ឃាតកបានសារភាពថា អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe គឺមានទំនាក់ទំនងនឹងក្រុមសាសនាមួយក្រុម ដែលបានប្រមូលលុយមូលនិធិពីម្ដាយរបស់ឃាតកយកទៅយ៉ាងច្រើន។ ដោយសារតែគំនុំនេះ បុរសជាឃាតក ក៏បានចំណាយពេលជាច្រើនខែរៀបចំផែនការវាយប្រហារនេះតែម្ដង ដោយការច្នៃកាំភ្លើងដោយខ្លួនឯង ទុកសម្រាប់ធ្វើសកម្មភាព។ នេះបើតាមប៉ូលិសបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជប៉ុនកាលពីចុងសប្ដាហ៍មុននេះ។
បុរសឈ្មោះ តេតស៊ូយ៉ា យ៉ាម៉ាហ្កាមី (Tetsuya Yamagami) អាយុ ៤១ ឆ្នាំដែលគ្មានការងារធ្វើ ត្រូវបានប៉ូលិសកំណត់អត្តសញ្ញាណថា ជាជនសង្ស័យដែលបានចូលទៅជិតខាងក្រោយអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីហ្សូ អាបេ ហើយបានដកកាំភ្លើងបាញ់ប្រហារលើលោកអាបេ នៅអំឡុងពេលអតីតនាយករដ្ឋមន្ត្រីរូបនោះកំពុងឡើងថ្លៃឃោសនាយុទ្ធនាការបោះឆ្នោត។ វីដេអូបាញ់ប្រហារដ៏រន្ធត់នោះ ក៏ត្រូវបានគេថតជាប់ និងផ្សព្វផ្សាយយ៉ាងកក្រើកពាសពេញពិភពលោក។
ដោយមានរូបរាងតូចស្ដើង និងពាក់វ៉ែនតាជាមួយសក់រួញផងនោះ ជនសង្ស័យនេះត្រូវគេមើលឃើញដើរចូលទៅស្ថិតនៅពីក្រោយខ្នងលោក Abe ដែលកំពុងឈរថ្លែងសុន្ទរកថា នៅចំណុចផ្លូវប្រសព្វមួយបន្ទាប់មកបានដកកាំភ្លើងប្រវែង ៤០ សង់ទីម៉ែត្រដែលរុំកាសែតខ្មៅចេញពីក្នុងកាបូបរបស់ខ្លួនបាញ់ប្រហារ ២ គ្រាប់ទៅលើលោក អាបេ ហើយប៉ូលិសក៏បានចាប់ខ្លួនបុរសនោះនៅកន្លែងកើតហេតុតែម្ដងផងដែរ។
អ្នកជិតខាងដែលស្គាល់បុរសឈ្មោះ Yamagami ដែលជាឃាតក បានប្រាប់អ្នកសារព័ត៌មានថា បុរសឈ្មោះ យ៉ាម៉ាហ្គាមីនេះ គឺជាមនុស្សឯកោ និងតក់ម៉ក់ទុយមុយ មិនសូវនិយាយស្ដីជាមួយអ្នកជិតខាងឡើយ។ តាមការបញ្ជាក់ពីអ្នកនាំពាក្យទាហានជើងទឹកជប៉ុន បានឲ្យដឹងថា បុគ្គលឈ្មោះ Tetsuya Yamagami គឺធ្លាប់បម្រើការងារក្នុងកងកម្លាំងការពារស្វ័យការពារដែនសមុទ្រ កាលពីឆ្នាំ២០០២ ដល់ឆ្នាំ២០០៥
ទីភ្នាក់ងារព័ត៌មានក្យូដូ បានរាយការណ៍ដែរថា បុរសជាឃាតក បានជឿថា លោកអាបេ បានផ្សព្វផ្សាយឱ្យក្រុមសាសនាមួយ ដែលម្តាយរបស់បុរសនេះ បានធ្វើ«ការបរិច្ចាគថវិកាយ៉ាងច្រើន» ដល់ក្រុមសាសនានោះ។
បុរសជាឃាតក បានប្រាប់ប៉ូលិសថា ម្ដាយរបស់គាត់បានក្ស័យធន ដោយសារការបរិច្ចាគប្រាក់ដល់ក្រុមសាសនានោះ។ នេះបើតាមកាសែតជប៉ុន Yomiuri និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតបានរាយការណ៍។
កាសែតក្យូដូ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតបានដកស្រង់សម្ដីបុរសសង្ស័យនេះ ដែលបានប្រាប់ប៉ូលិសថា ម្ដាយរបស់គាត់ត្រូវគេពង្វក់នៅក្នុងក្រុមសាសនានោះ ធ្វើឱ្យគាត់អាក់អន់ចិត្តចំពោះក្រុមនោះយ៉ាងខ្លាំង ប៉ុន្តែប៉ូលិសខេត្តណារ៉ា បានបដិសេធធ្វើអត្ថាធិប្បាយលម្អិតប្រាប់ប្រព័ន្ធផ្សព្វផ្សាយជប៉ុនពីហេតុផល ឬការរៀបចំផែនការរបស់លោក Yamagami នោះទេ។ ចំណែកប្រព័ន្ធផ្សព្វផ្សាយក៏មិនបានបញ្ជាក់ឈ្មោះរបស់សាសនានោះដែរ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជប៉ុនបាននិយាយថា លោក Yamagami បានផ្គុំដំឡើងអាវុធនេះចេញពីគ្រឿងផ្សំដែលបានទិញតាមអ៊ីនធឺណិតដោយចំណាយពេលជាច្រើនខែ ដើម្បីរៀបចំការវាយប្រហារនេះដោយគាត់បានតាមចូលរួមក្នុងព្រឹត្តិការណ៍យុទ្ធនាការរបស់លោក Abe ផ្សេងទៀត រួមទាំងយុទ្ធនាការមួយនៅមុនថ្ងៃកើតហេតុនេះផងដែរ ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋជប៉ុន NHK បាននិយាយថា ដំបូងឡើយ បុរសឃាតក នេះ បានពិចារណាវាយប្រហារដោយគ្រាប់បែក ប៉ុន្តែទីបំផុតក៏បានសម្រេចចិត្តវាយប្រហារដោយកាំភ្លើងទៅវិញ។
សូមបញ្ជាក់ថា លោក ស៊ីហ្សូ អាបេ ត្រូវឃាតក បាញ់ប្រហារ នៅព្រឹកថ្ងៃសុក្រទី ៨ខែកក្កដា ហើយបានទទួលមរណភាពនៅរសៀលថ្ងៃដដែលនោះ ដោយសារតែរបួសធ្ងន់ធ្ងរពេក មិនអាចសង្គ្រោះបាន។ បើទោះបីជា មានហេតុការបាញ់ប្រហារ ដ៏គួរឲ្យរន្ធត់កើតឡើងក្ដី ប៉ុន្ដែ ការបោះឆ្នោតជ្រើសរើសសមាជិកសភាជាន់ខ្ពស់របស់ជប៉ុន គឺនៅតែបន្ដធ្វើជាធម្មតា នៅថ្ងៃអាទិត្យទី ១០ ខែកក្កដា៕
អត្ថបទ៖ សុខ ជា