
សួនសត្វនេះបានវិនិយោគក្នុងទឹកប្រាក់អស់ប្រមាណជាង ១០លានដុល្លារអាមេរិក។ នេះបើយោងតាមការឲ្យដឹងពីជនជាតិថៃ ជាអ្នកគ្រប់គ្រងសួនសត្វ ភ្នំពេញ សាហ្វារី ដែលប្រាប់សារព័ត៌មានអេឡិចត្រូនិក ខេមបូណូមីស។
សួនសត្វដ៏ធំមួយនេះ អភិវឌ្ឍសាងសង់ដោយអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ដែលស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបថ្មី របស់អ្នកឧកញ៉ា លី យ៉ុង ផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ប្រមាណ ១៨គីឡូម៉ែត្រពីរាជធានីភ្នំពេញ។

សួនសត្វ ភ្នំពេញ សាហ្វារី សាងសង់វិនិយោគក្នុងទឹកប្រាក់ជាង ១០លានដុល្លារអាមេរិក ដោយអ្នកឧកញ៉ា លី យ៉ុងផាត់។
លក្ខណៈពិសេសរបស់សួនសត្វ ភ្នំពេញ សាហ្វារី ចែកចេញជាបួនតំបន់សំខាន់ៗ មានដូចជា ទី១ កន្លែងសម្តែងសត្វខ្លា ទី២ កន្លែងសម្តែងសត្វក្រពើ ទី៣ កន្លែងសម្តែងសត្វស្វា អ៊ូរ៉ង់អ៊ូតង់ និងទី៤ កន្លែងសម្តែងសត្វសេកមកពីអាហ្វ្រិក និងមកពីប្រទេសផ្សេងៗទៀត។
ក្រៅពីបួនទីតាំងសំខាន់ៗខាងលើនេះ នៅមានកន្លែងសត្វជាច្រើនប្រភេទទៀតសម្រាប់ទស្សនា ហើយក៏មានសួនទឹកសម្រាប់ជិះទូកកម្សាន្ត និងកន្លែងក្មេងលេងផងដែរ។

ទិដ្ឋភាពខាងក្នុងមួយផ្នែកនៃសួនសត្វ សាហ្វារី វើល ភ្នំពេញ។
សួនសត្វដ៏ធំជាងគេមួយនេះ ហ៊ុមព័ទ្ធទៅដោយរចនាបថដ៏សម្បូរបែបទាំងក្នុងនិងក្រៅ អមជាមួយនឹងព្រៃឈើរាប់សិបហិកតា នឹងក្លាយជាចំណុចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពោលជាតំបន់ទេសចរណ៍ដ៏សំខាន់សម្រាប់រាជធានីភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជាផងដែរ។
បច្ចុប្បន្ន ក្រុមហ៊ុនបានចេញប្រកាសសេចក្តីជូនដំណឹងនៅកញ្ចក់ទូរទស្សន៍ PNN ស្វែងរកអាជីវករណាដែលមានបំណងចង់ជួលហាងក្នុងទីតាំងសួនសត្វ ភ្នំពេញ សាហ្វារី ពីព្រោះ សួនសត្វនឹងបើកជូនទស្សនាក្នុងពេលឆាប់ៗខាងមុខនេះ៕
© 2019 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ ខេមបូណូមីស។ សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ 089 777 076។