បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ (Reuters) កាលពីថ្ងៃទី២១ ខែសីហា ចៅក្រមសហព័ន្ធ លោកស្រី ជីននេត វ៉ាហ្គាស (Jeannette Vargas) ប្រចាំតំបន់ មែនហាតតុន បានប្រកាសថា គោលនយោបាយផ្អាកការចេញទិដ្ឋាការអន្តោប្រវេសន៍ដល់ពលរដ្ឋមកពី៧៥ប្រទេសរបស់ក្រសួងការបរទេសអាម៉េរិក ដែលបានដាក់ចេញកាលពីខែមករា គឺជាទង្វើខុសច្បាប់។ លោកស្រី បានសង្កត់ធ្ងន់ថា រដ្ឋមន្ត្រីការបរទេសគ្មានសិទ្ធិអំណាចតាមផ្លូវច្បាប់ក្នុងការដកហូតឆន្ទានុសិទ្ធិរបស់មន្ត្រីកុងស៊ុល ឬដាក់បម្រាមហាមឃាត់ជារួមលើការផ្តល់ទិដ្ឋាការអន្តោប្រវេសន៍ ដោយផ្អែកតែលើសញ្ជាតិ របស់អ្នកដាក់ពាក្យនោះឡើយ។
វិធានការផ្អាកទិដ្ឋាការនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នកដាក់ពាក្យមកពី៧៥ ប្រទេសជុំវិញពិភពលោករួមមាននៅតំបន់អាម៉េរិកឡាទីន ដូចជា ប្រេស៊ីល កូឡុំប៊ី និងអ៊ុយរូហ្គាយ, តំបន់បាល់កង់រួមមាន បូស្នៀ និងអាល់បានី និងតំបន់អាស៊ីខាងត្បូង ដូចជា ប៉ាគីស្ថាន និងបង់ក្លាដែស ព្រមទាំងបណ្តាប្រទេសជាច្រើនទៀត នៅតំបន់អាហ្វ្រិក មជ្ឈិមបូព៌ា និងតំបន់ការីបៀន។
ដើមហេតុនៃបម្រាមនេះ កាលពីដើមឆ្នាំ២០២៦ ក្រសួងការបរទេសអាម៉េរិក បានចោទប្រកាន់ថា បេក្ខជនមកពីក្រុមប្រទេសទាំង៧៥នោះ មានហានិភ័យខ្ពស់ក្នុងការក្លាយជាបន្ទុករបស់រដ្ឋ ដោយសារពួកគេអាចនឹងរំពឹងតែលើប្រព័ន្ធជំនួយសង្គមកិច្ច និងថវិការដ្ឋអំណាចមូលដ្ឋាន។ ថ្វីបើលោកប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា វិធានការនេះធ្វើឡើងដើម្បីការពារសន្តិសុខជាតិក៏ដោយ ប៉ុន្តែក្រុមអង្គការសិទ្ធិមនុស្សបានរិះគន់ថា នេះជាគោលនយោបាយរើសអើងពូជសាសន៍ ដែលរំលោភលើដំណើរការយុត្តិធម៌ និងបង្កើតបរិយាកាសភ័យខ្លាចដល់ជនជាតិភាគតិច។
ពាក់ព័ន្ធបញ្ហានេះ ក្រសួងការបរទេសអាម៉េរិក នៅមិនទាន់ចេញមុខឆ្លើយតប ឬផ្តល់ការអត្ថាធិប្បាយណាមួយជុំវិញសេចក្តីសម្រេចបដិសេធគោលនយោបាយរបស់ខ្លួនពីសំណាក់តុលាការសហព័ន្ធនៅឡើយទេ៕
អត្ថបទៈ សួន ឡង់ទី