ការធ្វើសមយុទ្ធនេះផងដែរ ធ្វើឡើងស្របពេលដែល មានលទ្ធផលវិជ្ជមានខ្លះៗ ក្រោយការព្យាយាមចរចាការទូត ជាមួយរុស្ស៊ី ប៉ុន្តែស្ថានការណ៍ជាក់ស្តែងនៅតែមិនទាន់ធូរស្រាលនៅឡើយទេ ក្នុងសំណុំរឿងអ៊ុយក្រែន ខណៈនៅអង្គសហប្រជាជាតិឯណោះវិញ ចិននិងអាមេរិក នៅតែបន្តនិយាយមិនត្រូវគ្នាសោះ ជុំវិញបញ្ហាមួយនេះ។
ចាប់ពីថ្ងៃទី១០ ខែកុម្ភៈមក ទាហានបេឡារុស និងទាហានរុស្ស៊ីបានបើកការធ្វើសមយុទ្ធយោធារួមគ្នា រយៈពេល១០ថ្ងៃ នៅភាគខាងត្បូងបេឡារុស ជាប់ព្រំដែនអ៊ុយក្រែន។ ចំណែកឯនៅភាគខាងត្បូងក្នុងតំបន់សមុទ្រខ្មៅឯណោះវិញ កងទ័ពជើងទឹករុស្ស៊ីក៏កំពុងធ្វើសមយុទ្ធដែរ ជាហេតុធ្វើឲ្យអ៊ុយក្រែនអះអាងថា សមយុទ្ធរបស់ទាហានជើងទឹករុស្ស៊ី កំពុងតែរំខានសឹងតែទាំងស្រុង ដល់ការធ្វើចរាចរណ៍របស់នាវាផ្សេងទៀត។
អគ្គលេខាធិការអង្គការណាតូ លោកចេន ស្តូលថិនប៊ឺគ (Jens Stoltenberg) បានចេញមុខមកព្រមានថា ប្រទេសសម្ព័ន្ធមិត្តណាតូ ត្រូវតែត្រៀមខ្លួនធ្វើសង្រ្គាមក្នុងករណីដែលស្ថានការណ៍អាចឈានទៅផ្ទុះសង្គ្រាម ដោយមិនអាចចៀសរួច។ ដោយឡែក លោកស្រីនាយករដ្ឋមន្ត្រីដាណឺម៉ាក បានប្រកាសថា លោកស្រីនឹងអនុញ្ញាត ឲ្យមានវត្តមានកងទ័ពអាមេរិកនៅលើទឹកដីដាណឺម៉ាក ដើម្បីត្រៀមខ្លួន ក្នុងករណីផ្ទុះសង្គ្រាមណាមួយជាមួយរុស្ស៊ីផងដែរ។
ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកបានជំរុញប្រជាជនខ្លួនដែលរស់នៅក្នុងប្រទេសអ៊ុយក្រែនឱ្យចាកចេញជាបន្ទាន់ និងកុំធ្វើដំណើរទៅអ៊ុយក្រែនប្រសិនបើមិនចាំបាច់ ដោយសារតែការកើនឡើងនៃការគំរាមកំហែងសកម្មភាពយោធារបស់រុស្ស៊ី។
យ៉ាងណាមិញ កាលពីដើមសប្តាហ៍នេះ លោកពូទីន ធ្លាប់បានសន្យាជាមួយប្រធានាធិបតីបារាំង លោកម៉ាក្រុង ថានឹងមិនធ្វើអ្វី ឲ្យស្ថានការណ៍ទៅជាធ្ងន់ធ្ងរទេ។ យ៉ាងណាក៏ដោយ ការធ្វើសមយុទ្ធយោធានៅពេលនេះ វាបានមកបន្ថែមការព្រួយបារម្ភកាន់តែខ្លាំង ទាក់ទិននឹងលទ្ធភាព នៃការឈ្លានពានអ៊ុយក្រែន ពីសំណាក់ទីក្រុងម៉ូស្កូ។
ជាមួយនឹងស្ថានការណ៍ដ៏តានតឹងនៅអ៊ុយក្រែននេះ ចិននិងអាមេរិកនៅអង្គការសហប្រជាជាតិឯណោះវិញ នៅតែបន្តទាស់សម្ដីគ្នា ជុំវិញវិបត្តិរុស្ស៊ី-អ៊ុយក្រែន។ អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានបោះសម្តីថា អាមេរិកសង្ឃឹមថាចិននឹងបញ្ចុះបញ្ចូល ឬជំរុញឱ្យរុស្ស៊ីធ្វើរឿងដែលត្រឹមត្រូវ ស្ដីពីវិបត្តិនៅអ៊ុយក្រែន ដែលប្រការនេះហើយបានធ្វើឱ្យសមភាគីចិន ឆ្លើយតបវិញភ្លាមៗថា ការលើកឡើងរបស់អាមេរិក គឺជាការបន្ថែមភាពតានតឹងនៅក្នុងបញ្ហា ព្រោះចិន គ្មានសិទ្ធិអ្វីទៅលូកដៃក្នុងកិច្ចការរបស់រុស្សីឡើយ។ ចិនបានស្នើឲ្យ ភាគីពាក់ព័ន្ធទាំងអស់ រកដំណោះស្រាយត្រឹមត្រូវមួយតាមផ្លូវការទូត៕