ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកលើកដំបូងដ៏ធំរបស់កម្ពុជាដែលបានចាប់ផ្តើមកាលពីខែកក្កដាត្រូវបានបញ្ចប់កាលពីថ្ងៃទី៣ ខែតុលា។ ក្រុមចំនួន៦០០ក្រុមបានចូលរួមក្នុងវគ្គជម្រុះ ដែលពួកគេបានប្រកួតប្រជែង ដើម្បីដណ្តើមយកចំណាត់ថ្នាក់កំពូលទាំង៨។ អស់រយៈពេល ៤ សប្តាហ៍កន្លងមក ក្រុមកំពូលទាំង ៨ ក្រុម បានប្រកួតប្រជែងគ្នា ដើម្បីរកពិន្ទុដោយក្រុមកំពូលទាំង ៦ បានប្រកួតប្រជែងគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រចុងក្រោយ។
ក្រុម SeeYouSoon បានឈ្នះព្រឹត្តិការណ៍ប្រកួតនេះដោយទទួលបានយកឈ្នះ៣ហ្គេមទល់នឹង២ហ្គេមនៃ ក្រុម DG Quantum នៅចុងរដូវកាល។
លោក សំ សុផាន់នី ដែលជាតំណាងក្រុមជ័យលាភី SeeYouSoon ពីព្រឹត្តិការណ៍ប្រកួត MPL បានឲ្យដឹងថា៖ «វាពិតជាអស្ចារ្យណាស់ដែលបានចូលរួមការប្រកួតMPL! ការប្រកួតនេះគឺពិតជាស្វិតស្វាញ ប៉ុន្តែយើងបានទទួលជោគជ័យក្នុងនាមជាក្រុម ហើយយើងរំភើបចំពោះឱកាសជួបប្រកួតជាមួយកីឡាករឆ្នើមៗផ្សេងទៀតមកពីជុំវិញពិភពលោក។ យើងនឹងខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីឈ្នះនិងធ្វើឲ្យកម្ពុជាមានមោទនភាព នៅពេលដែលយើងប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោក Mobile Legends M3 នៅចុងឆ្នាំនេះ។»
ក្រុម SeeYouSoon នឹងប្រកួតប្រជែងជាមួយក្រុមជើងឯក MPL អន្តរជាតិដ៏ទៃទៀតមកពីបណ្ដាប្រទេស ប្រេស៊ីល ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន និងសិង្ហបុរី នៅព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោក Mobile Legends M3 ដែលនឹងធ្វើឡើងនៅខែធ្នូ។ គួរបញ្ចាក់ផងដែរថា ក្រុម SeeYouSoon ក៏ជាជ័យលាភីជើងឯកនៃការប្រកួត Smart Kingdom of Legends កាលពីឆ្នាំ២០២០ផងដែរ។
លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «ការប្រកួតកីឡាអេឡិចត្រូនិកផ្លូវការលើកដំបូងរបស់កម្ពុជា ដែលជាលទ្ធផលនៃភាពជាដៃគូរបស់យើងជាមួយក្រុមហ៊ុន Montoon បានទទួលជោគជ័យយ៉ាងខ្លាំងដែលបានទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ អ្នកគាំទ្រកីឡាអេឡិចត្រូនិកកម្ពុជាជាច្រើន។ យើងពិតជារីករាយដែលអាចនាំយកការប្រកួតកីឡាអេឡិចត្រូនិកដ៏ធំមកកម្ពុជាជាលើកដំបូង ដើម្បីផលប្រយោជន៍អ្នកគាំទ្រនិងអតិថិជន។»
រដូវកាលប្រកួត MPL ដែលបានទាក់ទាញការទស្សនារាប់លាននៅលើបណ្តាញសង្គមផ្សេងៗគ្នា នឹងត្រលប់មកវិញនៅឆ្នាំ២០២២ ដោយព្រឹត្តិការណ៍វគ្គផ្តាច់ព្រ័ត្រចុងក្រោយដ៏ធំនៃការប្រកួតនេះទទួលបានការទស្សនាចំនួន ១.៣ លាននាក់។
លោក ថូម៉ាស បានបន្ថែមទៀតថា៖ «យើងពិតជាសប្បាយរីករាយណាស់ ដែលបានជួយក្រុមកីឡាអេឡិចត្រូនិកកម្ពុជាទៅកាន់ឆាកអន្តរជាតិ។ នៅក្រុមហ៊ុន Smart យើងមានទំនុកចិត្តចំពោះក្រុម SeeYouSoon ថាពួកគេនឹងធ្វើបានយ៉ាងល្អ នឹងធ្វើឲ្យប្រទេសកម្ពុជាមានមោទនភាពនៅក្នុងព្រឹត្តិការណ៍ប្រកួតជើងឯក ពិភពលោក Mobile Legends M3។»ក្រុមហ៊ុន Moonton Games ដែលជាស្ថាបនិកហ្គេមMobile Legends: Bang Bang (MLBB) បានប្រកាសថាព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោកលើកទី ៣ របស់ខ្លួនគឺ Mobile Legends M3 World Championship នឹងប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរីនៅខែធ្នូ។
ព្រឹត្តិការណ៍ប្រកួតនេះនឹងមានក្រុមចូលរួមចំនួន ១៦ ក្រុម មកពីជុំវិញពិភពលោកដោយប្រកួតប្រជែងគ្នា ដើម្បីដណ្ដើមយកប្រាក់រង្វាន់ចំនួន ៨០ ម៉ឺនដុល្លារ និងពានរង្វាន់ជើងឯកពិភពលោក។ ក្រុមទាំងអស់ដែលត្រូវបានគេរំពឹងថានឹងចូលរួមក្នុងព្រឹត្តិការណ៍ប្រកួត Mobile Legends M3 World Championship មានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមរយៈការចូលរួមក្នុងការប្រកួតលីគអាជីព Mobile Legends Professional Leagues (MPL) នៅប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី ប្រេស៊ីល និងកម្ពុជា ក្នុងចំណោមប្រទេសដទៃទៀត។
សម្រាប់អ្នកលេង Mobile Legends នៅកម្ពុជាដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍ប្រកួត MPL Cambodia ឆ្នាំ ២០២២ ក្រុមហ៊ុន Smart Axiata ផ្តល់ជូនទិន្នន័យអិុនធឺណិតគ្មានដែនកំណត់ ដើម្បីអនុញ្ញាតឱ្យអ្នកចូលរួមលេងហ្គេមតាមដែលពួកគេចង់បាន។ ពួកគេអាចទាញយកអត្ថប្រយោជន៍ពី ការផ្តល់ជូននេះតាមរយៈការជាវសេវាកម្ម Mobile Legends Unlimited របស់ក្រុមហ៊ុន Smart ដោយចំណាយត្រឹមតែ ២០ សេនក្នុងមួយសប្តាហ៍ ឬ ៧០សេនក្នុងមួយខែ។ ដូចគ្នានេះផងដែរ ប្រសិនបើពួកគេចង់ធ្វើការទិញមុខទំនិញក្នុងកម្មវិធីហ្គេមពួកគេអាចទទួលបានការបញ្ចុះតម្លៃ ៣៥ ភាគរយ លើកម្មវិធី Razer Gold តាមរយៈគេហទំព័រ Razer Gold នៅពេលដែលពួកគេទិញរូបិយប័ណ្ណដោយប្រើសមតុល្យទឹកប្រាក់ Smart របស់ពួកគេ។
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/lengbysmart ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។