អ្នកជំនាញបានអះអាងថា គ្រប់ការវិនិយោគ រកស៊ីទាំងអស់តែងតែមានការប្រថុយប្រថាន មានហានិភ័យ ពិសេសការវិនិយោគអចលនទ្រព្យតែម្ដង ប៉ុន្ដែ អ្វីដែលសំខាន់ គឺយើងត្រូវដឹងច្បាស់ពីខ្លួនឯង ប្រភពចំណូលរបស់ខ្លួន និងសិក្សាពីទីផ្សារឲ្យបានច្បាស់លាស់។
នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មានខេមបូណូមីស កាលពីពេលថ្មីៗនេះ ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ស៊ីភីអិល បានឲ្យដឹងថា ចំពោះការវិនិយោគអលនទ្រព្យ យើងមិនអាចរង់ចាំមានឱកាសល្អ ១០០% ទើបវិនិយោគនោះទេ អ្វីដែលសំខាន់ត្រូវរកអ្នកជំនាញប្រឹក្សាយោបល់ ឬត្រូវចេះគ្រប់គ្រងហានិភ័យបានដោយខ្លួនឯង។
ជុំវិញនឹងការវិនិយោគអចលនទ្រព្យនេះដែរ លោក សន សៀប អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Key Real estate បានបញ្ជាក់ដែរថា អ្នកវិនិយោគគួរតែមានចំណេះដឹង ព័ត៌មានទីផ្សារអចលនវត្ថុក្នុងដៃច្បាស់លាស់ មានបទពិសោធន៍ និងយុទ្ធសាស្រ្តផងដែរ មុននឹងខ្ចីលុយពីធនាគារ ដើម្បីវិនិយោគលើអចលនទ្រព្យនៅអំឡុងពេលនេះ ។
បើតាមអ្នកជំនាញទាំង២នេះ បើទោះបីជាការផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឲ្យវិស័យអចលនទ្រព្យមានការធ្លាក់ចុះខ្លះក៏ពិតមែន ប៉ុន្តែទាំងឧកញ៉ា ចេង ខេង និងលោក សន សៀប សុទ្ធតែអះអាងថា ឱកាសតែងតែមាននៅក្នុងវិបត្តិ។
ជុំវិញទៅនឹងការវិនិយោគលើអចលនទ្រព្យនេះដែរ អ្នកឧកញ៉ា សៀ ឫទ្ធី ដែលជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យដ៏ល្បីល្បាញនៅកម្ពុជា ធ្លាប់បានបញ្ជាក់ថា ការខ្ចីលុយធនាគារមកវិនិយោគដូចជាទិញផ្ទះ ឬដី ដើម្បីជួលបន្ដ ឬធ្វើអាជីវកម្ម វាគឺជាការវិនិយោគមួយឆ្លាតវៃ ក៏ប៉ុន្ដែ បើវិនិយោគដោយខ្ចីលុយធនាគារ យកទៅទិញដីទុកចោលរង់ចាំចំណេញវិញ វាគឺជារឿងប្រថុយប្រថានខ្លាំងណាស់។ ដូច្នេះ អ្នកវិនិយោគ ត្រូវគិតគូរឲ្យបានច្បាស់លាស់មុននឹងសម្រេចិត្តវិនិយោគលើអចលនទ្រព្យណាមួយ៕