ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានវាយតម្លៃថា វិស័យដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជានៅឆ្នាំ២០២២នឹងមានភាពល្អប្រសើរឡើងវិញមួយកម្រិតថែមទៀត ជាមួយសន្ទុះកំណើនជាង៣០% បន្ទាប់ពីបានធ្លាក់ចុះប្រមាណ៩០% កាលពីឆ្នាំ២០២១។ ឯកឧត្តមជឿជាក់ថា វិស័យដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជានឹងអាចមករកដូចដើមវិញក្នុងរយៈពេលបីបួនឆ្នាំខាងមុខនេះ។
បច្ចុប្បន្ន វិស័យអាកាសចរណ៍ ចាប់ផ្ដើមមានដំណើរការងើបឡើងវិញជាបណ្ដើរៗហើយ តួយ៉ាង ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Vietjet Air ទើបតែបានបើកការហោះហើរពីទីក្រុងបាងកកប្រទេសថៃ មកកាន់ប្រទេសកម្ពុជាជាលើកដំបូងនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ។ តាមរយៈជើងហោះហើរថ្មីនេះ មន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលជឿជាក់ថា វានឹងផ្តល់ជម្រើសកាន់តែសម្បូរបែបដល់អតិថិជន និងធ្វើឲ្យការហោះហើរទៅមករវាងកម្ពុជាថៃកាន់តែមានភាពល្អប្រសើរ។
ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានគូសបញ្ជាក់ថា Thai Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍ថ្មីដំបូងគេ ដែលបានភ្ជាប់ជើងហោះហើរមកកម្ពុជា ដ្បិតថាក្នុងរយៈពេលពីរឆ្នាំដែលកម្ពុជាទទួលរងនូវការឆ្លងជំងឺកូវីដ-១៩ កម្ពុជាមិនដែលទទួលបានការភ្ជាប់ជើងហោះពីក្រុមហ៊ុនថ្មីណាមួយនោះទេ ពោលគឺទទួលបានតែការសុំពន្យាពេល ឬផ្អាកការហោះហើរ និងបិទការហោះហើរតែប៉ុណ្ណោះ។
សម្រាប់ឯកឧត្តម ម៉ៅ ហាវណ្ណាល់ ការភ្ជាប់ជើងហោះហើរ៣ជើងក្នុង១សប្តាហ៍របស់ Thai Vietjet នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ជម្រើសកាន់តែសម្បូរបែបដល់អ្នកដំណើរតាមផ្លូវអាកាសរវាងកម្ពុជា និងថៃ ដែលមានក្រុមហ៊ុនចំនួន៦កំពុងធ្វើប្រតិបត្តិការ។ លើសពីនេះ ការហោះហើរផ្ទាល់នេះ ក៏នឹងជួយឲ្យទំនាក់ទំនង និងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរផងដែរ។
ជុំវិញការភ្ជាប់ជើងហោះហើរថ្មីពីបាងកកមកកម្ពុជានេះដែរ លោកជំទាវ ឆាយ ស៊ីវលីន ជឿជាក់ថា តាមរយៈជើងហោះហើរនេះវានឹងរួមចំណែកផ្តល់ជម្រើសកាន់តែសម្បូរបែបដល់ភ្ញៀវទេសចរបរទេស ដែលមានបំណងចង់មកកម្សាន្តនៅកម្ពុជា។ លើសពីនេះ វារួមជំណែកជួយទាក់ទាញភ្ញៀវទេសបរទេស និងស្តារវិស័យទេសចរណ៍កម្ពុជាឲ្យកាន់តែមានភាពល្អប្រសើរកម្រិតទៀត។
គួររំលឹកថា ក្រោយពិភពលោក ក៏ដូចជាកម្ពុជាទទួលរងនូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ បានធ្វើឲ្យការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសបានដាំក្បាលចុះយ៉ាងគំហុក ខណៈការដឹកជញ្ជូនតាមផ្លូវទឹកនិងផ្លូវគោក ក៏មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ផងដែរ។ យើងសង្កេតឃើញថា នៅមួយរយៈចុងក្រោយនេះតម្លៃដឹកជញ្ជូនបានឡើងថ្លៃខ្ពស់កប់ពពក ដែលធ្វើឲ្យការនាំចេញរបស់កម្ពុជា ក៏ដូចជាប្រទេសមួយចំនួនមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់។ កង្វះទូកុងតឺន័រ និងកន្លែងសម្រាប់ផ្ទុកទំនិញ ក៏ជាបញ្ហាចោទសម្រាប់វិស័យដឹកជញ្ជូនដែរ៕