ផ្សារមូលបត្ររំពឹងគណនីជួញដូរកើនដល់ជាង៦ម៉ឺនគណនីនៅត្រឹមឆ្នាំ២០២៤នេះ!

មេផ្សារភាគហ៊ុនរំពឹងចំនួនគណនីជួញដូរកើនដល់ជាង៦ម៉ឺនគណនីត្រឹមដំណាច់ឆ្នាំ២០២៤នេះ


ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា(CSX)នៅតែមានសុទិដ្ឋិនិយមខ្ពស់ចំពោះការរីកចម្រើនរបស់ទីផ្សារភាគហ៊ុននៅកម្ពុជា ដោយរំពឹងថា គណនីជួញដូរនឹងកើនពីជាង៥ម៉ឺន៧ពាន់គណនីនាពេលបច្ចុប្បន្នដល់ប្រមាណជាង៦ម៉ឺន១ពាន់គណនីនៅត្រឹមដំណាច់ឆ្នាំ២០២៤នេះ។ ស្របពេលដែលវិស័យមូលបត្រកម្ពុជាកាន់តែមានការរីកចម្រើន និងរួមចំណែកសំខាន់ក្នុងសេដ្ឋកិច្ច និយ័តករមូលបត្រកម្ពុជា ត្រៀមនឹងដាក់ចេញផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យមូលបត្ររយៈពេលវែងឆ្នាំ២០២៥-២០៣៥ នៅពេលខាងមុខនេះផងដែរ។
ផ្សារមូលបត្ររំពឹងគណនីជួញដូរកើនដល់ជាង៦ម៉ឺនគណនីនៅត្រឹមឆ្នាំ២០២៤នេះ!

នាពិធីពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា «My First Stock» ឆ្នាំ២០២៤ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជាបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការកៀរគរវិនិយោគិនឱ្យចូលមកវិនិយោគក្នុងវិស័យមូលបត្រនេះឱ្យបានកាន់តែច្រើនបន្ថែមទៀត បើទោះបីជានៅក្នុងឆ្នាំនេះតម្លៃភាគហ៊ុនហាក់បង្ហាញទំនោរធ្លាក់ចុះបន្តិចក្តី ពោលគឺទំហំជួញដូរជាមធ្យមនាពេលបច្ចុប្បន្ននេះមានប្រមាណ២០ម៉ឺនដុល្លារក្នុង១ថ្ងៃ។ ទន្ទឹមនេះ មេផ្សារភាគហ៊ុនរូបនេះរំពឹងជឿជាក់ថា ចំនួនគណនីជួញដូរសរុបនឹងកើនឡើងដល់ប្រមាណ៦ម៉ឺន១ពាន់គណនីនៅត្រឹមដំណាច់ឆ្នាំ២០២៤នេះ ខណៈបច្ចុប្បន្នផ្សារមូលបត្រកម្ពុជាទទួលបានគណនីជួញដូរសរុបប្រមាណជាង៥ម៉ឺន៧ពាន់គណនី។ បើតាមឯកឧត្តម ហុង សុហួរ ទោះបីទំហំជួញដូរភាគហ៊ុនរបស់កម្ពុជានៅមានកម្រិត បើធៀបនឹងប្រទេសដទៃក្តី ប៉ុន្តែវិស័យនេះមានការរីកចម្រើនគួរឱ្យកត់សម្គាល់ពីមួយថ្ងៃទៅមួយថ្ងៃ។

ជាមួយគ្នានេះឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជាបានចាត់ទុកវិស័យមូលបត្រកម្ពុជា គឺជាសរសៃឈាមមួយក្នុងការចូលរួមអភិវឌ្ឍកំណើនសេដ្ឋកិច្ច ដែលមានសក្តានុពលក្នុងការចូលរួមអភិវឌ្ឍដល់វិស័យផ្សេងៗទៀត តាមរយៈការផ្តល់ប្រភពទុនរយៈពេលវែងដល់ក្រុមហ៊ុនសហគ្រាស ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន។ ដោយមើលឃើញពីសារសំខាន់របស់វិស័យមូលបត្រកម្ពុជាក្នុងការរួមចំណែកក្នុងកំណើនសេដ្ឋកិច្ច និងដើម្បីធានាបានការអភិវឌ្ឍវិស័យមូលបត្រប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងនិរន្តរភាព និយ័តករមូលបត្រកម្ពុជាត្រៀមដាក់ចេញផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យមូលបត្ររយៈពេលវែងឆ្នាំ២០២៥-២០៣៥ នាពេលខាងមុខនេះ ដើម្បីជំរុញ និងលើកកម្ពស់វិស័យនេះឱ្យកាន់តែប្រសើរថែមទៀត ដ្បិតថា ផែនការនេះគឺដើរស្របគ្នាជាមួយនឹងផែនការអភិវឌ្ឍវិស័យមូលបត្រអាស៊ាន និងសកលលោក។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលផ្សារមូលបត្រកម្ពុជាបានគូសបញ្ជាក់ថា ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា«My First Stock» ឆ្នាំ២០២៤នេះ ធ្វើឡើងក្នុងគោលបំណងជំរុញការយល់ដឹងរបស់សាធារណជន អំពីកាលានុវត្តភាពវិនិយោគនៅក្នុងផ្សារមូលបត្រកម្ពុជា តូយ៉ាងដូចជាសារៈសំខាន់នៃការវិនិយោគ, ចំណេះដឹងនៃការវិនិយោគរវាងរយៈពេលខ្លី និងរយៈពេលវែង, វិធីសាស្រ្តក្នុងការវិនិយោគប្រកបដោយប្រសិទ្ធភាព និងការគ្រប់គ្រងហានិភ័យជាដើម។ ទន្ទឹមនេះ ឯកឧត្តម ហ៊ាន សាហ៊ីប ក៏បានលើកទឹកចិត្តដល់ផ្សារមូលបត្រកម្ពុជា និងនិយ័តករមូលបត្រកម្ពុជា បន្តការយកចិត្តទុកដាក់លើការអភិវឌ្ឍបច្ចេកវិទ្យា ការធ្វើនវានុវត្តន៍ក្នុងវិស័យហិរញ្ញវត្ថុ ការដាក់ឱ្យដំណើរការពហុមុខងារទូទាត់សាច់ប្រាក់ និងការធ្វើទំនើបកម្មប្រព័ន្ធគណនីជួញដូរអនឡាញជាដើម សំដៅធ្វើយ៉ាងណាឱ្យវិស័យមូលបត្រកម្ពុជាកាន់តែរីកចម្រើន។

សូមជម្រាបថា មកទល់ពេលនេះមានក្រុមហ៊ុនចំនួន២៣ បានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុននៅផ្សារមូលបត្រកម្ពុជា ក្នុងនោះមានក្រុមហ៊ុនបោះផ្សាយភាគហ៊ុនចំនួន១១ និងក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណ ឬបណ្ណបំណុលចំនួន១២។ ដោយក្រុមហ៊ុនទាំងនោះ បានកៀរគរទុនពីទីផ្សារបានប្រមាណជិត៤០០លានដុល្លារ៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាព តែន ចិន




អត្ថបទបន្ទាប់


កម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង៥៨ម៉ឺនហិកតា

បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីសរុបជាង៥៨ម៉ឺនហិកតា។ នេះបើយោងតាមទិន្នន័យផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាតិប្រចាំឆ្នាំ២០២៤ ដែល…

តើក្រុមហ៊ុនរកស៊ីក្នុងវិស័យអចលនទ្រព្យគ្មានអាជ្ញាបណ្ណ អាចធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនមានអាជ្ញាបណ្ណ និងវិស័យអចលនទ្រព្យយ៉ាងណាដែរ?

មានក្រុមហ៊ុន និងនីតិបុគ្គលរកស៊ីក្នុងវិស័យអចលទ្រព្យជាច្រើនត្រូវបានរកឃើញថា កំពុងប្រកបអាជីវកម្មដោយខុសច្បាប់ ពោលគឺរកស៊ីដោយគ្មានលិខិតអនុញ្ញាត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ