វិស័យការទូត

តើមេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់អាចប្រើឱកាសជួបពិភាក្សាគ្នានៅកៀហ្ស៊ីស៊ីស្ថាន ដើម្បីរកវិធីសាស្ត្រទប់នឹងសម្ពាធពីលោកខាងលិច ឬយ៉ាងណា?


ក្នុងបរិបទ ដែលពិភពលោកកំពុងបែកបាក់យ៉ាងធ្ងន់ធ្ងរដោយសារសង្គ្រាម ទណ្ឌកម្មសេដ្ឋកិច្ច និងការប្រកួតប្រជែងសព្វាវុធយ៉ាងស្រួចស្រាល់ មេដឹកនាំនៃមហាអំណាចប្រឆាំងឥទ្ធិពលលោកខាងលិច រួមមានរុស្ស៊ី ចិន និងអ៊ីរ៉ង់ កំពុងត្រៀមលក្ខណៈជួបជុំគ្នានៅទីក្រុងប៊ីសខេក ប្រទេសកៀហ្ស៊ីស៊ីស្ថាន នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នេះ។
វិស័យការទូត
ដោយ

ជំនួបកំពូលនេះមិនត្រឹមតែជាការអបអរសាទរខួប២៥ឆ្នាំនៃការបង្កើតអង្គការសហប្រតិបត្តិការក្រុងសៀងហៃ (SCO) ប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងក្លាយជាចំណុចក្តៅនៃភូមិសាស្ត្រនយោបាយសកលក្នុងការវាស់ស្ទង់សមត្ថភាពរបស់ប្រទេសមហាអំណាចទាំងនេះ ក្នុងការប្រឈមមុខតទល់នឹងសម្ពាធ និងការឡោមព័ទ្ធពីប្លុកលោកខាងលិច។

សារព័ត៌មាន CNA របស់សិង្ហបុរីបានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន, ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងប្រធានាធិបតីអ៊ីរ៉ង់លោក ម៉ាស៊ូដ ប៉េហ្សេខៀន (Masoud Pezeshkian) នឹងជួបជជែកគ្នាក្នុងកិច្ចប្រជុំកំពូលរយៈពេល២ថ្ងៃ នៃអង្គការសហប្រតិបត្តិការក្រុងសៀងហៃ ដោយមានការចូលរួមពីមេដឹកនាំនៃបណ្តាប្រទេសសមាជិកផ្សេងទៀតដូចជាឥណ្ឌា ប៉ាគីស្ថាន បេឡារុស និងប្រទេសនៅតំបន់អាស៊ីកណ្តាល។

ទោះបីជាអង្គការសហប្រតិបត្តិការក្រុងសៀងហៃ ព្យាយាមរក្សាជំហរជាផ្លូវការថា ខ្លួនមិនមែនជាសម្ព័ន្ធភាពយោធាប្រឆាំងនឹងប្លុកណាមួយក៏ដោយ ក៏ប៉ុន្តែការព្រមព្រៀងគ្នារវាងទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង បានប្រែក្លាយវេទិកាតំបន់មួយនេះឱ្យទៅជាឧបករណ៍យុទ្ធសាស្ត្រដ៏មានឥទ្ធិពលក្នុងការរុញច្រានរបៀបវារៈពិភពលោកពហុប៉ូល ដើម្បីបំបែកការត្រួតត្រារបស់សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្ត។

តាមការរំពឹងទុកលោក ពូទីន នឹងមានជំនួបកំពូលដាច់ដោយឡែកជាមួយលោក ស៊ី ជីនភីង និងលោក ប៉េហ្សេខៀន។ ជំនួបត្រីភាគីនេះកើតឡើងចំពេល ដែលកិច្ចសហប្រតិបត្តិការយោធា និងសេដ្ឋកិច្ចរវាងរុស្ស៊ី និងអ៊ីរ៉ង់បានឈានដល់កម្រិតកំពូលដែលមិនធ្លាប់មាន ស្របពេលសង្គ្រាមនៅអ៊ុយក្រែននៅតែបន្តអូសបន្លាយ។ ជាមួយគ្នានេះ សហរដ្ឋអាមេរិក​ ក៏កំពុងបង្កើនកម្ដៅទណ្ឌកម្ម និងគៀបសង្កត់លើទីក្រុងតេអេរ៉ង់ ព្រមទាំងព្រមានពីផលវិបាកធ្ងន់ធ្ងរដល់ប្រទេសទាំងឡាយណា ដែលបន្តជួយទ្រទ្រង់សេដ្ឋកិច្ចអ៊ីរ៉ង់ ដែលក្នុងនោះ ចិនជាអ្នកទិញប្រេងធំបំផុតរបស់អ៊ីរ៉ង់បានប្តេជ្ញាយ៉ាងម៉ឹងម៉ាត់ថា នឹងការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួនដោយគ្មានការរារែក។

ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគភូមិសាស្ត្រនយោបាយបានគូសបញ្ជាក់ថា ផ្ទៃក្នុងនៃអង្គការសហប្រតិបត្តិការក្រុងសៀងហៃ ក៏មិនមែនគ្មានភាពតានតឹងនោះដែរ ដោយរុស្ស៊ី និងចិនកំពុងប្រជែងគ្នាដណ្តើមឥទ្ធិពលស្ងាត់ៗនៅតំបន់អាស៊ីកណ្តាល ដែលជាប៉ូលសន្តិសុខចាស់របស់រុស្ស៊ី ប៉ុន្តែកំពុងត្រូវចិនក្តោបក្តាប់ផ្នែកសេដ្ឋកិច្ចតាមរយៈគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ។ ជាមួយគ្នានេះ ភាពតានតឹងផ្នែកព្រំដែន និងនយោបាយរវាងចិន-ឥណ្ឌា និងឥណ្ឌា-ប៉ាគីស្ថាននៅតែជាឧបសគ្គរារាំងមិនឱ្យអង្គការសហប្រតិបត្តិការក្រុងសៀង ក្លាយជាប្លុកយោធារួមមួយបានឡើយ។

សរុបមកជំនួបកំពូលនៅទីក្រុងប៊ីសខេក នៅថ្ងៃទី៣១ ខែសីហា នឹងក្លាយជាឆាកល្បងកម្លាំងយុទ្ធសាស្ត្រដ៏សំខាន់មួយ ដែលបង្ហាញឱ្យពិភពលោកឃើញថា ទោះបីជាមានភាពរកាំរកូសផ្ទៃក្នុងខ្លះក៏ដោយ ក៏រុស្ស៊ី ចិន និងអ៊ីរ៉ង់នៅតែអាចស្របគ្នាក្នុងការបង្កើតជញ្ជាំងការពារសេដ្ឋកិច្ច និងនយោបាយ ដើម្បីទប់ទល់នឹងសម្ពាធពីលោកខាងលិចបានយ៉ាងរឹងមាំ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីការពារជាតិអាម៉េរិក​ច្រានចោលដំណឹងដែលថា លោកនឹងឈរឈ្មោះប្រជែងតំណែងប្រធានាធិបតី​ ខណៈសមរភូមិស្នងតំណែងបន្តពីលោក ត្រាំ កាន់តែឡើងកម្ដៅ

ការប្រជែងតំណែងប្រធានាធិបតីអាម៉េរិក​នៅឆ្នាំ២០២៨ ទើបស្ថិតនៅដំណាក់កាលដំបូងប៉ុណ្ណោះ ប៉ុន្តែសមរភូមិស្នងតំណែងក្នុងជួរគណបក្សសាធារណរដ្ឋ កំពុងច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ