ការរឹបអូសទ្រព្យសម្បត្តិរបស់ធនាគារបស្ចិមលោកពីសំណាក់តុលាការរុស្ស៊ីនេះ គឺជាសកម្មភាពដ៏ធំបំផុតមួយប្រឆាំងនឹងអ្នកផ្តល់ប្រាក់កម្ចីបស្ចិមលោកចាប់តាំងពីទីក្រុងមូស្គូ បានបើកការលុកលុយទៅលើអ៊ុយក្រែន កាលពីឆ្នាំ២០២២ ដែលបានជំរុញឱ្យអ្នកផ្តល់ប្រាក់កម្ចីអន្តរជាតិ ភាគច្រើន បញ្ឈប់អាជីវកម្មរបស់ពួកគេនៅប្រទេសរុស្ស៊ី។ ចំណាត់ការរបស់តុលាការនេះ ធ្វើឡើងក្រោយមានការទាមទាររបស់ក្រុមហ៊ុន Ruskhimalliance ជាក្រុមហ៊ុនបុត្រសម្ពន្ធរបស់ក្រុមហ៊ុន Gazprom ដែលជាក្រុមហ៊ុនប្រេង និងឧស្ម័នខ្នាតយក្សរបស់រុស្ស៊ី ដែលបានកាន់កាប់ផ្តាច់មុខលើការនាំចេញឧស្ម័នតាមបំពង់បង្ហូរប្រេងនៅរុស្ស៊ី។
តុលាការរុស្ស៊ី បានសម្រេចរឹបអូសទ្រព្យសម្បត្តិ មានតម្លៃជាង៥០០លានដុល្លារ របស់ធនាគារ UniCredit របស់ប្រទេសអ៊ីតាលី ដែលស្មើនឹងជាង៤%នៃទ្រព្យសម្បត្តិរបស់ខ្លួននៅក្នុងប្រទេសនេះ ដោយរួមបញ្ចូលទាំងភាគហ៊ុន និងមូលនិធិដែលក្រុមហ៊ុននេះបានកាន់កាប់នៅរុស្ស៊ី។
ទន្ទឹមនេះដែរ តុលាការនេះបានរឹបអូសទ្រព្យសម្បត្តិរបស់ធនាគារ Deutsche Bank មានតម្លៃជាង៣០០លានដុល្លារ រួមទាំងទ្រព្យសម្បត្តិ និងការកាន់កាប់នៅក្នុងគណនីរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី ហើយតុលាការនេះក៏បានសម្រេចមិនឱ្យធនាគារនេះលក់អាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសនេះផងដែរ។ ជាមួយគ្នានេះកាលពីថ្ងៃសុក្រ សប្ដាហ៍មុន តុលាការរុស្ស៊ី ក៏បានសម្រេចរឹបអូសទ្រព្យសម្បត្តិរបស់ធនាគារ Commerzbank ផងដែរ ប៉ុន្តែតុលាការនេះមិនទាន់សម្រេចថា តើត្រូវដកហូតទ្រព្យសម្បត្តិរបស់ធនាគារនេះប៉ុន្មាននោះទេ។
សូមរំលឹកថា ជម្លោះរវាងក្រុមហ៊ុនរុស្ស៊ី Ruskhismalliance ជាមួយនឹងធនាគារបស្ចិមលោកទាំងនេះបានកើតឡើងនៅក្នុងខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីក្រុមហ៊ុនរុស្ស៊ី បានដាក់ពាក្យទៅតុលាការអាជ្ញាកណ្តាលទីក្រុងសេនភីធឺស្ប៊ើក (St Petersburg) ដើម្បីទាមទារឱ្យពួកគេបង់ថ្លៃធានាក្រោមកិច្ចសន្យាជាមួយក្រុមហ៊ុនវិស្វកម្មអាល្លឺម៉ង់ Linde ព្រោះធនាគារទាំងនេះ ស្ថិតក្នុងចំណោមអ្នកធានាដែលផ្តល់ប្រាក់កម្ចីក្រោមកិច្ចសន្យាសម្រាប់ការសាងសង់រោងចក្រកែច្នៃឧស្ម័ននៅក្នុងប្រទេសរុស្ស៊ី ជាមួយនឹងក្រុមហ៊ុន Linde ដែលត្រូវបានបញ្ចប់កិច្ចសន្យាទៅវិញដោយសារតែការដាក់ទណ្ឌកម្មរបស់បស្ចិមលោក៕