ស្រីលង្កាបានដាក់កូតាលក់ប្រេងឥន្ទនៈ

ស្រីលង្កាបានដាក់កូតាលក់ប្រេងឥន្ទនៈសម្រាប់អ្នកបើកបរយានជំនិៈ ខណៈវិបត្តិខ្វះខាតថាមពលកាន់តែអាក្រក់


ប្រទេសស្រីលង្កាបានប្រកាសពីការដាក់កូតាលក់ប្រេងឥន្ធនៈប្រចាំសប្តាហ៍សម្រាប់អ្នកបើកបរយានជំនិះ ដោយសារប្រទេសនេះ កំពុងជួបវិបត្តិខ្វះប្រេងកាន់តែអាក្រក់ទៅៗ ហើយពលរដ្ឋបានឈរតម្រង់ជួរកកស្ទះកាន់តែច្រើននៅខាងមុខស្ថានីយ៍ដើម្បីទទួលបានប្រេងឥន្ធនៈចាក់យានយន្តរបស់ពួកគេ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន AFP។
ស្រីលង្កាបានដាក់កូតាលក់ប្រេងឥន្ទនៈ

រដ្ឋមន្ត្រីក្រសួង​ថាមពល​ស្រី​លង្កា​លោក Kanchana Wijesekera បាន​និយាយ​ថា សាជីវកម្ម​ប្រេង Ceylon Petroleum ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​ផ្តល់​ហិរញ្ញប្បទាន​ដល់​ការ​នាំ​ចូល​ប្រេង​ពី​ក្រៅប្រទេស ដើម្បី​ផ្គត់ផ្គង់​ក្នុងស្រុក ខណៈ​ពេល​ដែល​ការ​ប្រើប្រាស់​បាន​កើនឡើង​ដោយសារ​តែ​កង្វះខាត​អគ្គិសនី និង​ឧស្ម័ន​។

លោក Kanchana បាន​និយាយ​ថា លោក​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ប្រើប្រាស់​វិធីសាស្ត្រ​ចុះ​ឈ្មោះ​អ្នក​ប្រើប្រាស់​នៅ​ស្ថានីយ៍​ចាក់​ប្រេង​ឥន្ទ​នៈ ហើយ​ផ្តល់​ឱ្យ​ពួក​គេ​នូវ​ការ​កំណត់​ប្រចាំ​ស​ប្តា​ហ៍ ដែល​មានការ​ធានា​រហូត​ដល់​ប្រទេស​អាច​ពង្រឹង​ស្ថានភាព​ហិរញ្ញវត្ថុ​បាន​នោះ​ទេ​។

ទន្ទឹម​នឹង​នោះ រដ្ឋមន្ត្រីក្រសួង​ថាមពល​រូប​នេះ​រំពឹង​ថា វិធានការ​នេះ​នឹង​ដាក់​ចេញ​នៅ​ក្នុង​ស​ប្តា​ហ៍​ដំបូង​ក្នុង​ខែកក្កដា ប៉ុន្តែ លោក​មិន​បាន​បញ្ជាក់​លម្អិត​ថា តើ​អ្នកបើកបរ​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទិញ​ប្រេង​ឥន្ទ​នៈ​ក្នុង​បរិមាណ​ប៉ុន្មាន​ក្នុង​១​ស​ប្ដា​ហ៍ ដែល​បាន​កំណត់​នៅ​ក្នុង​កូតា​នោះ​ទេ​។

គួរ​រំ​ឮ​កថា ប្រទេស​ស្រី​លង្កា​កំពុង​តស៊ូ​ជាមួយនឹង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត​របស់​ខ្លួន ដោយ​ប្រទេស​នេះ​មិន​មាន​ទុនបំរុង​ប្រាក់​អន្តជាតិ​គ្រប់គ្រាន់​សម្រាប់​ប្រើប្រាស់​លើ​ការ​នាំ​ចូល​សម្ភារៈ​ចាំបាច់​បាន ដូច​ជា ស្បៀងអាហារ ប្រេងឥន្ធនៈ និង​ថ្នាំ ពេទ្យ​ជាដើម​។ ក្នុង​នោះ កាលពី​ពាក់កណ្តាល​ខែមេសា រដ្ឋាភិបាល​ប្រទេស​នេះ ក៏​បាន​កំណត់​ឱ្យ​ស្ថានីយ៍​ប្រេងឥន្ធនៈ​ទាំងអស់​មិន​ត្រូវ​លក់​ប្រេងសាំង ឬ ម៉ា​ស៊ុត លើស​ពី ៤ លី​ត្រ ទៅ ៥ លី​ត្រ​ឱ្យ​អ្នកបើកបរ​ម៉ូតូ និង សម្រាប់​កង់​បី និង​មិន​ឲ្យ​លក់​លើស​ពី ១៩ លី​ត្រ សម្រាប់​អ្នកបើកបរ​រថយន្ត​នោះ​ទេ​។

ទោះ​យ៉ាងណា វិធាន​ការណ៍​ទាំងនេះ ហាក់​មិន​ទទួល​បាន​ប្រសិទ្ធភាព​ឡើយ ខណៈ​អ្នកបើកបរ​យានយន្ត​ជា​ច្រើន​បាន​បង្ហូរ​ប្រេង​ចេញពី​យន្ត​ជំនិះ​របស់​ពួក​គេ​ដើម្បី​ស្តុក​ទុក​ប្រើ​បណ្តោះអាសន្ន ហើយ​ត្រឡប់​ទៅ​តម្រង់​ជួរ​ចាក់​ប្រេង​ម្តងទៀត​។

តួយ៉ាង នៅ​ស​ប្តា​ហ៍​នេះ ការ​តម្រង់​ជួរ​នៅ​ស្ថានីយ៍​ប្រេងឥន្ធនៈ​កាន់តែ​វែង​ជាង​មុន ដោយ​មាន​រថយន្ត​រាប់រយ​គ្រឿង និង ម៉ូតូ​រាប់​ពាន់​គ្រឿង​កំពុង​រង់ចាំ​ជា​ជួរ​ដើម្បី​ទទួល​បាន​ប្រេង​ឥន្ទ​នៈ​។

មែនទែន​ទៅ រដ្ឋមន្ត្រីក្រសួង​ថាមពល​លោក Kanchana បាន​អះអាង​ថា​ថា រដ្ឋាភិបាល​ស្រី​លង្កា​បាន​ទៅ​ជួប​បេសកជន​របស់​ទីក្រុង​មូ​ស្គូ​នៅ​ទីក្រុង​កូ​ឡុំ​បូ​ក្នុង​ប្រទេស​ស្រី​លង្កា ដើម្បី​ឱ្យ​រុ​ស្ស៊ី​ជួយ​ធានា​ការ​ផ្គត់ផ្គង់​ប្រេង​របស់​ទីក្រុង​ម៉ូ​ស្គូ​រ ដោយ​ផ្ទាល់​មក​កាន់​ប្រទេស​របស់​ខ្លួន​។ កាលពី ២ ស​ប្តា​ហ៍​មុន ប្រទេស​ស្រី​លង្កា​បាន​ទទួល​ទិញ​ប្រេង​ឆៅ​របស់​រុ​ស្ស៊ី​ប្រហែល ៩ ម៉ឺន​តោន​ដើម្បី​ចម្រាញ់​នៅ​លើ​កោះ​របស់​ខ្លួន ប៉ុន្តែ​ផលិតផល​សម្រេច​ពី​រោងចក្រ​ចម្រាញ់ គឺ​តិច​ជាង​មួយ​ភាគ​ដប់​នៃ​តម្រូវការ​ប្រចាំ​ថ្ងៃ​របស់​ប្រទេស​ទៅ​ទៀត​។

គួរ​ជម្រាប​ថា ប្រទេស​ស្រី​លង្កា​បាន​ជំពាក់​បំណុល​បរទេស​ចំនួន​ជាង ៥១ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក បើ​គិត​ត្រឹម​កាលពី​ពាក់កណ្តាល​ខែមេសា ហើយ​ចាប់តាំងពី​ពេល​នោះ​មក​ប្រទេស​នេះ បាន​បើក​កិច្ច​ពិភាក្សា​ជាមួយ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​សម្រាប់​សំណើ​កម្ចី​ថវិកា​បន្ថែម​ម្តង​ហើយ​ម្តងទៀត ដើម្បី​ស្តារ​សេដ្ឋកិច្ច​របស់​ខ្លួន​ឡើង​វិញ​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រមុខដឹកនាំកូរ៉េខាងជើងដាក់ផែនការបោសម្អាតមន្ត្រីអាក្រក់ និងបង្រួបបង្រួមផ្ទៃក្នុង

ព័ត៌មាន
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃចន្ទដើមសប្តាហ៍នេះថា មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន និងសមាជិកសភាកំពូលៗរបស់លោកបា…

ប្រធាន WTO ព្រមានពីផលប៉ះពាល់នៃការមិនចុះសម្រុងគ្នារវាងប្រទេសជាសមាជិក ចំពេលកំពុងប្រឈមវិបត្តិសកល

ព័ត៌មាន
ប្រមុខដឹកនាំអង្គការពាណិជ្ជកម្មពិភពលោក បានបង្ហាញសុទិដ្ឋិនិយមថា កិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្មជាង ១០០ប្រទេស នៅទីក្រុងហ្សឺណែវ ដែលធ្វើឡើងចាប់ព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ