ពិភពលោក

រដ្ឋាភិបាលហូឡង់គ្រោងកាត់បន្ថយការងាររដ្ឋ២៥,០០០កន្លែងជំនួសដោយ AI ដែលអាចជួយសន្សំថវិកាបាន៥ពាន់លានដុល្លារក្នុងមួយឆ្នាំ


រដ្ឋាភិបាលហូឡង់ គ្រោង​កាត់បន្ថយការងាររដ្ឋចំនួន២៥,០០០កន្លែង ហើយជំនួសដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលអាចជួយប្រទេសនេះ​សន្សំប្រាក់​បានដល់ទៅ៥ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ប៉ុន្តែទន្ទឹមនឹងជួយកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល ការកាត់បន្ថយការងារនេះ វាអាចធ្វើឱ្យប៉ះពាល់ការងាររបស់មនុស្សរាប់ម៉ឺនកន្លែងផងដែរ។
ការងាររដ្ឋ
ដោយ

រដ្ឋាភិបាលហូឡង់មានគោលដៅសន្សំប្រាក់ឱ្យបាន៩០០លានអឺរ៉ូ ឬលើស១ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំឱ្យបានត្រឹមឆ្នាំ២០២៧ ហើយបង្កើនការសន្សំដល់ប្រមាណ៥ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០៣៥។ ការកាត់បន្ថយបុគ្គលិកប្រមាណ២៥,០០០នាក់ នឹងធ្វើឡើងជាបន្តបន្ទាប់ក្នុងរយៈពេលជាច្រើនឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times កាលពីថ្ងៃទី២៦ ខែតុលា។ ចំនួនមន្ត្រីរាជការរបស់ប្រទេសដែលមានប្រជាជនជាង១៨លាននាក់​នេះ​បានកើនដល់កំណត់ត្រា ១៦០,០០០នាក់នៅចុងឆ្នាំ២០២៥ ពោលគឺកើនឡើង៤១% បើធៀបនឹងឆ្នាំ២០១៨។

លោក អេរិច វេន ដិន ប៊ឺក (Eric van den Burg) រដ្ឋមន្ត្រីទទួលបន្ទុកប្រសិទ្ធភាពរដ្ឋាភិបាលលើកឡើងថា រដ្ឋាភិបាលហូឡង់ មិនអាចបន្តធ្វើការដូចពីមុនទៀតបានទេ ហើយចាំបាច់ត្រូវសម្រេចចិត្តដ៏លំបាក ដើម្បីឱ្យរដ្ឋបាលកាន់តែសាមញ្ញ ឆ្លាតវៃ និងមានទំហំតូចជាងមុន។
ទោះជាយ៉ាងណា ប៉ូលិស និងវិស័យការពារជាតិនឹងត្រូវបានលើកលែងពីការកាត់បន្ថយនេះ។ ផ្ទុយទៅវិញ ក្រសួងស្ថាប័នអធិការកិច្ច និងភ្នាក់ងាររដ្ឋាភិបាលនានានឹងរងផលប៉ះពាល់ខ្លាំងជាងគេ ដោយនាយកដ្ឋានមួយចំនួនអាចត្រូវកាត់បន្ថយបុគ្គលិកពី៤៥% ទៅ៦០%។ ក្រៅពីការប្រើប្រាស់បច្ចេកវិទ្យា AI រដ្ឋាភិបាលហូឡង់ ក៏មានផែនការលុបចោលច្បាប់ និងបទប្បញ្ញត្តិដែលមិនចាំបាច់ ឬស្មុគស្មាញហួសហេតុ​មួយចំនួនធំផងដែរ ដើម្បីកាត់បន្ថយការិយាធិបតេយ្យ និងបន្ថយតម្រូវការបុគ្គលិក។

គណៈរដ្ឋមន្ត្រី​ហូឡង់ គ្រោងបង្ហាញផែនការប្រើប្រាស់ AI ឱ្យកាន់តែទូលំទូលាយនៅដើមឆ្នាំ២០២៧ ហើយទន្ទឹមនេះ រដ្ឋាភិបាលហូឡង់ ក៏ចង់ពឹងផ្អែកកាន់តែច្រើនលើក្រុមហ៊ុនបច្ចេកវិទ្យាហូឡង់ និងអឺរ៉ុប ដើម្បីកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យាពីក្រៅតំបន់។ ផែនការនេះបានបង្ហាញពីការខិតខំប្រើប្រាស់ AI ដើម្បីកាត់បន្ថយការចំណាយ និងបង្កើនប្រសិទ្ធភាពរដ្ឋាភិបាល ខណៈដែលផលប៉ះពាល់លើការងាររបស់មនុស្សនៅតែជាបញ្ហាសំខាន់ដែលត្រូវតាមដាន៕




អត្ថបទបន្ទាប់


តើហ្វីលីពីន ដែលជាប្រធានអាស៊ានប្តូរវេននៅឆ្នាំ២០២៦ កំពុងប្រឈមនឹងបញ្ហាអ្វីខ្លះ?

ការសិក្សាស្រាវជ្រាវថ្មីមួយបានអះអាងថា ប្រទេសហ្វីលីពីន ដែលជាប្រធានអាស៊ានប្តូរវេននៅឆ្នាំ២០២៦ កំពុងប្រឈមមុខនឹងវិបត្តិនយោបាយ និងសេដ្ឋកិច្ចដ៏ស្រ…

ប្រទេសនានាកំពុងប្រឈមនឹងការតម្រូវឱ្យជ្រើសរើសរវាងប្លុក AI អាម៉េរិក និងចិន

ស្របពេលដែលមហាអំណាចបច្ចេកវិទ្យាកំពូលទាំងពីរ គឺសហរដ្ឋអាម៉េរិក និងចិនបានបង្កើតប្លុក AI រៀងៗខ្លួនដើម្បីពង្រីកឥទ្ធិពល បណ្តាប្រទេសផ្សេងទៀតនៅលើព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ