ថៃបើកសាលារៀនវិញហើយ! តើ​គេធ្វើដូចម្ដេច?

សាលារៀននៅថៃបើកទ្វារឡើងវិញហើយ! តើ​គេមាន​វិធានការបង្ការ​កូវីដ១៩​អ្វីខ្លះ?


នៅថ្ងៃពុធ (ទី១ ខែកក្កដា ឆ្នាំ២០២០) នេះ សាលារៀននៅទូទាំងប្រទេសថៃ បាន​បើកទ្វារ​ឡើងវិញ​ជាលើកដំបូង បន្ទាប់ពីបានបិទទ្វារ​ចាប់តាំងពីពាក់កណ្ដាលខែមីនាមក ប៉ុន្តែ ដោយ​មាន​វិធានការតឹងរ៉ឹងដើម្បី​បង្ការ​ការឆ្លង​វីរុសកូវីដ១៩។
នៅក្នុងថ្នាក់រៀន ប្រអប់របាំងមុខត្រូវបានដាក់នៅតាមតុនីមួយៗ ដើម្បីរក្សាគម្លាតពីសិស្សម្នាក់ទៅសិស្សម្នាក់ទៀត។ រូបថត Reuters
ដោយ

ទីភ្នាក់ងារ​ព័ត៌មាន រ៉យទ័រ បានផ្សាយថា សាលារៀននានានៅក្នុង​ខេត្ត​ប៉ាធុមថានី បានបើកទ្វារ​ឲ្យ​សិស្ស​រៀនឡើងវិញ ដោយ​មានវិធានការម៉ឺងម៉ាត់ប្រឆាំងការឆ្លង​កូវីដ១៩ ដូចជា ត្រួតពិនិត្យ​កម្ដៅខ្លួនសិស្ស និង​ការដាក់​ប្រអប់របាំងមុខនៅតាមតុរបស់សិស្ស សម្រាប់​រក្សា​គម្លាត​រវាងសិស្សម្នាក់ៗ នៅក្នុងថ្នាក់រៀន។ 

នៅឯសាលារៀនមួយ នៅចម្ងាយប្រហែល ៥០គីឡូម៉ែត្រ ភាគខាងជើងទីក្រុងបាងកក សិស្សជិត ៥ពាន់នាក់ ត្រូវបាន​ប្រាប់​ឲ្យធ្វើ​ស្វ័យចតាឡីស័ក (self-quarantine) នៅតាមផ្ទះ រយៈពេល ១៥ថ្ងៃ នៅមុន​ពេល​នៃការចាប់ផ្ដើម​បើក​សាលារៀន​ឡើងវិញ ដើម្បីជាវិធានការបង្ការបន្ថែម ។ 

នាយកសាលាមួយរូប បានប្រាប់​ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ ថា នៅពេល​ដែលសិស្ស​ចូលមក​ដល់​សាលារៀន លោកគ្រូអ្នកគ្រូ​ចែក​ម៉ាស់មុខ​ឲ្យគ្រប់គ្នា ពីព្រោះ​សិស្ស​គ្រប់រូប​ត្រូវតែពាក់​ម៉ាស់​មុខ​ជាដាច់ខាត ។ ហើយ​លើស​ពីនេះទៀត ក្នុងអំឡុងពេល​ធ្វើសកម្មភាពសិក្សា​ជាក់លាក់ខ្លះ សិស្ស​ត្រូវបាន​ផ្ដល់​របាំងការពារមុខ​បន្ថែមទៀត ផងដែរ ។

សាលារៀននៅថៃបើកទ្វារឡើងវិញ បន្ទាប់ពីបានបិទតាំងពីពាក់កណ្ដាលខែមីនា។ រូបថត Reuters

សិស្ស​ក៏ត្រូវបានគេពិនិត្យ​កម្ដៅ​ខ្លួន ហើយ​ម៉ាស៊ីន​ស្កែន​មុខបញ្ជូន​សារ​ដោយ​ស្វ័យប្រវត្តិ​ទៅកាន់​អាណាព្យាបាល​សិស្ស ផងដែរ ។ 

នៅក្នុងថ្នាក់រៀន ប្រអប់ក្រដាសកាតុងដែលធ្លាប់ត្រូវគេប្រើ​ជាហិបឆ្នោត​ក្នុង​ពេល​បោះឆ្នោត ត្រូវ​បាន​ប្រើ​សម្រាប់​ជា​របាំង​រក្សា​គម្លាត​ពីតុមួយទៅតុមួយទៀត ។ 

ចំពោះវិធានការទាំងនេះ មានប្រតិកម្ម​ចម្រុះគ្នាពីសិស្ស ដោយសិស្ស​ខ្លះថា ខ្លួនមានអារម្មណ៍មានសុវត្ថិភាពដែលមាន​ប្រអប់របាំងមុខ​ការពារ និងរក្សា​គម្លាតពីសិស្ស​ម្នាក់ទៅ​សិស្ស​ម្នាក់ ចំណែក​ឯ​សិស្សខ្លះ​ទៀត រអ៊ូរទាំថា ពួកគេ​ពិបាក​មើល​ទៅកាន់គ្រូ ដោយសារតែ​ប្រអប់​របាំង​ទាំងនេះ។

នៅក្នុង​ប្រទេសថៃ មនុស្ស ៥៨នាក់បានស្លាប់បាត់បង់ជីវិតដោយសារវីរុសកូវីដ១៩ ក្នុងចំណោម​ករណីឆ្លង​សរុប ៣១៧៣ករណី ។ 

រដ្ឋាភិបាលថៃ នៅសប្ដាហ៍នេះ បានសម្រេចពន្យារ​ការអនុវត្ត​ច្បាប់​ដាក់ប្រទេស​ស្ថិតក្នុងភាពអាសន្ន រហូតដល់ដំណាច់ខែកក្កដានេះ ដោយព្រួយបារម្ភអំពីរលកទីពីរនៃការឆ្លងវីរុសកូវីដ១៩ ប៉ុន្តែ ទន្ទឹមនឹងនេះ ក៏មានការបន្ធូរបន្ថយការរឹតបន្តឹងខ្លះដែរ ដោយ​អនុញ្ញាត​ឲ្យ​មានការបើកបារនិងក្លិបកម្សាន្តឡើងវិញ និងការអនុញ្ញាត​ឲ្យ​ជនបរទេស​ខ្លះ អាចធ្វើដំណើរចូលប្រទេសថៃបាន ៕




អត្ថបទបន្ទាប់


ក្រសួងសេដ្ឋកិច្ច៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងជួយជំរុញការធ្វើពិពិធកម្មទីផ្សារនាំចេញ

ព័ត៌មាន
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលអាចនឹងត្រូវចុះហត្ថលេខានៅក្នុងចុងឆ្នាំ២០២០នេះ ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអះអាងថា គឺជា…

ពលរដ្ឋវៀតណាមជិត ៨លាននាក់ បានរងផលប៉ះពាល់ការងារដោយសារកូវីដ-១៩

ព័ត៌មាន
ការរីករាលដាលនៃកូវីដ-១៩ បានបណ្ដាលឲ្យកម្មករនិយោជិត ប្រមាណ ៧,៨ លាននាក់ បានបាត់បង់ការងារធ្វើ ឬត្រូវបានកាត់បន្ថយម៉ោងធ្វើការ។ ក្នុងនោះ មានប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ