
បើតាមការឲ្យដឹងពីលោក Jare. Khan man អ្នកគ្រប់គ្រងទូទៅ សួនសត្វ ភ្នំពេញ សាហ្វារី បានឲ្យដឹងថា សួនសត្វថ្មីនេះ បានវិនិយោគសាងសង់ក្នុងទឹកប្រាក់អស់ប្រមាណជាង ១០លានដុល្លារអាមេរិក។
សួនសត្វដ៏ធំជាងគេមួយនេះ សាងសង់នៅលើផ្ទៃដីជាង ៦០ហិកតា ក្នុងជំហានទី១ ដែលហ៊ុមព័ទ្ធទៅដោយរចនាបថដ៏សម្បូរបែបលំនាំតាមសម័យអង្គរ ទាំងក្នុងនិងក្រៅ អមជាមួយនឹងព្រៃឈើរាប់សិបហិកតា ជាតំបន់ទេសចរណ៍ដ៏សំខាន់សម្រាប់សម្រាកលំហែកាយ។
សួនសត្វដ៏ធំមួយនេះ អភិវឌ្ឍសាងសង់ដោយឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ដែលស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបថ្មី របស់អ្នកឧកញ៉ា លី យ៉ុង ផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ប្រមាណ ១៨គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។

លោក Jare Khan man បានបញ្ជាក់ លក្ខណៈពិសេសរបស់សួនសត្វ ភ្នំពេញ សាហ្វារី ចែកចេញជាបួនតំបន់សំខាន់ៗ មានដូចជា ទី១ កន្លែងសម្តែងសត្វខ្លា ទី២ កន្លែងសម្តែងសត្វក្រពើ ទី៣ កន្លែងសម្តែងសត្វស្វា អ៊ូរ៉ង់អ៊ូតង់ និងទី៤ កន្លែងសម្តែងសត្វសេកមកពីអាហ្វ្រិក និងមកពីប្រទេសផ្សេងៗទៀត។
លោកបន្តថា ក្រៅពីបួនទីតាំងសំខាន់ៗខាងលើនេះ នៅមានកន្លែងសត្វជាច្រើនប្រភេទទៀតសម្រាប់ទស្សនា ហើយក៏មានសួនទឹកសម្រាប់ជិះទូកកម្សាន្ត មានរថភ្លើងជិះមើលសត្វ និងកន្លែងក្មេងលេងផងដែរ។

លោក Jare សង្ឃឹមថា នៅពេលដែលសួនសត្វដ៏ធំនេះដំណើរការជាផ្លូវការវាមិនត្រឹមតែទាក់ទាញភ្ញៀវទេសចរក្នុងស្រុកប៉ុណ្ណោះទេ វាក៏នឹងទាក់ទាញភ្ញៀវទេសចរពីក្រៅប្រទេស មកកម្សាន្តនៅប្រទេសកម្ពុជាយើងផងដែរ ដោយសារតែវាជាសួនសត្វធំទី១នៅភ្នំពេញ។
បច្ចុប្បន្ន សួនសត្វនេះត្រូវបានក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ក្នុងស្រុកនិងក្រៅស្រុកជាច្រើនទាក់ទងមក ដើម្បីនាំភ្ញៀវទេសចរមកកម្សាន្តនៅសួនសត្វនេះផងដែរ។

លោកបញ្ជាក់ថា ក្រុមហ៊ុនលោកនឹងខិតខំផ្សព្វផ្សាយនិងជំរុញវិស័យទេសចរណ៍កម្ពុជាឲ្យកាន់តែរីកចម្រើន។ ហើយតាមរយៈការវិនិយោគសួនសត្វនេះ ក្រុមហ៊ុននឹងធ្វើឲ្យកន្លែងនេះ ក្លាយជាចំណុចទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ពោលជាតំបន់ទេសចរណ៍ដ៏សំខាន់សម្រាប់រាជធានីភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជា និងអន្តរជាតិ ផងដែរ។
សូមជម្រាបផងដែរថា ការវិនិយោគសួនសត្វកម្សាន្តដ៏ធំនេះ ស្ថិតនៅក្នុងគម្រោងវិនិយោគជាច្រើនដែលកំពុងដំណើរការក្នុងទីក្រុងរណប របស់អ្នកឧកញ៉ា លី យ៉ុងផាត់។ ជាក់ស្តែង ក្រុមហ៊ុនទើបតែប្រកាសវិនិយោគគម្រោងថ្មីមួយទៀតទៅលើសួនទឹកកម្សាន្តដ៏ទំនើបធំជាងគេបង្អស់នៅកម្ពុជា ហើយក៏ធំជាងគេបង្អស់នៅក្នុងតំបន់អាស៊ី ក្នុងទឹកបា្រក់ ៣០លានដុល្លារអាមេរិក ដែលនឹងចាប់ផ្តើមសាងសង់ក្នុងខែនេះហើយ នៅទល់មុខនឹងសួនសត្វភ្នំពេញនេះ៕
