យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VnExpress លោក រ៉ូ តៃ មូន (Roh Tae-moon) អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Samsung Electronics បានបញ្ជាក់នៅក្នុងជំនួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញ ហ៊ុង (Le Minh Hung) កាលពីថ្ងៃទី២៧ ខែសីហា ថា នៅក្នុងរយៈពេល១៧ឆ្នាំកន្លងមកនេះការនាំចេញទូរសព្ទ Samsung ពីប្រទេសវៀតណាមទៅកាន់ទីផ្សារពិភពលោកបានរហូតដល់៥០០ពាន់លានដុល្លារអាម៉េរិក។ លោកបានបន្តថា ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី Galaxy Fold 8 ដែលទើបតែប្រកាសចេញលក់ផ្លូវការកាលពីដើមខែសីហា កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង និងមានសន្ទុះទីផ្សារវិជ្ជមានជាសកលផងដែរ។
នៅក្នុងជំនួបនោះនាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញ ហ៊ុង បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ក្រុមហ៊ុន Samsung ដែលបានប្រែក្លាយវៀតណាមទៅជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់ក្នុងខ្សែច្រវាក់តម្លៃសកល។ ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីវៀតណាម ស្នើឱ្យក្រុមហ៊ុន Samsung ជួយជំរុញការផ្លាស់ប្តូរមុខមាត់ប្រទេសនេះពីមជ្ឈមណ្ឌលផលិតកម្មទៅជាមជ្ឈមណ្ឌលស្រាវជ្រាវ អភិវឌ្ឍន៍ និងនវានុវត្តន៍បច្ចេកវិទ្យាវិញ។
ថ្នាក់ដឹកនាំរូបនេះបានបញ្ជាក់ថា វៀតណាមកំពុងធ្វើបរិវត្តកម្មយុទ្ធសាស្ត្រទាក់ទាញការវិនិយោគបរទេស ដោយផ្តល់អាទិភាពខ្ពស់លើគម្រោងបច្ចេកវិទ្យាជឿនលឿន មានតម្លៃបន្ថែមខ្ពស់ និងអាចភ្ជាប់ទំនាក់ទំនងស៊ីជម្រៅជាមួយអាជីវកម្មក្នុងស្រុក។ ជាពិសេស វៀតណាមចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងត្បូងលើវិស័យស្នូលៗរួមមានបន្ទះឈីប, បញ្ញាសិប្បនិម្មិត (AI), មជ្ឈមណ្ឌលទិន្នន័យ, ការស្រាវជ្រាវ និងការធ្វើបរិវត្តកម្មឌីជីថល។
ជាការឆ្លើយតបលោក រ៉ូ តៃ មូន បានអះអាងថា Samsung មិនដែលចាត់ទុកវៀតណាមត្រឹមតែជារោងចក្រផលិតនោះទេ ប៉ុន្តែជាដៃគូយុទ្ធសាស្ត្រវែងឆ្ងាយក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យា។ លោកបានប្តេជ្ញាថា ក្រុមហ៊ុនមានផែនការបង្កើនថវិកាវិនិយោគលើការស្រាវជ្រាវ និងជំរុញការបណ្តុះបណ្តាលកម្លាំងពលកម្មបច្ចេកវិទ្យាជឿនលឿននៅវៀតណាម ដោយក្នុងនោះ មជ្ឈមណ្ឌលស្រាវជ្រាវ និងទិន្នន័យរបស់ Samsung នៅទីក្រុងហាណូយ នឹងដើរតួនាទីយ៉ាងសកម្មក្នុងការសហការជាមួយបណ្តាសាកលវិទ្យាល័យក្នុងស្រុក ដើម្បីពង្រឹងសមត្ថភាពបច្ចេកវិទ្យា និងអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែរឹងមាំ៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស