ក្រុមហ៊ុនផលិតសំបកកង់ស្ថិតក្រោមសម្ពាធ

ក្រុមហ៊ុនផលិតសំបកកង់ស្ថិតក្រោមសម្ពាធ ខណៈដែលកៅស៊ូកង់ច្រើនពេកកកិតនឹងផ្លូវ ហើយបំភាយជាតិពុល


ក្រុមហ៊ុនផលិតសំបកកង់យានជំនិះកំពុងស្ថិតក្រោមសម្ពាធក្នុងការច្នៃប្រឌិតការផលិតសំបកកង់ឡើងវិញស្ទើរតែទាំងស្រុង ខណៈដែលនិយ័តករនានា ងាកមកត្រួតពិនិត្យការបំពុលដោយសំបកកង់យានជំនិះ។ ការផលិតសំបកកង់ត្រូវបានព្យាករថា នឹងកើនឡើងជាមួយនឹងកំណើននៃរថយន្តអគ្គិសនី។ ទោះយ៉ាងណា ការបំពុលបរិស្ថាន ដោយសារសំបកកង់កំពុងគំរាមធ្វើឱ្យខូចដល់អត្តសញ្ញាណបៃតងរបស់រថយន្តអគ្គិសនីទាំងនោះផងដែរ។
ក្រុមហ៊ុនផលិតសំបកកង់ស្ថិតក្រោមសម្ពាធ ខណៈដែលកៅស៊ូកង់ច្រើនពេកកកិតនឹងផ្លូវ ហើយបំភាយជាតិពុល

ទីភ្នាក់ងារសារព័ត៌មានរើយធើរាយការណ៍ថា នៅពេលដែលសំបកកង់ប៉ះនឹងផ្លូវ ល្អងកៅស៊ូឆ្មាៗក៏ដាច់ ហើយភាយឡើង។ ប្រភពដដែលកត់សម្គាល់ថា ទម្ងន់បន្ថែមនៃរថយន្តអគ្គិសនីដោយសារអាគុយរបស់ពួកវា មានន័យថា ទម្រង់នៃការបំពុលដែលគេមិនសូវចាប់អារម្មណ៍លើកយកមកពិភាក្សា កំពុងក្លាយជាបញ្ហាកាត់តែធំ ត្បិតជារៀងរាល់ឆ្នាំ សំបកកង់ចំនួន ២ ពាន់លានកង់ ប្រហែលជាត្រូវបានផលិតនៅទូទាំងពិភពលោក។

ក្រៅសម្ពាធផ្នែកបរិស្ថាន ក្រុមហ៊ុនផលិតធំៗ ដែលរួមមានក្រុមហ៊ុន ហ្គូដយា, ក្រុមហ៊ុន ប្រ៊ីជស្តូន, ក្រុមហ៊ុន មីស្សឺលីន និងក្រុមហ៊ុន ខនធីនិនថល ក៏កំពុងព្យាយាមទប់ទល់នឹងការប្រកួតប្រជែងពីសំណាក់ក្រុមហ៊ុនផលិតរបស់ចិន ដែលផ្ដល់តំលៃថោកជាងដែរ។

ទីភ្នាក់ងារសារព័ត៌មានអង់គ្លេសនេះអះអាងថា អ្នកផលិតសំបកកង់កំពុងប្រជែងគ្នា ដើម្បីបោះជំហានទៅមុខ មុនពេលមានច្បាប់ស្ដីពីការបំភាយល្អងកៅស៊ូតាមផ្លូវ ហើយស្វែងរកជម្រើសផ្សេងៗក្នុងការផលិតសំបកកង់។

រើយធឺ បានឱ្យដឹងថា ការស្រាវជ្រាវដែលកំពុងលេចឡើង បង្ហាញឱ្យឃើញការពុលបង្កឡើងដោយសំបកកង់យានជំនិះ ដែលជាមធ្យមមានសមាសធាតុ និងសារធាតុគីមីប្រហែល ២០០ មុខ ភាគច្រើនជាធាតុផ្សំនៅក្នុងប្រេងឆៅ។

យោងតាមរើយធឺ ខណៈពេលដែលអ្នករិះគន់និយាយថា សំបកកង់មានផ្ទុកសារធាតុពុលនិងសារធាតុបង្កមហារីក, រហូតមកដល់ពេលនេះ មានមតិឯកភាពគ្នាពិតប្រាកដតែមួយប៉ុណ្ណោះ នោះគឺ សារធាតុ ៦ភីភីឌី (6PPD) ដែលបំផ្លាញអុកស៊ីហ្សែន និងអូហ្ស៊ូន ប៉ុន្តែសារធាតុនេះ ជួយកាត់បន្ថយការប្រេះសំបកកង់។

ទីភ្នាក់ងារសារព័ត៌មានដដែលរាយការណ៍ទៀតថា នៅឆ្នាំនេះ រដ្ឋ កាលីហ្វ័រញ៉ា របស់សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថានឹងក្លាយជាអាជ្ញាធរដំបូងគេ ដែលទាមទារឱ្យអ្នកផលិតសំបកកង់បង្ហាញថា ពួកគេកំពុងស្វែងរកជម្រើសមួយផ្សេងទៀត ជំនួសឱ្យការប្រើសារធាតុ ៦ភីភីឌី។ ប្រភពដដែលបញ្ជាក់ថា សារធាតុនេះ ពេលប្រើរួចហើយ អាចធ្វើឱ្យត្រីមួយចំនួនងាប់ ហើយត្រូវបានគេរកឃើញនៅក្នុងទឹកនោមរបស់មនុស្សនៅភាគខាងត្បូងប្រទេសចិន។

រើយធឺបានប្រាប់ថា បទប្បញ្ញត្តិរបស់សហភាពអឺរ៉ុបស្ដីពីការបំភាយ ដែលគេហៅថា អឺរ៉ូ ៧ នាពេលអនាគត នឹងកំណត់ស្តង់ដារសម្រាប់សំបកកង់យានជំនិះជាលើកដំបូង។ ចំពោះមុខការតម្រូវនេះ រួមផ្សំនឹងបញ្ហាប្រឈមខាងលើផង បើតាមរើយធឺ ក្រុមហ៊ុនផលិតចាំបាច់ត្រូវអភិវឌ្ឍសំបកកង់ដែលបំភាយល្អងកៅស៊ូតិចសម្រាប់រថយន្តអគ្គិសនីធុនធ្ងន់ដែលក្រុមហ៊ុន មីស្សឺលីន និងក្រុមហ៊ុន ហ្គូដយា បានរាយការណ៍ថាអាចធ្វើឱ្យសំបកកង់សឹកបានលឿនជាងយានយន្តធម្មតា ៥០%៕

អត្ថបទ ៖ ឯម មាឃ




អត្ថបទបន្ទាប់


របាយការណ៍ UNរកឃើញថា យោធាមីយ៉ាន់ម៉ាបាននាំចូលសព្វាវុធ ១ ពាន់លានដុល្លារ នៅក្រោយរដ្ឋប្រហារ

ព័ត៌មាន
របាយការណ៍របស់អង្គការសហប្រជាជាតិ ដែលចេញផ្សាយកាលពីថ្ងៃពុធបាននិយាយថា យោធាមីយ៉ាន់ម៉ាបានចំណាយប្រាក់យ៉ាងតិច ១ ពាន់លានដុល្លារសម្រាប់ការនាំ…

ការនាំចេញផលិតផលសំខាន់ៗរបស់សិង្ហបុរីដាំក្បាលចុះនៅ៧ខែជាប់គ្នា តើដោយសារកត្តាអ្វីខ្លះ?

ព័ត៌មាន
អត្រានៃការនាំចេញទំនិញសំខាន់ៗរបស់សិង្ហបុរីទៅកាន់ទីផ្សារនៅក្រៅប្រទេសក្នុងខែមេសាកន្លងទៅនេះ បានបង្ហាញពីការធ្លាក់ជិត១០% នៅក្នុងខែមេសា ហើយវា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ