
ការធ្វើពហិការរបស់ពលរដ្ឋថៃនេះ បានធ្វើឱ្យពលរដ្ឋខ្មែរមួយចំនួនហាក់មិនសប្បាយចិត្តចំពោះបញ្ហានេះ និងបានប្រកាសឈប់មើលកុនថៃ ដែលបញ្ចាំងនៅកម្ពុជា និងឈប់ប្រើប្រាស់ផលិតផលថៃជាដើម។ តើបញ្ហាវិវាទពាក់ព័ន្ធនឹងការបញ្ចាំងកុននេះ អាចធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ និងទំនាក់ទំនងពាណិជ្ជកម្មដែរឬទេ?

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈយល់ឃើញថា មតិខ្វែងគំនិតគ្នារវាងពលរដ្ឋខ្មែរ និងពលរដ្ឋថៃ លើការបញ្ចាំងភាពយន្ត ពុំបានកើតឡើងជាទូទៅនោះទេ ប៉ុន្តែលោកទទួលស្គាល់ថា វាបានកើតចេញពីមហាជនមួយចំនួន ដែលមានការយល់ច្រឡំ។ អ្នកជំនាញរូបនេះសង្កេតឃើញថា ការធ្វើពហិការរបស់ជនជាតិថៃ មួយចំនួនលើភាពយន្តខ្មែរ ដែលមានចំណងជើងថា ម៉ែក្រឡាភ្លើង ដែលចាក់បញ្ចាំងនៅប្រទេសថៃ គឺដោយសារតែពួកគេបានធ្វើការសន្និដ្ឋានដោយភាន់ច្រឡំ ខណៈភាពយន្តខ្មែរផ្សេងទៀតមិនមានប្រតិកម្មនោះទេ។ បើតាមលោក ប៉ុក បូរក្ស មហាជនមិនត្រូវធ្វើឱ្យមានស្ថានការណ៍កាន់តែធំ ឬបង្កឱ្យក្លាយជាអរិភាពនោះទេ ព្រោះវាអាចធ្វើឱ្យប៉ះពាល់ និងខូចដល់ទំនាក់ទំនងរវាងកម្ពុជា-ថៃ ពិសេសលើការដោះដូរពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការជាច្រើនទៀត ខណៈនៅសល់ភាពយន្តខ្មែរមួយចំនួនទៀត ក៏គ្រោងនឹងចាក់បញ្ចាំងនៅប្រទេសថៃនាពេលខាងមុខផងដែរ។

ពាក់ព័ន្ធបញ្ហានេះដែរ លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ទំនាក់ទំនងរវាងកម្ពុជា-ថៃ បានកើតមានតាំងពីប្រវត្តិសាស្រ្តជាយូរមកហើយ ហើយបញ្ហាវិវាទរាប់ចាប់ពីបញ្ហាទឹកដី វប្បធម៌ប្រពៃណី ក៏ធ្លាប់កើតមានជាបន្តបន្ទាប់ដែរ។
ទន្ទឹមនឹងចាត់ទុកបញ្ហាវប្បធម៌ប្រពៃណីរវាងប្រទេសទាំងពីរជារឿងផុយស្រួយ អ្នកជំនាញរូបនេះយល់ថា ពលរដ្ឋនៃប្រទេសទាំងពីរមិនគួរជីកកកាយរឿងអាក្រក់ៗក្នុងអតីតកាលមកធ្វើជាមូលហេតុដែលធ្វើឱ្យប្រទេសទាំងពីរមានអរិភាពជាមួយគ្នានោះឡើយ ដោយសារតែករណីខ្លះវាបានកើតឡើងដោយបុគ្គលមួយចំនួនតូច ហើយគេ ក៏ពុំគួរទាញបញ្ហាតួចឱ្យក្លាយជាការស្អប់គ្នានោះដែរ។ បើតាមលោកបណ្ឌិត ឈត ប៊ុនថង ទាំងពលរដ្ឋកម្ពុជា និងពលរដ្ឋថៃ គួរក្រឡេកមើលនូវរឿងល្អៗ ដែលត្រូវរំលឹកស្របពេលដែលប្រទេសទាំងពីរមានវប្បធម៌ប្រពៃណីស្រដៀងគ្នា និងជាដៃគូដោះដូរពាណិជ្ជកម្មដ៏សំខាន់។
ទន្ទឹមនឹងនេះលោកបណ្ឌិត ឈត ប៊ុនថង យល់ឃើញថា អ្នកពាក់ព័ន្ធនឹងបញ្ហានេះគួរជួបពិភាក្សាគ្នារកដំណោះស្រាយ ដើម្បីកុំឱ្យករណីខាងលើរីកកាន់តែធំឈានដល់ការដោះស្រាយក្នុងម្រិតក្រសួង ឬរដ្ឋាភិបាល។ បើតាមអ្នកជំនាញរូបនេះ ប្រតិបត្តិករពាក់ព័ន្ធដែលបានចុះកិច្ចសន្យាជាមួយគ្នាគួរកវិធី ដើម្បីពន្យល់ប្រជាជាតិរៀងៗខ្លួន ហើយក្នុងករណីមិនអាចដោះស្រាយបាន គឺទាមទារឱ្យមានការចូលរួមពីក្រសួង ស្ថាប័នជំនាញដើម្បីពង្រួមបញ្ហាឱ្យបានទាន់ពេល។ សម្រាប់អ្នកជំនាញរូបនេះ ដើម្បីដោះស្រាយបញ្ហារវាងប្រទេសកម្ពុជា-ថៃ ឱ្យបានយូរអង្វែង គឺទាមទារឱ្យមានយន្តការផ្សេងៗ ស្របពេលបច្ចុប្បន្នប្រទេសទាំងពីរមានអ្នកនយោបាយ និងថ្នាក់ដឹកនាំប្រទេសមានទំនាក់ទំនងល្អជាមួយគ្នា ដោយត្រូវប្រើប្រាស់យន្តការដែលមានស្រាប់ ដើម្បីធ្វើយ៉ាងណាឱ្យកាន់តែមានប្រសិទ្ធភាពទាំងកម្រិតថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋ។
គួរកត់សម្គាល់ថា កម្ពុជា-ថៃ តែងមានវិវាទវប្បធម៌ប្រពៃណីជាបន្តបន្ទាប់ ខណៈបញ្ហានេះធ្លាប់រាលដាលដល់ទំនាក់ទំនងការទូត និងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យមានការធ្លាក់ចុះកាលពីអតីតកាល។ នៅពេញ១ឆ្នាំ២០២៣ កន្លងទៅ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ មានទំហំជាង៣ពាន់៧រយលានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅថៃ មានទំហំទឹកប្រាក់ជាង៨១៧លានដុល្លារ ហើយថៃនាំចូលកម្ពុជា មានទំហំទឹកប្រាក់ជិត៣ពាន់លានដុល្លារ មានការធ្លាក់ចុះ១៧% បើធៀបនឹងឆ្នាំ២០២២៕
អត្ថបទ៖ បូ ដូឡា