ការទទួលបានប្រភពទុន ឬហិរញ្ញប្បទាន គឺជាសរសៃឈាមដ៏សំខាន់ក្នុងការចាប់ផ្ដើមអាជីវកម្ម រក្សានិរន្តរភាព និងពង្រីកវិសាលភាពប្រតិបត្តិការរបស់សហគ្រាសក្នុងស្រុក។ យ៉ាងណាមិញ ដំណើរការ នៃការទទួលបានកម្ចី ឬឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុនៅតែជាឧបសគ្គធំបំផុត សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ក្នុងការរុញច្រានអាជីវកម្មរបស់ខ្លួនឱ្យរីកលូតលាស់។ តើអ្វីជាឬសគល់ នៃបញ្ហាប្រឈមទាំងនេះ? ហើយតើរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធគួរមានវិធានការ ឬយន្តការលើកទឹកចិត្តបន្ថែមបែបណាទៀត ដើម្បីដោះស្រាយបញ្ហាស្នូលមួយនេះ?
ឧកញ៉ា ស៊ិន ចន្ធី អនុប្រធានសហពន្ធ័សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានចាត់ទុក ការលំបាកទទួលបានហិរញ្ញប្បទានពីគ្រឹះស្ថានហិរញ្ញវត្ថុ គឺជាឧបសគ្គចម្បងធ្វើឱ្យរាំងស្ទះដល់ការរីកលូតលាស់របស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ បើតាមអ្នកជំនាញរូបនេះ ឬសគល់ នៃបញ្ហាប្រឈមនេះ គឺដោយសារពួកគេខ្វះខាតទ្រព្យធានា និងរបាយការណ៍ហិរញ្ញវត្ថុច្បាស់លាស់ គួបផ្សំត្រូវឆ្លងកាត់នីតិវិធីស្មុគស្មាញក្នុងការស្នើសុំហិរញ្ញប្បទាន។ សម្រាប់អ្នកជំនាញរូបនេះ ភាគីពាក់ព័ន្ធគួរតែមានការកែសម្រួលនីតិវិធី ឬដាក់ចេញវិធានការដោះស្រាយជារួមបន្ថែម ដើម្បីឱ្យសហគ្រាសក្នុងស្រុកមានលទ្ធភាពក្នុងការទាញយកហិរញ្ញប្បទានយកទៅប្រើប្រាស់បានកាន់តែទូលំទូលាយ បើមិនដូច្នេះទេសហគ្រាស SME កម្ពុជាពុំអាចស្ទុះងើបឡើងបានលឿនឡើយ។
ឆ្លើយតបនឹងបញ្ហានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់នៅក្នុងវេទិកាជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ចឆ្នាំ២០២៦ ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យដំណើរការនូវយន្តការគាំទ្រជាបន្តបន្ទាប់ ដើម្បីជួយសម្រួលឱ្យសហគ្រាសគ្រប់ធុន ព្រមទាំងធុរកិច្ចថ្មី អាចមានលទ្ធភាពទទួលបាននូវជម្រើសហិរញ្ញប្បទានជាច្រើន ដែលសមស្របជាមួយនឹងប្រភេទអាជីវកម្មរបស់ពួកគេ ដើម្បីគាំទ្រដល់ការរីកលូតលាស់ នៃអាជីវកម្មគ្រប់ប្រភេទ។ បន្ថែមលើនេះនៅក្នុងពេលដ៏ខ្លីខាងមុខ រាជរដ្ឋាភិបាល ក៏គ្រោងនឹងដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិក្នុងគោលដៅបង្កើតមុខរបរ និងការងារ ធានាលំនឹងជីវភាពប្រជាជន និងពង្រឹងភាពធន់ នៃសេដ្ឋកិច្ច និងសង្គមកម្ពុជាសម្រាប់រយៈពេលខ្លី និងមធ្យមនាពេលខាងមុខ។
ទន្ទឹមនឹងនេះដែរឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ទោះបីជាមានកម្មវិធីគាំទ្រជាច្រើនក៏ដោយ ប៉ុន្តែមិនមែនមានន័យថាសហគ្រិនទាំងអស់សុទ្ធតែអាចទទួលបាន និងប្រើប្រាស់ការគាំទ្រទាំងនោះបានពេញលេញនោះទេ។ ដូច្នេះគ្រឹះស្ថានពាក់ព័ន្ធមិនគួរបញ្ចប់ការគាំទ្រត្រឹមកម្មវិធីមួយនោះទេ ប៉ុន្តែគួររៀបចំឱ្យមានប្រព័ន្ធណែនាំ ឬបញ្ជូនសហគ្រិនទៅកាន់កម្មវិធីបន្ទាប់ ដែលសមស្របនឹងដំណាក់កាលរីកចម្រើន នៃអាជីវកម្មរបស់ពួកគេ។ បន្ថែមលើនេះ គ្រឹះស្ថានទាំងអស់ត្រូវបង្កើនភាពងាយស្រួល និងបន្តអភិវឌ្ឍផលិតផលហិរញ្ញវត្ថុឱ្យកាន់តែមានភាពចម្រុះ ដើម្បីឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់ធុរកិច្ចក្នុងវិស័យផ្សេងៗគ្នា។
គួរបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការនូវយន្តការជាច្រើន ដើម្បីជំរុញការគាំទ្រដល់សហគ្រាសក្នុងស្រុក ដោយក្នុងនោះធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានបញ្ចេញឥណទានសរុបប្រមាណ៥៣១លានដុល្លារ, ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានបញ្ចេញឥណទានសរុបជាង៦៤៧លានដុល្លារ, សាជីវកម្មធានាទុនឥណទានកម្ពុជាបានផ្តល់ការធានាឥណទានក្នុងទំហំជាង៥៨៨លានដុល្លារ, ឯមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព បានផ្តល់កញ្ចប់ជំនួយប្រមាណ៧លានដុល្លារ ព្រមទាំងមានការចូលរួមយ៉ាងសកម្មពីគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, សហគ្រិនខ្មែរ, មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ និងនិយ័តករមូលបត្រកម្ពុជាជាដើម៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ