សម្រាប់ករណីរកឃើញកូវីដ-១៩ បំប្លែងខ្លួនថ្មីនៅកម្ពុជា គឺត្រូវបានកឃើញលើអ្នកដំណើរចំនួន៣នាក់ រួមមាន៖
១, បុរជនជាតិឥណ្ឌា ធ្វើដំណើរមកពីប្រទេសឥណ្ឌា បន្ដជើងហោះហើរនៅប្រទេសសង្ហបុរី ហើយមកដល់កម្ពុជានៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២១។
២, ស្ត្រីជនជាតិឥណ្ឌា ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌា បន្ដជើងហោះហើរនៅប្រទេសសង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២១។
៣, ស្ត្រីជនជាតិចិន ធ្វើដំណើរពីប្រទេសចិន ហើយបន្ដជើងហោះហើរនៅកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២១។ បច្ចុប្បន្នពួកគេទាំង៣នាក់ កំពុងព្យាបាលនៅរាជធានីភ្នំពេញ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា។
បើតាមក្រសួងសុខាភិបាលកម្ពុជា មេរោគកូវីដ-១៩ ដែលបានបំប្លែងខ្លួនថ្មី កំពុងរាតត្បាតខ្លាំង ហើយអ្នកវិទ្យាសាស្ត្របានរកឃើញជាបណ្ដើរៗ ហើយមេរោគនេះ មានភាពឆ្លងសាហាវ លឿន និងធ្ងន់ធ្ងរជាងវីរុសកូវីដ-១៩ បច្ចុប្បន្នទៅទៀត។
បើតាមអង្គការសុខភាពពិភពលោក មេរោគបំប្លែងខ្លួនថ្មី (ប្រភេទ B.1.1.7) ប្រមាណជាង ៨០ប្រទេសហើយ នៅតំបន់អាស៊ី បានរកឃើញមានវត្តមានមេរោគបំប្លែងខ្លួនថ្មីនេះ និងមានជាង៣០០ករណីត្រូវបានរកឃើញ។
ក្រសួងសុខាភិបាលបន្ដអំពាវនាវឲ្យពលរដ្ឋត្រូវអនុវត្តវិធានការអនាម័យ បង្ការកូវីដ-១៩ ឲ្យបានខ្ជាប់ខ្ជួន កុំមានការធ្វេសប្រហែសឲ្យសោះ។
ដោយឡែក ចំពោះការរកឃើញនៅក្នុងប្រទេសថៃវិញ គឺរកឃើញលើ បុរសវ័យ៤១ឆ្នាំរូបនោះជាអ្នកជំនួញដែលធ្លាប់បានទៅធ្វើការនៅប្រទេស តង់ហ្សានី មុនពេលត្រលប់មកដល់ប្រទេសថៃវិញក្នុងថ្ងៃទី២៩មករា។ វត្ថុសំណាករបស់បុរសរូបនោះបង្ហាញថាវិជ្ជមានកូវីដ-១៩។ ប៉ុន្តែមន្ត្រីសុខាភិបាលថៃទើបតែកំណត់បាន កាលពីថ្ងៃអាទិត្យទី១៤កុម្ភៈថា ជំងឺកូវីដ-១៩ដែលបុរសរូបនោះមានផ្ទុក ទំនងជាប្រភេទដូចគ្នាទៅនឹងជំងឺកូវីដ-១៩ប្រភេទថ្មីដែលបានផ្ទុះឡើងនៅ អាហ្វ្រិចខាងត្បូងនិង នៅចក្រភពអង់គ្លេស។
យ៉ាងណាមិញ លោក Opas មន្ត្រីសុខាភិបាលជាន់ខ្ពស់របស់ថៃបានបង្ហាញថា កូវីដ-១៩ប្រភេទថ្មីនេះអាចនឹងមានល្បឿនលឿន ក្នុងការចម្លងពីមនុស្សម្នាក់ទៅម្នាក់ តែវាមិនបង្កសភាពធ្ងន់ធ្ងរដល់អ្នកជំងឺនោះទេ។ លោកបានបន្ថែមថា ការសិក្សាជំហានដំបូងបង្ហាញថា វ៉ាក់សាំងកូវីដ-១៩ដែលកំពុងប្រើប្រាស់បច្ចុប្បន្ន អាចផ្តល់ការការពារបានតិចតួចប៉ុណ្ណោះចំពោះជំងឺកូវីដ១៩ប្រភេទថ្មីនេះ។
សូមបញ្ជាក់ជូនថា គិតមកដល់ពាក់កណ្តាលខែកុម្ភៈនេះ ថៃកំពុងត្រូវបានយាយីដោយកូវីដ-១៩ដែលកំពុងរាលដាលពាសពេញសហគមន៍ ដោយដំបូងឡើយផ្ទុះចេញពីផ្សារលក់គ្រឿងសមុទ្រក្នុងខេត្តសាមុត សាខន ខណៈសប្តាហ៍មុនទៀតសោត ថៃទើបរកឃើញវិជ្ជមានកូវីដ-១៩ជិត២០០ករណី ក្នុងផ្សារលក់គ្រឿងសមុទ្រមួយកន្លែងទៀតក្នុងខេត្ត ប៉ាទុំ តានី (Pathum Thani)៕