ឯកឧត្តម វង្សី វិស្សុត រដ្ឋាលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ការបោះផ្សាយលក់មូលបត្របំណុលរបស់រដ្ឋបច្ចុប្បន្ន គ្រាន់តែជាការសាកល្បងយន្តនៃការដំណើររបស់ផ្សារមូលបត្រកម្ពុជាតែប៉ុណ្ណោះ មិនមែនជាគោលដៅចម្បងកៀរគរថវិកាមកទ្រទ្រង់ការចំណាយរបស់រាជរដ្ឋាភិបាលនោះទេ។ ប៉ុន្តែទៅថ្ងៃអនាគតកម្ពុជាចង់ប្រើយន្តការនេះ ដើម្បីធ្វើពិពិធកម្មបំណុលសាធារណៈពីការពឹងផ្នែកលើប្រភពបំណុលក្រៅស្រុកមកពឹងប្រភពក្នុងស្រុកវិញ ដើម្បីកាត់បន្ថយហានិភ័យផ្សេងៗ។ ឯកឧត្តមបានបន្តថា ការបោះផ្សាយលក់មូលបត្របំណុលរបស់រដ្ឋនេះ ក៏ដើម្បីជាការបើកផ្លូវដល់ការបោះផ្សាយលក់មូលបត្របំណុលរបស់ក្រុមហ៊ុនឯកជនផងដែរ ព្រោះតាមរយៈនេះធ្វើឲ្យរាជរដ្ឋាភិបាលអាចសិក្សាពីចំណុចខ្វះខាតក្នុងការកែប្រែធ្វើឲ្យដំណើរការនៃបោះផ្សាយលក់មូលបត្រក្នុងផ្សារមូលបត្រកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ឯកឧត្តម វង្សី វិស្សុត បានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជាចង់ឲ្យការបោះផ្សាយលក់មូលបត្របំណុលរបស់រដ្ឋទទួលបានការគាំទ្រដូចផែនការ ដែលបានគ្រោងទុកនៅពេលណាក៏បានដែរ តាមរយៈការដំឡើងអត្រាការប្រាក់ ឬកូប៉ុង គ្រាន់តែបច្ចុប្បន្នរាជរដ្ឋាភិបាលមិនទាន់មានតម្រូវការទុនខ្ពស់ពីប្រភពមួយនេះ។ បើតាមការគូសបញ្ជាក់របស់ឯកឧត្តម វង្សី វិស្សុត កត្តាដែលធ្វើឲ្យការបោះផ្សាយលក់មូលបត្រលក់មិនសូវទទួលបានការគាំទ្រ គឺដោយសារការផ្តល់អត្រាគូប៉ុងមានកម្រិតទាបពេក បើធៀបនឹងការផ្តល់អត្រាការប្រាក់សន្សំដែលផ្តល់ដោយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ រាជរដ្ឋាភិបាលបានសម្រេចបោះផ្សាយលក់មូលបត្ររដ្ឋចំនួន៣០០លានដុល្លារ ដើម្បីស្ទាបស្ទង់ទីផ្សារ និងការគាំទ្ររបស់អតិថិជន តែជាលទ្ធផលការបោះផ្សាយលើកដំបូងនេះសម្រេចបានប្រមាណ ២០លានដុល្លារតែប៉ុណ្ណោះ។ នៅឆ្នាំ២០២៣ នេះរាជរដ្ឋាភិបាលបានសម្រេចបន្តបោះផ្សាយលក់មូលបត្របំណុលចំនួន២០០លានដុល្លារបន្ថែមទៀត ដើម្បីប្រមូលថវិកាមកសងដល់វិនិយោគ ដែលបានទិញមូលបត្របំណូលរដ្ឋកាលពីឆ្នាំមុន៕