
លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជានៃរាជបណ្ឌិត្យសភាកម្ពុជា ជឿជាក់ថា រដ្ឋាភិបាលកម្ពុជា ទំនងជាបានគិតគូរចំពោះផែនការបង្កើតរោងចក្រចម្រាញ់ប្រេងដោយខ្លួនឯង តែអ្វីៗស្ថិតនៅលើស្ថានភាពនៃតម្រូវការប្រើប្រាស់ជាក់ស្ដែង។ បើតាមអ្នកជំនាញរូបនេះ កម្ពុជា គួរពិចារណាសិក្សាលើការបង្កើតរោងចក្រចម្រាញ់ប្រេងដោយខ្លួនឯង ដើម្បីរក្សាតុល្យភាព និងសុវត្ថិភាពថាមពលសម្រាប់ប្រើប្រាស់ ខណៈស្ថានភាពទាំងក្នុង និងក្រៅតំបន់នៅលើពិភពលោកកំពុងមានការប្រែប្រួលជាបន្តបន្ទាប់។ ជាមួយគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថង លើកឡើងថា ទោះបីកម្ពុជា មិនទាន់មានតម្រូវការក្នុងការបង្កើតរោងចក្រចម្រាញ់ប្រេងឆៅក៏ដោយ ក៏កម្ពុជា មិនគួរមើលរំលងក្នុងការនាំចូលប្រេងពីប្រភពនានា ឱ្យបានច្រើននោះដែរ ព្រោះវានឹងរួមចំណែកបង្ការការខ្វះខាត និងបញ្ចៀសបាននូវឧបសគ្គជាយថាហេតុណាមួយដែលអាចកើតមានឡើងផងដែរ។
ជាមួយគ្នានេះ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា យល់ឃើញថា ប្រសិនបើកម្ពុជា មានរោងចក្រចម្រាញ់ប្រេងដោយខ្លួនឯង នោះនឹងធ្វើឱ្យតម្លៃប្រេងនៅលើទីផ្សារកាន់តែមានភាពប្រសើរ ខណៈក្រៅពីនេះ ក៏អាចចែកចាយទៅប្រទេសជិតខាងដែលមានតម្រូវការប្រើប្រាស់ប្រេងផងដែរ។ តែយ៉ាងណា អ្នកជំនាញរូបនេះ លើកឡើងថា ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ន កម្ពុជា នៅតែអាចទិញប្រេងពីប្រទេសដទៃយកមកប្រើប្រាស់បានដោយមិនមានបញ្ហាប្រឈមណាមួយនោះទេ ខណៈតម្លៃគឺអាស្រ័យលើទីផ្សារពិភពលោក។
ដោយឡែក លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញថា ការបង្កើតរោងចក្រចម្រាញ់ប្រេងឆៅ ឬមិនបង្កើត គឺអាស្រ័យលើលទ្ធភាពនៃតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ។ តែយ៉ាងណា នៅក្នុងស្ថានភាពបច្ចុប្បន្ន អ្នកជំនាញរូបនេះលើកឡើងថា កម្ពុជា គួរពិនិត្យ និងវាយតម្លៃឡើងវិញចំពោះលទ្ធភាពនៃការធ្វើពិពិធកម្មប្រេងចម្រាញ់ ក៏ដូចជាត្រូវរក្សាតម្លៃប្រេងកុំឱ្យឡើងថ្លៃដើម្បីបង្ការផលប៉ះពាល់ដល់សេដ្ឋកិច្ច។
ជាមួយគ្នានេះ លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ប្រចាំនៅកម្ពុជា បានលើកឡើងកាលពីពេលថ្មីៗថា ការដែលកម្ពុជា មិនទាន់មានរោងចក្រចម្រាញ់ប្រេង អាចដោយសារតម្រូវការប្រើប្រាស់នៅមានកម្រិត ខណៈរោងចក្រចម្រាញ់ប្រេងអាចផលិតបាន២០ម៉ឺនធុងក្នុងមួយថ្ងៃ ប៉ុន្តែការប្រើប្រាស់ប្រេងឥន្ធនៈរបស់កម្ពុជា មានត្រឹមតែ៧ម៉ឺន៦ពាន់ធុងប៉ុណ្ណោះក្នុងមួយថ្ងៃ។ បើតាមលោក Casey Barnett ការចម្រាញ់ក្នុងស្រុកនឹងមានតម្លៃថ្លៃ ហើយវានឹងនាំឱ្យបាត់បង់ចំណូលពន្ធដោយសារការលើកទឹកចិត្តផ្នែកពន្ធដល់អ្នកវិនិយោគរោងចក្រចម្រាញ់ផងដែរ៕
អត្ថបទ៖ បូ ដូឡា