនាំតាមការវាយប្រហាដោយអាវុធនុយក្លេអ៊ែរពីសំណាក់កូរ៉េខាងជើង។ សមយុទ្ធនោះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងសេអ៊ូល ដើម្បីដើរតួនាទីកាន់តែសំខាន់ឡើង នៅក្នុងគោលនយោបាយនុយក្លេអ៊ែររបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះមុខកូរ៉េខាងជើង។
លោក យូន ស៊ុក យើល បាននិយាយតាមសម្ដីផ្ទាល់ថា៖ «ចំពោះការឆ្លើយតបទៅនឹងការវាយប្រហារដោយអាវុធនុយក្លេអ៊ែរដ៏មានឥទ្ធិពលណាមួយ ខ្ញុំគិតថា បណ្ដាវិធានការខ្លាំងជាងអ្វីដែលអង្គការណាតូកំពុងមាន គួរតែត្រូវបានរៀបចំទុកឱ្យហើយ»៕