នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរ៉ាគុល (Anutin Charnvirakul) បានកោះប្រជុំមន្ត្រីសន្តិសុខជាន់ខ្ពស់ជាបន្ទាន់មួយនៅព្រឹកថ្ងៃទី២៣ ខែសីហា នាទីបញ្ជាការទ័ពអាកាសយោធាតំបន់២ក្នុងខេត្តណាន បន្ទាប់ពីមានការវាយប្រហារ និងទម្លាក់គ្រាប់បែក និងដុតបំផ្លាញទ្រព្យសម្បត្តិចំនួន៥១កន្លែង ផ្ទុះឡើងព្រមៗគ្នានៅទូទាំងខេត្តភាគខាងត្បូង កាលពីយប់ថ្ងៃទី២២ ខែសីហា។
កិច្ចប្រជុំបន្ទាន់ថ្នាក់ជាតិនេះមានការចូលរួមពីប្រមុខសន្តិសុខ និងយោធាសំខាន់ៗជាច្រើនរូប។ នៅក្នុងកិច្ចប្រជុំនោះលោក អានុទីន បានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរដែនដីបង្កើនកម្រិតសន្តិសុខដល់កម្រិតអាសន្ននៅទូទាំងខេត្តយ៉ាឡា, ប៉ាតានី និងណារ៉ាធីវ៉ាត ជាពិសេសខេត្តយ៉ាឡា ដែលរងការវាយប្រហារធ្ងន់ធ្ងរជាងគេ។ ដើម្បីការពារសុវត្ថិភាព និងជីវិតរបស់ពលរដ្ឋ អាជ្ញាធរថៃបានចេញសេចក្តីណែនាំបន្ទាន់អំពាវនាវឱ្យប្រជាពលរដ្ឋក្នុងតំបន់ផ្អាកការធ្វើដំណើរចេញក្រៅផ្ទះ និងចៀសវាងឈានជើងចូលតំបន់កើតហេតុ ដើម្បីបង្ការគ្រោះថ្នាក់ពីការទម្លាក់គ្រាប់បែកបន្ថែមទៀត។
គួរបញ្ជាក់ថា សង្គ្រាមស្រមោលនៅភាគខាងត្បូងថៃ ដែលដឹកនាំដោយក្រុមចលនាយោធាបំបែកខ្លួននៅក្នុងខេត្តយ៉ាឡា ប៉ាតានី និងណារ៉ាធីវ៉ាត បានអូសបន្លាយអស់ជាច្រើនទសវត្សរ៍មកហើយ។ ការវាយប្រហារទ្រង់ទ្រាយធំ៥១ករណីក្នុងពេលតែមួយនេះ មិនត្រឹមតែជាការសាកល្បងអំណាច និងបង្ហាញឥទ្ធិពលរបស់ក្រុមបំបែកខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញាអាសន្នព្រមានចំៗទៅកាន់រដ្ឋបាលថ្មីរបស់លោក អានុទីន ថា យុទ្ធសាស្ត្រសន្តិសុខបែបប្រពៃណីអាចនឹងមិនអាចគ្រប់គ្រងសភាពការណ៍នៅភាគខាងត្បូងបានទៀតឡើយ៕
ដោយៈ សរ សុជាតិ