ថ្លែងនៅក្នុងសិក្ខាសាលាប្រចាំឆ្នាំកាលពីថ្ងៃពុធ ដែលរៀបចំឡើងដោយសមាគមអចលនវត្ថុធំៗទាំងបីនៅប្រទេសថៃ លោក ប៉ាវភុម រ៉ូចាណាសាគុល (Paopoom Rojanasakul) រដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុបាននិយាយថា ការស្នើសុំកែលម្អពន្ធលើដីធ្លី និងសំណង់អគារនេះ គឺមានបំណងលើកកម្ពស់ទាំងប្រសិទ្ធភាពនៃការប្រមូលពន្ធ និងយកពន្ធក្នុងអត្រាសមស្រប។
លោក Paopoom បាននិយាយថា អត្រាពន្ធមិនគួរបង្កើនការលំបាកដល់សាធារណជនឡើយ ខណៈដែលស្ថានភាពសេដ្ឋកិច្ចនៅមានលក្ខណៈផុយស្រួយនៅឡើយ ហើយ លោក ក៏បានអំពាវនាវឱ្យធនាគារកណ្តាលថៃ បន្ធូរបន្ថយបទប្បញ្ញត្តិ នៃផលធៀបប្រាក់កម្ចីទៅនឹងទ្រព្យធានា (LTV) របស់អ្នកខ្ចីដើម្បីជំរុញវិស័យអចលនទ្រព្យ ដែលនឹងជួយជំរុញបង្កើនសេដ្ឋកិច្ច។
បន្ថែមពីនេះទៀត លោកបានជំរុញឱ្យស្ថាប័នហិរញ្ញវត្ថុបន្ធូរបន្ថយលក្ខខណ្ឌឥណទានរបស់ពួកគេដើម្បីធ្វើឱ្យប្រជាជនអាចមានលទ្ធភាពទទួលបានឥណទានកាន់តែច្រើន។ លោក ប៉ាវភុម បាននិយាយថា ស្ថាប័នហិរញ្ញវត្ថុចាំបាច់ត្រូវទទួលស្គាល់ពីហានិភ័យដែលចេះតែកើនឡើង និងស្វែងរកតុល្យភាពរវាងហានិភ័យ និងស្ថិរភាព។
លោកបានបន្ថែមថា ក្រសួងហិរញ្ញវត្ថុទទួលស្គាល់ពីសារសំខាន់នៃទីផ្សារអចលនទ្រព្យ ហើយបានអនុវត្តវិធានការមួយចំនួន ដើម្បីជួយជំរុញវិស័យនេះ នៅក្នុងឆ្នាំនេះ រួមទាំងគោលនយោបាយពន្ធ និងហិរញ្ញវត្ថុផងដែរ។ វិធានការពន្ធរួមមានការកាត់ពន្ធប្រាក់ចំណូលផ្ទាល់ខ្លួនសម្រាប់ប្រាក់ចំណូល ដែលត្រូវបង់លើការប្រាក់សម្រាប់ប្រាក់កម្ចី ដែលប្រើសម្រាប់ទិញ ជួល ឬសាងសង់លំនៅឋានដោយកាត់ជាអតិបរមាចំនួន១០ម៉ឺនបាតប្រហែលជិត៣ពាន់ដុល្លារ។
ជាងនេះទៅទៀត ការកាត់បន្ថយបន្ទុកពន្ធលើដីធ្លី និងសំណង់អគារចំនួន៩០% ត្រូវបានផ្តល់ជូនដល់ម្ចាស់ដី ឬម្ចាស់អគារដែលកំពុងអភិវឌ្ឍរហូតដល់៣ឆ្នាំក្នុងបំណងបន្ធូរបន្ថយបន្ទុកពន្ធក្នុងពេលពួកគេកំពុងសាងសង់ ហើយរដ្ឋាភិបាល ក៏នៅមានកម្មវិធីបន្ធូរបន្ថយពន្ធផ្សេងទៀតដើម្បីជួយជំរុញបង្កើនសេដ្ឋកិច្ចផងដែរ៕
អត្ថបទ៖ សុខ ជា