សម្រាប់ការចូលរួមនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានឡើងថ្លែងសុន្ទរកថាផងដែរ។
សន្និបាតប្រចាំឆ្នាំនេះនឹងពិភាក្សាអំពីសក្តានុពលនៃបច្ចេកវិទ្យាឌីជីថល នឹងវិធីសាស្ត្រពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកលដែលកំពុងកើតមាន និងការពន្លឿនការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ។
នេះជាលើកទី១៤ហើយ ដែលគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញបេសកកម្មការទូតក្រៅប្រទេស ក្នុងគោលបំណងដើម្បីបន្តពង្រឹង ចំណងមិត្តភាពជាមួយប្រទេសក្នុងតំបន់ និងសកល ដោយពង្រីកនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន។
ប្រតិភូអមដំណើរសម្តេចធិបតីចូលរួមសន្និបាតនេះរួមមានឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម លី ធុច ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត៕