បច្ចុប្បន្ន ក្រុមហ៊ុននិងដៃគូជាង ៥០ មកពីផ្នែកផ្សេងៗនៃពិភពលោក បានចូលរួមនៅក្នុងសម្ព័ន្ធដើម្បីលុបបំបាត់សំណល់ប្លាស្ទិកដែលជាចំនួនកើនឡើងទ្វេដង បើប្រៀបធៀបនឹងពេលសម្ពោធដំបូងនៅឆ្នាំ២០១៩ ដែលកាលណោះមានក្រុមហ៊ុននិងដៃគូចំនួន ២០ បានចូលរួម ។ នេះបើយោងតាមលោក Jacob Duer ប្រធាននិងជានាយកប្រតិបត្តិរបស់សម្ព័ន្ធ AEPW ក្នុងឱកាសថ្លែងទៅកាន់សន្និសីទអភិវឌ្ឍន៍ដោយចីរភាព ឆ្នាំ២០២០ ដែលរៀបចំឡើងដោយក្រុមហ៊ុន អេសស៊ីជី ។
“ក្នុងមួយឆ្នាំៗ សំណល់ប្លាស្ទិកប្រមាណ ១១លានតោន ហូរចូលទៅក្នុងសមុទ្រ ហើយប្រសិនបើយើងមិនធ្វើអ្វីៗនៅថ្ងៃនេះទេ ចំនួននេះនឹងកើនឡើងដល់ ២៩លានតោន នៅឆ្នាំ២០៤០ ។” លោក Jacob ថ្លែងយ៉ាងដូច្នេះ នៅឯសន្និសីទអភិវឌ្ឍន៍ដោយចីរភាព ឆ្នាំ២០២០ ៖ សេដ្ឋកិច្ចវិលជុំ ៖ សកម្មភាពដើម្បីអនាគតប្រកបដោយចីរភាព ដែលបានប្រព្រឹត្តទៅកាលពីដើមខែវិច្ឆិកាកន្លងទៅ ។
លោក Jacob បាននិយាយថា សំណល់ប្លាស្ទិកដែលមានតម្លៃគិតជាទឹកប្រាក់ប្រហែល ១២០ពាន់លានដុល្លារ បានបាត់បង់ទៅក្នុងបរិស្ថានដោយសារតែកង្វះប្រព័ន្ធត្រឹមត្រូវដើម្បីគ្រប់គ្រងសំណល់ប្លាស្ទិកនៅក្រោយពេលប្រើប្រាស់រួច ។
លោក Jacob បានថ្លែងយ៉ាងដូច្នេះថា “ចំពោះយើង យើងមិនមែនគ្រាន់តែចង់លុបបំបាត់សំណល់ប្លាស្ទិកប៉ុណ្ណោះនោះទេ ប៉ុន្តែ យើងចង់ប្រែក្លាយសំណល់ប្លាស្ទិកឲ្យក្លាយជាធនធានដែលមានតម្លៃ ។ ការប្រែក្លាយសំណល់ទៅជាទ្រព្យ គឺជាការចាំបាច់ណាស់ ប្រសិនបើពិភពលោកចង់វិវឌ្ឍទៅរកសេដ្ឋកិច្ចបែបវិលជុំ ។”
អេសស៊ីជី ជាផ្នែកមួយនៃសម្ព័ន្ធដើម្បីលុបបំបាត់សំណល់ប្លាស្ទិក តាំងពីពេលសម្ព័ន្ធនេះចាប់បដិសន្ធិនៅដើមឆ្នាំ២០១៩មកម៉្លេះ ហើយតាមរយៈសន្និសីទអភិវឌ្ឍន៍ដោយចីរភាពប្រចាំឆ្នាំរបស់ខ្លួន អេសស៊ីជី បានធ្វើការងារយ៉ាងសកម្មដើម្បីជំរុញប្រព័ន្ធសេដ្ឋកិច្ចវិលជុំ (circular economy) ក្នុងនោះរួមទាំងដំណោះស្រាយប្រកបដោយចីរភាពចំពោះបញ្ហាសំណល់ ។
កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២០ អេសស៊ីជី និងសម្ព័ន្ធ AEPW បានចេញផ្សាយរបាយការណ៍វឌ្ឍនភាពឆ្នាំ២០២០ ដោយបង្ហាញពីសមិទ្ធផលគម្រោងសំខាន់ៗកាលពីឆ្នាំកន្លងទៅ ។
យោងតាមរបាយការណ៍នេះ សម្ព័ន្ធ AEPW បានអនុវត្តគម្រោងចំនួន ១៤ នៅក្នុងទីក្រុងចំនួន ១៤ នៃប្រទេសចំនួន ៦ នៅអាស៊ីអាគ្នេយ៍ ឥណ្ឌា និងអាហ្វ្រិក ដែលតំបន់និងប្រទេសទាំងនេះសុទ្ធសឹងជាសមរភូមិជួរមុខនៃបញ្ហាសំណល់ប្លាស្ទិក។
របាយការណ៍ក៏បានបង្ហាញពីគម្រោងនានាដែលមានតម្លៃប្រមាណ ៤០០លានដុល្លារអាមេរិក ដែលដឹកនាំដោយសមាជិកទាំង៥៥របស់សម្ព័ន្ធ AEPW ឆ្ពោះទៅរកការកសាងដំណោះស្រាយដើម្បីលុបបំបាត់សំណាល់ប្លាស្ទិកនៅក្នុងបរិស្ថាន ។
របាយការណ៍ដដែលនេះ ក៏បានបញ្ជាក់ពីការប្ដេជ្ញាចិត្តពន្លឿនគម្រោងនានានៅក្នុងវិស័យយុទ្ធសាស្ត្រទាំង៤ របស់សម្ព័ន្ធ រួមមាន ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងសំណល់និងកែច្នៃសំណល់, នវានុវត្តន៍, ការអប់រំនិងការចូលរួម, និងការសម្អាត ។
របាយការណ៍វឌ្ឍនភាពឆ្នាំ២០២០ ក៏បានប្រកាសអំពីមហិច្ឆតាឆ្នាំ២០២៥ របស់សម្ព័ន្ធ AEPW ផងដែរ ដោយក្នុងពេល ៥ឆ្នាំខាងមុខនេះ សម្ព័ន្ធ និងសមាជិករបស់ខ្លួន នឹងកសាងនូវគំរូនិងភាពជាដៃគូដែលអាចវិនិយោគបាន ដែលនឹង ៖
• បង្ហាញឲ្យឃើញសំណល់ប្លាស្ទិកកម្រិតសូន្យ នៅក្នុងទីក្រុងជាច្រើន និងបំប្លែងសំណល់ប្លាស្ទិករាប់លានតោន តាមរយៈគម្រោងនានារបស់សម្ព័ន្ធ នៅក្នុងទីក្រុងដែលមានហានិភ័យជាង ១០០ទីក្រុង ។
• ជួយទ្រទ្រង់ជីវភាពរស់នៅប្រកបដោយសុខភាពល្អ ដល់ប្រជាជនជាង ១០០លាននាក់ ដោយជំរុញលទ្ធភាពគ្រប់គ្រងសំណល់ដែលម្ចាស់ការដោយប្រជាជនក្នុងមូលដ្ឋាន ។
• បញ្ចេញការវិនិយោគយ៉ាងហោចណាស់ ៥ ដងច្រើនជាងមុន ដើម្បីពន្លឿនសកម្មភាពនិងដំណោះស្រាយដើម្បីលុបបំបាត់សំណល់ប្លាស្ទិកនិងកសាងទីក្រុងប្រកបដោយចីរភាព ៕