បំណុលស៊ីរី

អារ៉ាប៊ីសាអូឌីត និងកាតា ប្រកាសជួយសងបំណុលស៊ីរី ដែលជាប់គាំងជាង១៤ឆ្នាំ


ប្រទេសស្តេចប្រេងអារ៉ាប៊ីសាអូឌីត និងកាតា បានប្រកាសជួយសងបំណុលប្រទេសស៊ីរី ដែលជំពាក់ធនាគារពិភពលោក ដើម្បីបើកផ្លូវឱ្យប្រទេសនេះអាចមានលទ្ធភាពទទួលបានហិរញ្ញប្បទានបន្ថែមសម្រាប់ស្តារប្រទេស និងសេដ្ឋកិច្ចឡើងវិញ។ ការប្រកាសជួយរ៉ាប់រងទូទាត់បំណុលរបស់ប្រទេសស្តេចប្រេងទាំងពីរនេះធ្វើឡើងក្រោយប្រទេសស៊ីរី បានបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃជាង១៤ឆ្នាំរបស់ខ្លួនកាលពីពេលថ្មីៗនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Euro News។
បំណុលស៊ីរី
ដោយ

ប្រទេសស៊ីរី ដែលទើបងើបចេញពីសង្គ្រាមដ៏រ៉ាំរ៉ៃ ត្រូវការកញ្ចប់មូលនិធិមួយចំនួន ដើម្បីទូទាត់សងបំណុលប្រទេសជាដៃគូ ជាពិសេសធនាគារពិភពលោក ដែលជាប់គាំង ដើម្បីជាការបើកផ្លូវឱ្យខ្លួនអាចមានលទ្ធភាពទទួលបានកម្ចី និងហិរញ្ញប្បទានពីប្រទេសដៃគូ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ បន្ថែមសម្រាប់ស្តារប្រទេស និងសេដ្ឋកិច្ចឡើងវិញ។

យ៉ាងណាមិញប្រទេសអារ៉ាប៊ីសាអូឌីត និងកាតា បានប្រកាសជួយសងបំណុលដែលនៅសេសសល់របស់ស៊ីរី ដល់ធនាគារពិភពលោក ដែលជាចំណាត់ការមួយអាចធ្វើឱ្យស្ថាប័នអន្តរជាតិមួយនេះ បន្តជួយគាំទ្រដល់ប្រទេសដែលហែកហួរដោយសង្រ្គាមនេះឡើងវិញ។​

ក្រោយការប្រកាសខាងលើ ក្រសួងការបរទេសស៊ីរី បានចេញមកថ្លែងអំណរគុណដល់ប្រទេសស្តេចប្រេង និងឧស្ម័នទាំងពីរសម្រាប់ការជួយសងបំណុលរបស់ខ្លួន ដែលជាការបើកផ្លូវឈានទៅរកការពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការស្តារ និងកសាងប្រទេសឡើងវិញក្រោយជម្លោះ១៤ឆ្នាំ ដែលបានសម្លាប់មនុស្សកន្លះលាននាក់ និងបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយនៅក្នុងប្រទេស។

ចាប់តាំងពីការដួលរលំនៃរដ្ឋាភិបាលរបស់លោក បាសា អាសាត (Bashar Assad ) នៅដើមខែធ្នូ ឆ្នាំ២០២៤ ក្រុមអ៊ីស្លាមនិយម ដែលដឹកនាំដោយលោក ហាយ៉ាត តារៀ អាលសាម (Hayat Tahrir al-Sham ) កំពុងដឹកនាំបន្ត ហើយអារ៉ាប៊ីសាអូឌីត និងកាតាត្រូវបានគេដឹងថា ជាអ្នកគាំទ្រដ៏សំខាន់ក្នុងការដឹកនាំថ្មីរបស់ប្រទេសនេះ។

មកដល់ពេលនេះស៊ីរី ដែលខ្ទេចខ្ទំដោយសារសង្រ្គាមជាងមួយទស្សវត្សរ៍ គឺត្រូវការមូលនិធិដ៏មហាសាលដោយស្ថាប័នខ្លះថា ត្រូវការប្រមាណ២៥០ពាន់លានដុល្លារ ហើយស្ថាប័នខ្លះថា រហូតដល់លើស៤០០ពាន់លានដុល្លារ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តម្លៃមាស បានធ្លាក់ចុះខ្លាំង ក្រោយវិនិយោគិនរំពឹងសង្គ្រាមពន្ធមានភាពធូរស្បើយ

តម្លៃមាសបានធ្លាក់ចុះយ៉ាងគំហុកមិនធ្លាប់មានពីមុនមកនៅមួយសប្តាហ៍កន្លងមកនេះ ក្រោយសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន ដែលឡើងកម្តៅដូចប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ