នាវាចម្បាំងរបស់រុស្ស៊ីបាញ់ទៅលើកប៉ាលដឹកទំនិញនៅសមុទ្រខ្មៅ!

នាវាចម្បាំងរុស្ស៊ីបាញ់គំរាមទៅលើកប៉ាលដឹកជញ្ជូនទំនិញស៊ីវិល ដែលឆ្លងកាត់សមុទ្រខ្មៅជាលើដំបូង


នាវាចម្បាំងរបស់រុស្ស៊ីមួយកាលពីថ្ងៃអាទិត្យ ទី១៣ សីហា បានបាញ់ព្រមានទៅលើកប៉ាលដឹកទំនិញមួយគ្រឿងដែលបាននិងកំពុងធ្វើនាវាចរណ៍នៅភាគនិរតីនៃសមុទ្រខ្មៅ ប៉ុន្តែគ្មាននរណាម្នាក់រងរបួសទេ។ នេះគឺជាលើកទីមួយហើយដែលរុស្ស៊ីវាយប្រហារទៅលើកប៉ាលស៊ីវិល ដែលឆ្លងកាត់សមុទ្រខ្មៅ បន្ទាប់ពីទីក្រុងម៉ូស្គូបានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅកាលពីខែមុន។
នាវាចម្បាំងរបស់រុស្ស៊ីបាញ់ទៅលើកប៉ាលដឹកទំនិញនៅសមុទ្រខ្មៅ!
ដោយ

បើយោងតាមក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេកចក្តីថ្លែងការណ៍មួយថា នាវាល្បាត Vasily Bykov បានបាញ់អាវុធស្វ័យប្រវត្តិទៅលើកប៉ាលដឹកទំនិញ Sukru Okan ដែលមានទង់ជាតិប្រទេសប៉ាឡូ ក្រោយកប៉ាលនេះបដិសេធសំណើសុំឆែកឆេរ»។ រុស្ស៊ីធ្លាប់មានព្រមានរួចម្តងមកហើយបន្ទាប់ពីខ្លួនបានដើរចេញពីកិច្ចព្រមព្រៀងសមុទ្រខ្មៅថា រាល់កប៉ាលដែលឆ្លងកាត់សមុទ្រខ្មៅ នឹងចាត់ទុកថាជានាវាដែលអាចដឹកជញ្ជូនអាវុធទៅឱ្យអ៊ុយក្រែន។

ទោះយ៉ាងណា តាមការអះអាងរបស់រុស្សី កប៉ាលនោះបានធ្វើដំណើរឆ្ពោះទៅកាន់កំពង់ផែ Izmail របស់អ៊ុយក្រែន។ ផ្ទុយទៅវិញ ទិន្នន័យដឹកជញ្ជូនរបស់ Refinitiv បានបង្ហាញថា កប៉ាល់ Sukru Okan មុននេះគឺស្ថិតនៅក្បែរឆ្នេរសមុទ្រនៃប្រទេសប៊ុលហ្គារី ហើយកំពុងធ្វើដំណើរឆ្ពោះទៅកាន់កំពង់ផែ Sulina នៃប្រទេសរ៉ូម៉ានី។
បើទោះបីជាមានការអះអាងបង្ហាញខុសគ្នាក៏ដោយ ក្រសួងការពារជាតិរុស្ស៊ីបន្ថែមថា បន្ទាប់ពីខ្លួនបានបាញ់ព្រមានឱ្យកប៉ាលនោះឈប់ ក្រុមត្រួតពិនិត្យខ្លួនបានចូលទៅឆែកឆេរមើលអស់សព្វគ្រប់ហើយ ទើបឱ្យកប៉ាលនោះបន្តដំណើរទៅកំពង់ផែ Izmail របស់អ៊ុយក្រែន។ ដោយឡែក មន្ត្រីការពារជាតិទួកគីម្នាក់បាននិយាយថា ខ្លួនក៏បានដឹងអំពីរឿងនេះ ហើយកំពុងស៊ើបអង្កេតបន្ថែមទៀតចំពោះកប៉ាល ដែលធ្វើដំណើរសំដៅទៅប្រទេសរូម៉ានី។ រ៉យទ័រមិនអាចសុំការស្រាយបំភ្លឺបន្ថែមពីម្ចាស់កប៉ាលនោះនៅឡើយដែរ។
លោក Mykhailo Podolyak ទីប្រឹក្សាជំនិតរបស់ប្រធានាធិបតីហ្សេលេនស្គីមើលឃើញថា ឧបទ្ទវហេតុនេះគឺជាការរំលោភយ៉ាងច្បាស់ទៅលើច្បាប់អន្តរជាតិនៃសមុទ្រពីសំណាក់រុស្ស៊ី និងជាទង្វើចោរកម្មតាមសមុទ្រដែលប្រឆាំងនឹងនាវាស៊ីវិលនៃប្រទេសទីបីនៅក្នុងដែនទឹក ដែលមានរដ្ឋផ្សេងទៀតជាកម្មសិទ្ធ។ លោកថា «អ៊ុយក្រែននឹងចាត់វិធានការចាំបាច់ក្នុងឆ្លើយតបវិញ»។ លោកហ្សេលេនស្គីមិនបានលើកឡើងពីហេតុការនេះទេនៅក្នុងការថ្លែងតាមវីដេអូនៅយប់ថ្ងៃអាទិត្យនោះ។
ជាការពិត ការបាញ់ក្នុងន័យព្រមាន ឬវាយប្រហារលើកប៉ាលពាណិជ្ជករស៊ីវិលណាមួយនោះ គឺជាហានិភ័យធំមួយសម្រាប់ម្ចាស់កប៉ាល់ ក្រុមហ៊ុនធានារ៉ាប់រង និងពាណិជ្ជករទំនិញដទៃទៀត អំពីគ្រោះថ្នាក់ដែលអាចកើតមាននៅសមុទ្រខ្មៅ ទោះបីជាពួកគេទាំងនោះដឹកគ្រាប់ធញ្ញជាតិ និងស្បឿងទៅកាន់ទីផ្សារអន្តរជាតិក៏ដោយ។ ចាប់តាំងពីរុស្ស៊ីបានចាកចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅកាលពីខែមុនមក ទាំងទីក្រុងម៉ូស្គូនិងទីក្រុងគៀវបានចេញការព្រមានរួមថា នឹងធ្វើការវាយប្រហារភ្លាមចំពោះនាវា ឬកប៉ាលណាដែលអាចគំរាមកំហែងសន្តិសុខប្រទេសរបស់គេរៀងៗខ្លួន។
នេះគឺជាហានិភ័យមួយទៀតសម្រាប់ពិភពលោក ពិសេសបញ្ហាស្បឿងដែលកំពុងក្លាយជាប្រធានបទក្តៅគគុកនាពេលថ្មីៗនេះ។ គួរជម្រាបថា រុស្សី និងអ៊ុយក្រែនគឺជាប្រទេសផលិតផលិតផលកសិកម្មធំៗបំផុតពីររបស់ពិភពលោកដូចជា ស្រូវសាលី ស្រូវបាឡេ ពោត ប្រេង គ្រាប់ផ្កាឈូករ័ត្ន។ រុស្ស៊ីក៏ជាអ្នកផលិតជីដ៏ធំបំផុតនៅលើពិពភលោកផងដែរ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុននៅប្រទេសជប៉ុនចំនួនជិត៤០%បានជួលបុគ្គលិកដែលមានអាយុលើសពី៧០ឆ្នាំ

ព័ត៌មាន
ក្រុមហ៊ុនជប៉ុនមួយចំនួនកំពុងពឹងលើបុគ្គលិកវ័យចាស់កាន់តែច្រើនដើម្បីបំពេញកង្វះកម្លាំងពលកម្ម និងធ្វើឱ្យអាជីវកម្មកាន់តែប្រកួតប្រជែងដោយកាលពីឆ្នា…

ក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិនចេញសេចក្តីណែនាំជាង២០ចំណុចដើម្បីជំរុញបង្កើនការវិនិយោគបរទេសនៅប្រទេសចិន

ព័ត៌មាន
ក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិនបានចេញសេចក្តីណែនាំចំនួនជាង២០ចំណុចកាលពីថ្ងៃអាទិត្យដែលក្រុមប្រឹក្សារដ្ឋនេះបាននិយាយថានឹងធ្វើឱ្យបរិយាកាសវិនិយោគប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ