កិច្ចប្រជុំដ៏មានសារសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល SDF ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម និងឧកញ៉ា ដែលជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សាបរធនបាល និងអង្គភាពប្រតិបត្តិ។
ក្នុងកិច្ចប្រជុំនេះលោកនាយកប្រតិបត្តិ SDF បានបង្ហាញពីសមិទ្ធផលសំខាន់ៗដែល SDF សម្រេចបាន គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ មានសិក្ខាកាមចំនួន ២១,៧៥៩ នាក់ (ស្ត្រី ៣៧ %) ទទួលបានការបណ្ដុះបណ្ដាល និងអភិវឌ្ឍជំនាញ គិតជាថវិកាសរុបប្រមាណ ១២ លានដុល្លារ ដែលក្នុងនោះ SDF បានផ្តល់ថវិកាបដិភាគប្រមាណ ៥,៥១លាន ដុល្លារ ។ លទ្ធផលនេះស្មើនឹងការសម្រេចបានរហូតដល់ ១៨១% បើប្រៀបធៀបនឹងផែនការគ្រោងទុក នេះបង្ហាញពីប្រសិទ្ធភាព និងភាពឆ្លើយតបនៃកម្មវិធីរបស់ SDF ចំពោះតម្រូវការជាក់ស្តែងរបស់វិស័យឯកជន និងទីផ្សារការងារ។ បន្ថែមពីលើនេះ លទ្ធផលចុងក្រោយ (Outcome)ដែលត្រូវបានវាយតម្លៃលើកម្មវិធីបណ្ដុះបណ្ដាលជំនាញដែល មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)បានគាំទ្រ មានដូចជា៖ អត្រាបញ្ចប់វគ្គសិក្សាមាន ៩៦% , អត្រាមានការងារធ្វើមាន ៨៨% , ប្រាក់ខែកើនឡើង២០% , និងការពេញចិត្តរបស់និយោជកប្រមាណ ៨៥%។ ចំណែកលទ្ធផលនៃការវាយតម្លៃកម្មវិបាក (Impact)វិញ ក៏បង្ហាញពីភាពវិជ្ជមានសម្រាប់សិក្ខាកាម គ្រឹះស្ថានបណ្ដុះបណ្ដាល និងក្រុមហ៊ុនឯកជន ដែលក្នុងនោះ អត្រាបុគ្គលិកនៅបន្តធ្វើការនៅកន្លែងការងារដដែលក្រោយការបណ្ដុះបណ្ដាល (Job Retention) ស្ថិតក្នុងចន្លោះ ៨០%, ស្ថិរភាពការងារ ៩៦%, ការរីកចម្រើនក្នុងអាជីពរយៈពេលវែង ៨៩%, និងគុណភាពការងារកើនឡើង ៧១%។ លទ្ធផលនេះបង្ហាញយ៉ាងច្បាស់ពីប្រសិទ្ធភាព និងគុណភាពនៃការអនុវត្តកម្មវិធីបណ្ដុះបណ្ដាលដែល SDF គាំទ្រ។
ស្របតាមបរិបទនាពេលបច្ចុប្បន្ន SDF ក៏បានគាំទ្រដល់បងប្អូនដែលទើបវិលត្រឡប់ពីក្រៅប្រទេសតាមរយៈ “កម្មវិធី ជំនាញខ្ញុំ ការងារខ្ញុំ” ដែលមានសិក្ខាកាមចំនួន ៤៣០០នាក់ ទទួលការបណ្ដុះបណ្ដាលជំនាញ និងទទួលបានការងារធ្វើក្នុងស្រុក។
ជាមួយគ្នានេះ SDF បានបន្តពង្រឹង និងពង្រីកបណ្ដាញដៃគូសហការយ៉ាងសកម្ម ដោយបានសហការជាមួយរោងចក្រ និងសហគ្រាសគ្រប់កម្រិតចំនួន ៤៩៥ គ្រឹះស្ថានបណ្ដុះបណ្ដាលចំនួន ៦៦ (ទាំងរដ្ឋ ឯកជន និងអង្គការ ) និងសមាគមធុរកិច្ចចំនួន ២៣។ បណ្ដាញដៃគូដ៏ទូលំទូលាយនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការភ្ជាប់ទំនាក់ទំនងរវាងភាគីមានតម្រូវការជំនាញ និងភាគីផ្គត់ផ្គង់ជំនាញ ក្នុងប្រព័ន្ធអេកូឡូស៊ីជំនាញ ដើម្បីធានាថាការបណ្ដុះបណ្ដាលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់វិស័យឯកជន និងទីផ្សារការងារកម្ពុជា។
បន្ថែមពីនេះ SDF បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងភាពជាដៃគូ ក្នុងការអនុវត្តកម្មវិធី "iLEAD" ជាមួយក្រុមហ៊ុនឈានមុខចំនួន ៣ ដើម្បីផ្សារភ្ជាប់ជាមួយសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)សំដៅពង្រឹងសមត្ថភាព ការផ្ទេរបច្ចេកវិទ្យានិងជំនាញ និងការបង្កើនប្រសិទ្ធភាព គុណភាព និងភាពប្រកួតប្រជែងក្នុងខ្សែច្រវ៉ាក់ផលិតកម្ម ក្នុងវិស័យ ៣ ដែលបានជ្រើសរើស គឺវិស័យយានយន្ត អេឡិចត្រូនិច និងឡូជីស្ទីក (ហេដ្ឋារចនាសម្ព័ន្ធនៃការដឹកជញ្ជូនទំនិញ)។
គួរបញ្ជាក់ផងដែរថា ក្រុមប្រឹក្សាបរធនបាលបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ជោគជ័យដែល SDF សម្រេចបានលើសផែនការឆ្នាំ២០២៥។ ក្រុមប្រឹក្សាបរធនបាលក៏បានពិភាក្សា, ផ្តល់អនុសាសន៍ណែនាំ និងផ្តល់ការឯកភាពលើផែនការយុទ្ធសាស្ត្រ សកម្មភាពអាទិភាព និងផែនការថវិកាឆ្នាំ២០២៦ សំដៅពង្រឹង និងពង្រីកការគាំទ្ររបស់ SDF ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីដែលផ្សារភ្ជាប់ការអភិវឌ្ឍមូលធនមនុស្សទៅនឹងការអភិវឌ្ឍអាជីវកម្ម និងសេដ្ឋកិច្ចសង្គម ក្នុងគោលដៅចូលរួមប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០៕
“ជំនាញខ្ពស់ ចំណូលខ្ពស់”