បើតាម ការគូសបញ្ជាក់ នៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹង ខេមបូណូមីស កាលពីពេលថ្មីៗនេះ លោកឧកញ៉ា សៀ ឫទ្ធី ដែលត្រូវបានមហាជនស្គាល់ថា ជាសេដ្ឋីវ័យកណ្ដាលក្នុងជំនួញពហុវិស័យនោះ បានអះអាងថា កត្តាស្នូលពីរយ៉ាង ដែលវិនិយោគិនបរទេស ជាប់ចិត្តស្អិតបេះមិនចេញ ពីកម្ពុជានោះ រួមមាន៖
កត្តា ទី១ គឺដោយសារមានគោលនយោបាយលើកទឹកចិត្តពីរាជរដ្ឋាភិបាល និងស្ថិរភាពនយោបាយក្នុងប្រទេស
លោកឧកញ៉ា សៀ ឫទ្ធី បានលើកឡើងថា ក្នុងនាមលោកជា វិនិយោគិនក្នុងស្រុកមួយរូប លោកពិតជាមានការដឹងគុណ ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលជាអាណាព្យាបាល ក្នុងការជំរុញលើកទឹកចិត្តដល់សហគ្រិន ក៏ដូចជាវិនិយោគិនក្នុងស្រុក និងក្រៅស្រុក ជាមួយនឹងការធានាបាននូវស្ថិរភាពនយោបាយ និងសន្ដិសុខក្នុងប្រទេស។ ទាំងអស់នេះហើយ ដែលត្រូវបានលោកឧកញ៉ា សៀ ឫទ្ធីអះអាងថា ជាអ្វីដែលវិនិយោគិនបរទេស តែងតែសម្លឹងឃើញមុនគេ មុននឹងពួកគេសម្រេចចិត្តបោះទុនវិនិយោគ។
លោកឧកញ៉ា សៀ ឫទ្ធី បានគូសបញ្ជាក់ទៀតថា បើធៀបនឹងប្រទេសក្នុងតំបន់ កម្ពុជាមានគោលនយោបាយបើកចំហច្រើនណាស់ សម្រាប់អ្នកវិនិយោគ ដោយលោកឧកញ៉ា បានអះអាងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាអាចនិយាយបានថា មានការបើកចំហរលំដាប់លេខ២ បន្ទាប់ពីប្រទេសសិង្ហបុរី នេះបើគិតក្នុងក្របខណ្ឌប្រទេសអាស៊ាន។ មួយវិញទៀត កម្ពុជាមានប្រជាជនដែលមានសមត្ថភាពចូលធ្វើការច្រើន ពោលគឺប្រជាជនវ័យក្រោម ៣០ឆ្នាំ មានរហូតដល់ ជាង ៧០% នៃចំនួនប្រជាជនសរុប ដែលជាធនធាន អំណោយផលមួយក្នុងចំណោមធនធានផ្សេងៗទៀត សម្រាប់ឲ្យក្រុមហ៊ុនផលិត កែច្នៃជាច្រើនអាចចូលមកបង្កើតរោងចក្រ ឬក្រុមហ៊ុនកម្ពុជា។
កត្តាទី២ គឺសមត្ថភាពរបស់ដៃគូដែលជាវិនិយោគិនក្នុងស្រុក
ជាទូទៅ ការចូលមកវិនិយោគនៅកម្ពុជា ពីសំណាក់វិនិយោគិនបរទេស មានភាគច្រើន ពួកគេរមែងស្វែងរកក្រុមហ៊ុនដៃគូសហការក្នុងស្រុក ដើម្បីបង្កើនសមត្ថភាពកាន់តែរឹងមាំក្នុងការឈរជើងលើទីផ្សារ។ ត្រង់ចំណុចនេះ លោកឧកញ៉ា សៀ ឫទ្ធី បានលើកឡើងដែរថា សមត្ថភាពរបស់វិនិយោគិន ក៏ដូចជា អ្នកជំនួញក្នុងស្រុក ក៏ជាផ្នែកសំខាន់មួយ ក្នុងការអូសទាញក្រុមហ៊ុនធំៗ ដែលមានដើមទុនច្រើន ឲ្យចូលមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជាផងដែរ។
ទោះយ៉ាងណា បើតាមការបង្ហើបឲ្យដឹង ពីអ្នកជំនួញចាស់វស្សា បទពិសោធន៍ជោកជាំ ក្នុងការកៀរគរវិនិយោគិនពីក្រៅប្រទេសរូបនេះ បានលើកឡើងថា មានចំណុច ៣ សំខាន់ៗ ដែលវិនិយោគិនក្នុងស្រុក ត្រូវមាន បើចង់សណ្ដោងចាប់ដៃគូជាមួយនឹងក្រុមហ៊ុនពីក្រៅស្រុក ទទួលជោគជ័យ។
ទី១ គឺភាពស្មោះត្រង់ជាមួយនឹងដៃគូ ព្រោះភាពស្មោះត្រង់នេះ ជាដើមទុនដ៏សំខាន់បំផុតក្នុងការធ្វើជំនួញ។
ទី២ គឺការត្រៀមខ្លួនឲ្យបានរួចរាល់ទាំងធនធានហិរញ្ញវត្ថុ និងធនធានមនុស្ស។
និងទី៣ គឺតម្លាភាពនៃការប្រតិបត្តិការក្នុងជំនួញ ដូចជា រកស៊ីមានបង់ពន្ធជូនរដ្ឋត្រឹមត្រូវ និងអនុវត្តអ្វីទៅតាមគោលការណ៍ច្បាប់កំណត់។ ចំណុចនេះ សំខាន់ ព្រោះថា ក្រុមហ៊ុនធំៗដែលមកបណ្ដាក់ទុន គេយកចិត្តទុកដាក់ណាស់ អំពីភាពច្បាស់លាស់នៅក្នុងការប្រតិបត្តិការ ដើម្បីជៀសវាងការកើតវិវាទទៅថ្ងៃក្រោយ។
សូមជម្រាបថា ការវិនិយោគផ្ទាល់ពីបរទេសមកកាន់កម្ពុជា នៅរយៈពេលពេញមួយឆ្នាំ ឆ្នាំ២០១៧ មានទឹកប្រាក់វិនិយោគចំនួនប្រមាណជាង ៥ពាន់ ២០០លានដុល្លារអាមេរិក ពោលគឺបានកើនឡើងប្រមាណជាង ៤៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៦ ដែលការវិនិយោគផ្ទាល់ពីបរទេស មានទឹកប្រាក់ចំនួនជាង ៣ពាន់ ៦លានដុល្លារអាមេរិកតែប៉ុណ្ណោះ។ នេះបើយោងតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា ស៊ី ឌី ស៊ី។
បើតាមការប្រមើលមើល របស់លោកឧកញ៉ា សៀ ឫទ្ធី នៅ៥ ឆ្នាំ ក្រោយនេះ សេដ្ឋកិច្ចកម្ពុជា នៅតែបន្តកំណើនរឹងមាំរបស់ខ្លួនដដែល ដែលគាំទ្រដោយវិស័យសំខាន់ ដូចជា វិស័យដីធ្លី និងសំណង់ វិស័យទេសចរណ៍ វិស័យកសិកម្ម និងវិស័យផ្សេងទៀត៕