កំណើននៃការចុះបញ្ជីសហគ្រាសធុនតូច និងមធ្យម (SME) នៅរ៉ាប៊ីសាអូឌីតនេះ បានបង្ហាញពីការដើរស្របគ្នាជាមួយគោលដៅរបស់ប្រទេសនេះ ដែលមានមហិច្ឆតាបង្កើនការវិនិយោគបរទេសឱ្យឈានដល់៣ទ្រីលានដុល្លារអាម៉េរិក ជាមួយនឹងគោលបំណងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច ផ្ទេរជំនាញ និងបច្ចេកវិទ្យាបរទេសទៅកាន់អារ៉ាប៊ីសាអូឌីត បង្កើតការងារសម្រាប់ពលរដ្ឋអារ៉ាប៊ីសាអូឌីត និងបង្កើនការនាំចេញមិនមែនប្រេងរបស់អារ៉ាប៊ីសាអូឌីត។
យោងតាមអាជ្ញាធរទទួលបន្ទុកសហគ្រាសធុនតូច និងមធ្យមដែលគេស្គាល់ថា ម៉ុនសាអាត់ (Monsha'at) បង្ហាញថា អាជ្ញាបណ្ណអាជីវកម្មថ្មីៗប្រមាណជិត៩ម៉ឺនបណ្ណ ត្រូវបានចេញដោយរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៣។ យុទ្ធសាស្ត្រវិនិយោគថ្នាក់ជាតិថ្មី ដែលមានឈ្មោះថា សារីក ខាងលើនេះត្រូវបានបង្កើតឡើងសម្រាប់ជួយគាំទ្រដល់ក្រុមហ៊ុនធំៗរបស់អារ៉ាប៊ីសាអូឌីត ដើម្បីជំរុញកំណើននៃការវិនិយោគក្នុងស្រុកក្នុងវិស័យឯកជនឱ្យឈានដល់៣,២ទ្រីលានដុល្លារ។
យុទ្ធសាស្រ្តវិនិយោគជាតិដែលបានបង្កើតឡើងក្នុងឆ្នាំ២០២១ នេះរួមមានផែនការវិនិយោគសម្រាប់ផលិតកម្ម ថាមពលកកើតឡើងវិញ ការដឹកជញ្ជូន និងភ័ស្តុភារកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការថែទាំសុខភាព។ យុទ្ធសាស្ត្រនេះមានគោលបំណងបង្កើនការវិនិយោគពីបរទេស ដូច្នេះហើយវាដើរតួនាទីយ៉ាងសំខាន់ និងបានឈានមួយជំហានទៀតឆ្ពោះទៅរកការសម្រេចចក្ខុវិស័យឆ្នាំ២០៣០ (Vision 2030) របស់អារ៉ាប៊ីសាអូឌីត។
យុទ្ធសាស្ត្រនេះមានគោលបំណងជំរុញកំណើនសេដ្ឋកិច្ចរបស់អារ៉ាប៊ីសាអូឌីត តាមរយៈការបង្កើនការរួមចំណែករបស់វិស័យឯកជនឱ្យឈានដល់៦៥% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបង្កើនការវិនិយោគផ្ទាល់ពីបរទេសឱ្យឈានដល់៥,៧%នៃ GDP សរុប។
យុទ្ធសាស្ត្រវិនិយោគថ្នាក់ជាតិនេះ មានគោលបំណងបង្កើនលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ឱ្យឈានដល់១០៣ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ និងបង្កើនការវិនិយោគក្នុងស្រុកឱ្យឈានដល់ប្រមាណ៤៥០ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំនៅឆ្នាំ២០៣០៕
ដោយ: តែម សុខុម