អត្ថបទក្រុមហ៊ុន

អេសស៊ីជី ប្រកាសលទ្ធផលអាជីវកម្មរឹងមាំក្នុងឆ្នាំ២០២១ បើទោះបីមានភាពប្រឈមពីអតិផរណា និងវិបត្តិកូវីដ-១៩ក្ដី បន្ទាប់ពីបានកែប្រែអាជីវកម្មខ្លះដើម្បីដោះស្រាយបញ្ហាសាកលធំៗចំនួន ៣


ក្រុមហ៊ុន អេសស៊ីជី បានប្រកាសកាលពីចុងខែមករាកន្លងទៅ អំពីលទ្ធផលប្រតិបត្តិការអាជីវកម្មរឹងមាំនៅក្នុងឆ្នាំសារពើពន្ធ ២០២១ បើទោះបីជាមានសម្ពាធអតិផរណា ការឡើងថ្លៃថាមពលនិងវត្ថុធាតុដើម ព្រមទាំងជំងឺរាតត្បាតកូវីដ-១៩ក្ដី។
អេសស៊ីជី ប្រកាសលទ្ធផលអាជីវកម្មរឹងមាំក្នុងឆ្នាំ២០២១ បើទោះបីមានភាពប្រឈមពីអតិផរណា និងវិបត្តិកូវីដ-១៩ក្ដី

លទ្ធផលនេះ​ជាផ្លែផ្កា​នៃការជំរុញ​ការកែប្រែ​អាជីវកម្ម​ដើម្បីឆ្លើយតប​ទៅនឹង​និន្នាការធំៗចំនួន ៣ ៖ ដាក់បញ្ចូល ESG ទៅក្នុង​ប្រតិបត្តិការអាជីវកម្ម, ប្រើប្រាស់​បច្ចេកវិទ្យា
ឌីជីថលដើម្បី​បំពេញតម្រូវការរបស់អតិថិជនដែលនាំទៅរកការ​កាត់បន្ថយ​ថ្លៃផលិត និង​ជំរុញ​ការលូតលាស់​ផ្នែកពាណិជ្ជកម្ម​តាមអនឡាញ ដោយ​បង្កើតនូវ​ដំណោះស្រាយថ្មីៗ​ដើម្បី​បំពេញតម្រូវការ​ផ្នែក​សុខុមាលភាព​និង​លើកកម្ពស់​គុណភាពជីវិត ។ អេសស៊ីជីត្រៀមខ្លួនរួចរាល់ដើម្បី​ថែទាំ​សង្គម​ដើម្បី​កាត់បន្ថយ​វិសមភាព​និង​បង្កើន​ប្រាក់ចំណូល​សម្រាប់សហគមន៍​នៅក្នុងប្រទេស​ថៃ និង​នៅអាស៊ាន ។

លោក Roongrote Rangsiyopash ប្រធាន​និង​ជាអគ្គនាយក​ប្រតិបត្តិ​របស់ អេសស៊ីជី បាន​ថ្លែង​ឱ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា «លទ្ធផល​អាជីវកម្ម​មិនទាន់​ធ្វើសវនកម្មរបស់ក្រុមហ៊ុន​សម្រាប់​ឆ្នាំសារពើពន្ធ២០២១នេះ កត់ត្រា​​ចំណូលពីការលក់បាន ៦៧.៤៤៦​ប៊ីលានរៀល (១៦.៥៧៦​លានដុល្លារអាមេរិក) ដែល​កើនឡើង ៣៣% បើធៀបនឹង​ឆ្នាំ​២០២០ ដែលកំណើននេះ​គឺដោយសារលទ្ធផល​ប្រសើរឡើង​ពីអាជីវកម្ម​គ្រប់ផ្នែក ជាពិសេស តម្លៃ​និងបរិមាណលក់​ផលិតផល​គីមី ។ ប្រាក់ចំណេញ​សម្រាប់ឆ្នាំ២០២១ មានសរុប ៦.០០២​ប៊ីលាន​រៀល (១.៤៧៥លានដុល្លារអាមេរិក) កើនឡើង ៣៨% បើធៀបនឹង​ឆ្នាំមុន ដោយសារតែ​លទ្ធផល​ល្អប្រសើរ​នៃ​អាជីវកម្ម​ផលិតផលគីមី ។»

ចំណូលរបស់ អេសស៊ីជី ពីការលក់​ផលិតផល​និងសេវាកម្ម​ដែលមានគុណតម្លៃបន្ថែម​ខ្ពស់ (HVA) នៅក្នុង​ឆ្នាំ​២០២១ មានចំនួន ២៣.១០៣​ប៊ីលានរៀល (៥.៧០៧លានដុល្លារអាមេរិក) ឬស្មើនឹង ៣៤% នៃ​ចំណូលសរុប​ពីការលក់ ។ ជាងនេះ​ទៀត ការអភិវឌ្ឍ​ផលិតផល​ថ្មី (NPD) មានចំណែក​ស្មើនឹង​១៥% និង​ដំណោះស្រាយ
សេវាកម្ម មានចំណែក​ស្មើនឹង ៥% នៃ​ចំណូល​សរុប​ពីការលក់ ។

ចំណូលពីការលក់​មានចំនួនសរុប ១៧.៣៩៨​ប៊ីលានរៀល (៤.២៧៤លានដុល្លារអាមេរិក) នៅក្នុង​ត្រីមាស​ទី៤ នៃឆ្នាំ​២០២១ ដែលកើនឡើង ៨% បើធៀបនឹង​ត្រីមាសមុន ដោយសារតែ​ភាពប្រសើរឡើង​នៃលទ្ធផល​ពី​
អាជីវកម្ម​គ្រប់ផ្នែក ។ ប្រាក់ចំណេញសម្រាប់​ត្រីមាស​ដដែលនេះ មានចំនួន ១.០១៣​ប៊ីលាន​រៀល (២៤៩​លានដុល្លារអាមេរិក) ។

ក្រៅពីនេះ ចំណូលរបស់ អេសស៊ីជី ពីប្រតិបត្តិការ​នៅ​ខាងក្រៅ​ប្រទេស​ថៃ ក្នុងនោះរាប់បញ្ចូលទាំង​ការ​លក់​នាំចេញពីប្រទេស​ថៃ សម្រេចបាន​ចំនួន ៣០.៧៤៥​ប៊ីលានរៀល (៧.៥៩៥​លានដុល្លារអាមេរិក) ក្នុងឆ្នាំ២០២១ ឬ​ស្មើនឹង ៤៦% នៃ​ចំណូលសរុបពីការលក់ ដែល​កើនឡើង ៤៤% ខ្ពស់ជាង​កាលពីឆ្នាំមុន ។

អេសស៊ីជី នៅអាស៊ាន (ដកប្រទេសថៃចេញ)

សម្រាប់ប្រតិបត្តិការ​របស់​ អេសស៊ីជី នៅអាស៊ាន (ដកប្រទេសថៃចេញ) ចំណូល​ពីការលក់​នៅក្នុង​ត្រីមាសទី៤​នៃឆ្នាំ២០២១ សម្រេចបាន​កំណើន ៦២% បើធៀបនឹង​រយៈពេលដូចគ្នា​នៃឆ្នាំមុន ដែលមានចំនួន ៥.០៥៩
​ប៊ីលានរៀល (១.២៤២លានដុល្លារអាមេរិក) និងស្មើនឹង ២៩% នៃ​ចំណូលសរុប​ពីការលក់របស់​ អេសស៊ីជី។
តួលេខនេះ​រួមបញ្ចូលគ្នាទាំងការលក់ពីប្រតិបត្តិការ​ក្នុងស្រុក​នៅក្នុងទីផ្សារអាស៊ាននីមួយៗផង និង​​ការ​នាំចូល​ពី​ប្រតិបត្តិការនៅប្រទេសថៃផង ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ទ្រព្យសរុប​របស់​ អេសស៊ីជី មានចំនួន ១០៥.០១២​ប៊ីលាន​រៀល​ (២៥.៧៩៥​លានដុល្លារអាមេរិក) ខណៈដែល​ទ្រព្យសរុប​របស់​ អេសស៊ីជី នៅអាស៊ាន (ដកប្រទេសថៃចេញ) មានចំនួន ៤៧.៥៧២​ប៊ីលានរៀល (១១.៦៩៧​លានដុល្លារអាមេរិក) ដែលស្មើនឹង ៤៥% នៃ​ទ្រព្យ​បូកសរុបរួមទាំងអស់​របស់​ អេសស៊ីជី ។

ដោយផ្អែកតាម​របាយការណ៍​ត្រីមាសទី៤នៃឆ្នាំ២០២១ ទ្រព្យ​សរុប​របស់​ អេសស៊ីជី នៅកម្ពុជា មាន ១.៨៣៨
​ប៊ីលានរៀល (៤៥២​លានដុល្លារអាមេរិក) ដែល​កើនឡើង ១២% បើធៀបនឹង​រយៈពេល​ដូចគ្នា​នៃឆ្នាំមុន ។
ក្រុមហ៊ុនបានកត់ត្រា​ចំណូល​ពីការលក់​សម្រាប់ត្រីមាសទី៤ នៃឆ្នាំ២០២១ មានចំនួន ៤០៤​ប៊ីលានរៀល (៩៩លានដុល្លារអាមេរិក) កើនឡើង ១% បើធៀបនឹងរយៈពេលដូចគ្នា​នៃឆ្នាំមុន ។

សម្រាប់ឆ្នាំ២០២១ អេសស៊ីជី ប្រចាំកម្ពុជា សម្រេចបានចំណូលពីការលក់ចំនួន ១.៧២១​ប៊ីលានរៀល (៤២៣​លានដុល្លារអាមេរិក) ។ នៅក្នុងត្រីមាសទី៤ នៃឆ្នាំ២០២១ តម្រូវការស៊ីម៉ងត៍មានចំនួន ២,០៦​លានតោន ដែល​ថយចុះ ១៣% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ខណៈដែល​វិស័យ​សំណង់មាន​សភាពនៅទ្រឹង​ដោយសារវិបត្តិ​ជំងឺរាតត្បាតកូវីដ-១៩ ។

ទោះបីយ៉ាងនេះក្ដី អេសស៊ីជី ប្រចាំកម្ពុជា នៅតែបន្ត​គាំទ្រ​ដល់​កិច្ចការសង្គមដដែល តាមរយៈការ​បន្ត​ផ្ដល់​នូវអាហារូបករណ៍ អេសស៊ីជី ចែករំលែក​ក្ដីសុបិន អស់រយៈពេល ៨ឆ្នាំជាប់ៗគ្នា ។ នៅឆ្នាំ២០២១នេះ ក្រុមហ៊ុន​បាន​ផ្ដល់​អាហារូបករណ៍ដល់និស្សិត​សាកលវិទ្យាល័យ ១២រូប និង​អាហារូបករណ៍​ដល់​សិស្សវិទ្យាល័យចំនួន ១០០រូប ។ ជាងនេះទៀត ក្រុមហ៊ុនបាន​ផ្ដល់​ឧបករណ៍ធែប្លិត (tablet) ចំនួន ១០០គ្រឿង​ដល់​សិស្ស​វិទ្យាល័យ​ដើម្បីជួយសម្រួលដល់​ការសិក្សាតាមអនឡាញរបស់ពួកគេក្នុងអំឡុងពេលវិបត្តិកូវីដ-១៩នេះ ។ ទន្ទឹមនឹងនេះដែរ អេសស៊ីជី ប្រចាំកម្ពុជា ក៏បានបរិច្ចាគ​ស៊ីម៉ងត៍និងសម្ភារៈសាងសង់​ដល់​វិទ្យាស្ថានបណ្ដុះបណ្ដាល​ជំនាញ ចំនួន ២ ដើម្បី​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​និងគាំទ្រ​ដល់​ការអប់រំ​សម្រាប់​សិស្សនិស្សិត​កម្ពុជា ផងដែរ ។ 

លោក Roongrote បានមានប្រសាសន៍ថា ៖ «ក្នុងអំឡុងពេញមួយឆ្នាំ២០២១នេះ សេដ្ឋកិច្ចនានា​នៅទូទាំងពិភព​លោក​បានទទួលរងផលប៉ះពាល់ពីតម្លៃថាមពលនិង​វត្ថុធាតុដើម​ឡើងថ្លៃ អតិផរណា និង​វិបត្តិកូវីដ-១៩ ប៉ុន្តែ ក្រុមហ៊ុន អេសស៊ីជី បាន​ពន្លឿន​ជាហូរហែ​នូវ​ការកែប្រែអាជីវកម្មរបស់ខ្លួន ។ ជាលទ្ធផល ក្រុមហ៊ុន​រក្សា​បាននូវ​កំណើនគួរជាទីពេញចិត្ត​ក្នុងអំឡុងឆ្នាំកន្លងទៅ ដោយ​តម្រង់ទិស​អាជីវកម្មទាំងឡាយរបស់ខ្លួន​ទៅតាម​និន្ននាការធំៗចំនួន ៣ ៖ ដាក់បញ្ចូល​ធាតុ ESG ទៅក្នុង​ប្រតិបត្តិការ​អាជីវកម្ម, ប្រើប្រាស់​បច្ចេកវិទ្យា​
ឌីជីថលដើម្បីឆ្លើយតបសេចក្ដីត្រូវការរបស់អតិថិជន, និង​អភិវឌ្ឍ​ដំណោះស្រាយប្រកប​ដោយ​​នវានុវត្តន៍ ដើម្បី​ដើរទាន់​និន្នាការផ្នែកសុខុមាលភាព​និងលើក​កម្ពស់​គុណភាពជីវិត ។

ការដាក់បញ្ចូលធាតុ ESG (បរិស្ថាន, សង្គម និងអភិបាលកិច្ច) ទៅក្នុង​ប្រតិបត្តិការអាជីវកម្ម​ ។ អេសស៊ីជី បានអនុម័ត​គោលការណ៍ ESG 4 Plus ដែលរួមបញ្ចូលអភិក្រមចំនួន ៤ ៖ កំណត់​គោលដៅ​ Net-Zero, ផ្ដោតលើ​សេដ្ឋកិច្ចបៃតង, កាត់បន្ថយ​វិសមភាព និង​អនុវត្ត​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ភាពយុត្តិធម៌​និង​តម្លាភាព ជាក្របខ័ណ្ឌ​អភិវឌ្ឍន៍ស្តង់ដារមួយ​សម្រាប់​ប្រតិបត្តិការអាជីវកម្ម​ជាសាកលរបស់ខ្លួន ស្របទៅតាម​គោលដៅ​អភិវឌ្ឍន៍ប្រកបដោយ​និរន្តរភាព​ (SDGs) របស់អង្គការសហប្រជាជាតិ និង​សេដ្ឋកិច្ច​ BCG របស់រដ្ឋាភិបាល ។ ក្រុមហ៊ុន អេសស៊ីជី បានប្ដេជ្ញាដាក់ទុនវិនិយោគបឋម​ចំនួន ៧០ប៊ីលានបាត រហូតដល់ឆ្នាំ២០៣០ ដើម្បី​កែ​លម្អ​ដំណើរការផលិតកម្ម​និងអភិវឌ្ឍ​អាជីវកម្ម​ដែល​បញ្ចេញ​ឧស្ម័នកាបូន​ទាប ដើម្បីសម្រេចនូវ​គោលដៅ​ការ​បញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់កម្រិតសូន្យ នៅក្នុងឆ្នាំ២០៥០ ។ នៅឆ្នាំ២០២១ ការបញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ត្រូវបាន​កាត់បន្ថយ​បាន ១,៣លានតោន​នៃកាបូន​ឌីអុកស៊ីត (ដែល​ថយចុះ ៤,១% បើ​ធៀបនឹង​រយៈពេល​ដូចគ្នា​នៃឆ្នាំ​២០២០) និង​បង្កើន​អត្រា​នៃ​ការលក់​ផលិតផល​ជម្រើស​បៃតង អេសស៊ីជី ពី ៣៣% នៅឆ្នាំ២០២០ ទៅដល់ ៤១% នៅឆ្នាំ២០២១ ។

ការប្រើ​ប្រាស់​បច្ចេកវិទ្យាឌីជីថល​ដើម្បី​បំពេញ​សេចក្ដីត្រូវការថ្មីៗរបស់អតិថិជន និង​បន្ថែម​គុណតម្លៃ ដើម្បី​កាត់បន្ថយ​ចំណាយ​និងពេលវេលា​ ខណៈ​បង្កើន​លទ្ធផល​ ។ ឧទាហរណ៍រួមមាន បច្ចេកវិទ្យាឌីជីថល​ភ្លោះ (Digital Twin technology) ជាភ្នាក់ងារអនឡាញ​ដែល​ជួយ​នៅក្នុងការវាយតម្លៃ​និងការកែប្រែ​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវគំរូផលិតកម្ម; ដំណោះស្រាយ​បៃតង CPAC ដែល​ប្រើប្រាស់​បច្ចេកវិទ្យាឌីជីថល​ដើម្បី​បង្កើន​ប្រសិទ្ធផល​សំណង់; ការបង្កើត​កម្មវិធីឌីជីថល​ដើម្បីគ្រប់គ្រង​បណ្ដាញចែកចាយ​ដ៏ធំបំផុត ក្នុងនោះរួមបញ្ចូល​ទាំងកម្មវិធី«Prompt Plus» ដែល​ជាកម្មវិធី​ពាណិជ្ជកម្មតាមអនឡាញសម្រាប់​សម្ភារៈសាងសង់ សម្រាប់​ហាង​លក់រាយ​ជាង ៩០០០កន្លែង នៅទូទាំងប្រទេស និងកម្មវិធី “Rak Mao” ជាកម្មវិធី​លទ្ធកម្ម​​សម្ភារៈសាងសង់​តាម​អនឡាញ​សម្រាប់​អតិថិជនជាង ៥ម៉ឺននាក់ ក្នុងនោះរួមទាំង​អ្នកអភិវឌ្ឍន៍ និង​អ្នកម៉ៅការ​ខ្នាតតូច​និងមធ្យម នៅទូទាំងប្រទេសថៃ ។

យុទ្ធសាស្ត្រនានា ក៏រួមបញ្ចូលផងដែរនូវការអភិវឌ្ឍ​ដំណោះស្រាយប្រកប​ដោយ​នវានុវត្តន៍ដើម្បី​ដើរឱ្យ​ទាន់​និន្នាការសុខុមាលភាព​និង​លើកកម្ពស់គុណភាពជីវិត ដូចជា នវានុវត្តន៍ផ្លាស្ទិក​កម្រិតវេជ្ជសាស្ត្រ Isolation Capsule for Air Transportation; ថង់​បោកគក់ដែល​អាចរលាយបានដើម្បីកាត់បន្ថយ​ហានិភ័យ​ចម្លង​មេរោគ​នៅលើសម្លៀកបំពាក់របស់អ្នកជំងឺ; ដំណោះស្រាយ​អគារឆ្លាត ជាដំណោះស្រាយ​គ្រប់គ្រងប្រព័ន្ធ​អគារ​ប្រកប​ដោយ​នវានុវត្តន៍ ដែល​ប្រើប្រាស់​បច្ចេកវិទ្យា IoT ដើម្បី​កែលម្អគុណភាពខ្យល់​និង​សន្សំសំចៃថាមពល; ដំណោះស្រាយជញ្ជាំង​ឆ្អាតអស្ចារ្យ (Ultra Clean Wall Solution) នវានុវត្តន៍បន្ទះក្ដារឆ្លាតវៃដែល​រក្សាបន្ទប់​ឱ្យ​ស្អាតនិង​គ្មានមេរោគ; ម៉ាស៊ីនបន្សុតខ្យល់ SCG Bi-Ionization Air Purifier ដែល​កម្ចាត់​មេរោគ​និង​បាក់តេរី​នៅក្នុងផ្ទះនិងអគារ; ដំណោះស្រាយ​ដំបូលសូឡា អេសស៊ីជី ដែលអាច​ផលិត​ថាមពល​អគ្គិសនី​ពី​ដំបូល​ផ្ទះ និងដំបូលរោងដាក់រថយន្ត ដើម្បីកាត់បន្ថយ​ថ្លៃចំណាយ​លើ​អគ្គិសនី និង​ប្រើប្រាស់អគ្គិសនីសម្រាប់​រថយន្ត​ដើរ​ដោយ​អគ្គិសនី ។

ក្រុមហ៊ុនអាជីវកម្មទាំងឡាយ​គួរតែត្រៀមលក្ខណៈចំពោះ​ការឡើងថ្លៃ​ថាមពល​និង​វត្ថុធាតុដើម​ដែល​បណ្ដាល​មកពីអតិផរណា ។ នៅពេលដែល​អំណាចទិញ​ចាប់ផ្ដើម​រើបឡើងវិញ កម្លាំងទីផ្សារនឹងរុញច្រានថ្លៃទំនិញ​និង​សេវាកម្ម​ឡើងវិញ ។ ដូច្នេះ យុទ្ធសាស្ត្រ​អាជីវកម្ម​នៅក្នុង​ឧស្សាហកម្មនីមួយៗ​ត្រូវតែ​បង្កើន​ប្រសិទ្ធភាព​នៃការអនុវត្ត​ឱ្យបានជាអតិបរមា ត្រូវមាន​វិន័យផ្នែកហិរញ្ញវត្ថុ​ដើម្បី​ទប់ទល់នឹង​អត្រាការប្រាក់ដែលកើនឡើង, បង្កើត​នូវនវានុវត្តន៍​ដើម្បី​ឆ្លើយតបទៅតាមតម្រូវការរបស់អតិថិជនដែល​ផ្លាស់ប្ដូរឥតឈប់ឈរ បន្ថែមពីលើ​ការដាក់​ឱ្យប្រើប្រាស់​បច្ចេកវិទ្យាឌីជីថល ។ អេសស៊ីជី បានបង្កើត​យុទ្ធសាស្ត្រ​អាជីវកម្ម​ដើម្បី​ដោះស្រាយ​​អតិផរណា និង​កសាង​កំណើន​រយៈពេលវែងនៅក្នុង​អាជីវកម្មនីមួយៗរបស់ខ្លួន ឱ្យស្របទៅតាម​និន្នាការធំៗទាំង៣​ខាងលើ» ។

បន្ថែម​លើ​នេះ អេសស៊ីជី ក៏បន្តប្ដេជ្ញាចិត្ត​រួមចំណែកដល់ការអភិវឌ្ឍ​សង្គម ដោយ​អនុវត្ត​នូវគោលការណ៍ ESG ដើម្បី​កាត់បន្ថយ​វិសមភាព ។ ដើម្បី​ជួយ​ដល់​ប្រជាជន​ដែលបាត់បង់​ការងារធ្វើ​ដោយសារកូវីដ-១៩ ក្រុមហ៊ុន​បាន​បង្កើត​កម្មវិធី​អភិវឌ្ឍន៍ជំនាញ​តាមតម្រូវការ ដែល​មាន​អ្នកចូលរួម​ជាង ៣០០០នាក់ និង​បន្ត​ធ្វើ​រហូតដល់​​សម្រេចបានអ្នកចូលរួម​ដល់ទៅ ២ម៉ឺននាក់ នៅត្រឹមឆ្នាំ២០២៥ ។ ឧទាហរណ៍មួយចំនួន រួមមាន ការលើក​កម្ពស់ជំនាញរបស់អ្នកបើកបរ​រថយន្ត​ដឹកទំនិញតាមរយៈ​សាលាអភិវឌ្ឍន៍ជំនាញ អេសស៊ីជី, ​ផ្ដល់ឱកាសការងារ​ជួសជុលតាមរយៈ​ការអនុវត្ត Q-Chang, អភិវឌ្ឍអាជីពនានានៅក្នុង​វិស័យ​កែច្នៃផលិតផល និង​ពាណិជ្ជកម្ម​តាមអនឡាញ និង​មិនមែនអនឡាញ តាមរយៈ​គម្រោង​ថាមពល​សហគមន៍ និង​អភិវឌ្ឍ​បុគ្គលិក​
គិលានុប្បដ្ឋាយិកាជំនួយ, ជំនួយ​ការទណ្ឌពេទ្យ និង​បុគ្គលិកថែទាំមនុស្សចាស់ តាមរយៈ​គម្រោង​រៀន​ដើម្បី​រក​លុយ​របស់​មូលនិធិ អេសស៊ីជី» ។

លើសពីនេះទៅទៀត អេសស៊ីជី ផ្ដល់​អាហារូបករណ៍អប់រំ​ដល់​សិស្សនិស្សិត​ដែលត្រូវការជំនួយ នៅទូទាំង​តំបន់អាស៊ាន ដើម្បីជួយពួកគេ​បន្តការរៀនសូត្រ​​ចាប់យកអាជីពនានា ដូចជា វេជ្ជបណ្ឌិត គិលានុប្បដ្ឋាយិកា វិស្វករ និងគ្រូបង្រៀន ។ អេសស៊ីជី ក៏អប់រំសហគមន៍អំពី​ការគ្រប់គ្រងទឹក​ផងដែរ ដើម្បីធានាការផ្គត់ផ្គង់ទឹក​គ្រប់គ្រាន់​សម្រាប់ការប្រើប្រាស់​និងការស្រោចស្រព ដែលនឹង​បង្កើន​ផលិតភាព​ក្នុងការ​រក្សាបានចំណូលដែល​មានស្ថិរភាព ។ ក្រៅពីនេះ អេសស៊ីជី ក៏បាន​ផ្ដល់​នវានុវត្តន៍​សម្រាប់​បម្រើ​ដល់​ការប្រយុទ្ធប្រឆាំងនឹង​ជំងឺ​កូវីដ-១៩ ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ ៤៧០​លានបាត ដល់ប្រទេសថៃ និង​បណ្ដា​ប្រទេស​អាស៊ាន​ដទៃទៀត​ផងដែរ ៕

© 2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។អត្ថបទបន្ទាប់


មិត្តហ្វូន ប្រារព្ធខួប១៣ឆ្នាំ ជាមួយនឹងបេសកកម្មថ្មីដើម្បីកសាងសង្គមឌីជីថលនៅកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន មិត្តហ្វូន បានប្រារព្ធខួបទី១៣ឆ្នាំនៃការឈានជើងចូលទីផ្សារកម្ពុជារបស់ខ្លួន ជាមួយនឹងការដាក់ចេញនូវបេសកកម្មថ្មីមួយទៀត ដើម្បី «បង្កើតទ…

រាជរដ្ឋាភិបាលជំរុញវិនិយោគិនក្នុងស្រុកវិនិយោគបន្ថែមក្នុងវិស័យកាត់ដេរ ខណៈបច្ចុប្បន្ន មាន៩៥%សុទ្ធសឹងជាវិនិយោគបរទេស

ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា បច្ចុប្បន្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ