គន្លឹះវិនិយោគ​អចលនទ្រព្យ

មហាសេដ្ឋីអចលនទ្រព្យ ឧកញ៉ា សៀ ឫទ្ធី បង្ហើប គន្លឹះ៣ យ៉ាង ដើម្បីទិញដីចំណេញប្រាក់


ការវិនិយោគទិញលក់អចលនទ្រព្យ ដូចជា ដីធ្លី ផ្ទះសម្បែង នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់មានភាពពេញនិយមខ្លាំង ខណៈដែលមួយរយៈចុងក្រោយនេះ គម្រោងពុះដីឡូត៌ និងបុរី បាននិងកំពុងរីកសាយភាយកាន់តែខ្លាំងឡើង។ ទោះយ៉ាងណា បើតាមអ្នកជំនាញការវិនិយោគលើអចលនទ្រព្យ ក៏ទាមទារឲ្យអ្នកវិនិយោគ ទាំងបុគ្គល ក៏ដូចជាក្រុមហ៊ុន ត្រូវមានភាពឆ្លាតវៃ និងយុទ្ធសាស្ត្រច្បាស់លាស់ ទើបអាចសម្រេជោគជ័យបាន។
មហាសេដ្ឋីអចលនទ្រព្យ អ្នកឧកញ៉ា សៀ ឫទ្ធី (រូបភាព៖ ខេមបូណូមីស)

មហាសេដ្ឋី និងជា​អ្នកអភិវឌ្ឍន៍​អចលនទ្រព្យ​ដ៏ល្បីរន្ទឺ​មួយរូបនៅកម្ពុជា គឺ​លោក ឧកញ៉ា សៀ ឫទ្ធី មាន​គន្លឹះវិនិយោគ​ បី យ៉ាង ដើម្បី​ចែកជូន​លោកអ្នក ពិចារណា ដើម្បីទិញដី បានចំណេញប្រាក់។

គន្លឹះទាំង៣ យ៉ាងនេះ រួមមាន៖

១, ទិញដី ដែលស្របច្បាប់៖ លោកអ្នកត្រូវប្រាកដ​ថា ដីធ្លី ឬផ្ទះសម្បែង​ដែល លោកអ្នកចង់ទិញនោះ ត្រូវតែមានឯកសារ ប្លង់រឹងគ្រប់គ្រាន់ ទៅតាម​ច្បាប់ ឬមិនមែន​ជា​អចលនទ្រព្យ​ដែល​កំពុង​ស្ថិត​នៅក្នុងជម្លោះ នោះឡើយ។ ទោះបីតម្លៃរបស់វា​ ធូរថ្លៃជាងទីផ្សារ​ក៏ដោយ​អ្នកពុំគួរ​ប្រថុយទិញដី​ប្រភេទនេះ​នោះទេ ព្រោះវា​មានហានិភ័យខ្ពស់។

២ ,​សិក្សា​ពីព័ត៌មានអំពី​សក្ដានុពល​នៃអចលនទ្រព្យ៖​ អ្នក​ត្រូវ​ចេះតាមដាន​ព័ត៌មាន នានាទាក់ទង​នឹង​ការអភិវឌ្ឍន៍ ពីសេស​ទិសដៅ និងផែនការ​របស់រាជរដ្ឋាភិបាល​ក្នុងការអភិវឌ្ឍន៍ នៅតាមតំបន់នីមួយ។ អ្នកអាច​សិក្សាបាន ដោយផ្អែកទៅលើ​ការអង្កេតជាក់ស្ដែង ពីសន្ទុះនៃការអភិវឌ្ឍន៍ នៃតំបន់នីមួយ។ វា​មិនមែនជារឿង​លំបាកទេ សម្រាប់​ការអង្កេតនេះ អ្នកអាច​មើលបាន​តាមរយៈ​កំណើនគម្រោង​អភវិឌ្ឍន៍ ពិសេស​បុរីធំៗ បើកាលណាបុរី​ធំៗ​មានការ​សម្រុកទៅសាងសង់​នៅតំបន់នោះ ច្រើន អ្នកអាច​ទៅរក​ទិញដីម្ដុំក្បែរៗនោះ គឺមិនខុសទេ។ រៀន​បទពិសោធន៍​របស់គេ ដែលជា​អ្នកអភិវឌ្ឍន៍ធំៗ ដើម្បីយកមក​ធ្វើជាចំណេះ​របស់ខ្លួនឯង​សម្រាប់​ការ​វិនិយោគ​ដីធ្លី គឺជាភាពឆ្លាតវៃ​របស់​វិនិយោគិន។ 

៣, ចំណេះដឹង​ប្រើប្រាស់ហិរញ្ញវត្ថុ៖ ការទីញដីធ្លី ឬផ្ទះសម្បែង​ សម្រាប់​បច្ចុប្បន្ននេះ មិនចាំបាច់​ទាល់តែ​មាន​ដើមទុន​គ្រប់ទាំងអស់​ទើបអាចទិញបាននោះទេ ពោលគឺអ្នកអាច​ប្រើប្រាស់​កម្ចី​ធនាគារ​មកទិញដីធ្លី ឬផ្ទះសម្បែងនោះបាន។ ប៉ុន្ដែ ការទិញបង់រំលស់​អាច​ជាម្រើស​ល្អ ប្រសិនបើ​ដី ឬផ្ទះនោះ អាចជួលរក​ចំណូល​ត្រឡប់មកវិញ​បាន សម្រាប់​ការបង់​ការប្រាក់​ឲ្យធនាគារ។

ផ្ទុយទៅវិញ បើអ្នក​មានលុយ​មិនគ្រប់​តែ​រត់​ទៅរកខ្ចីបុលធនាគារ ដើម្បី​ទិញដី​យកមកទុក​ចោល  ដេករង់ចាំចំណេញ ដោយមិនអាច​ជួលបន្ត​បាននោះ សូម​កុំទិញឲ្យសោះ។ ការលើកឡើងនេះ គឺចំពោះ​ការវិនិយោគ​ជាលក្ខណៈបុគ្គល ប៉ុន្ដែ​សម្រាប់​ការទិញជាលក្ខណៈ​ក្រុមហ៊ុន គឺគេ​អាច​មានយុទ្ធសាស្ត្រ​របស់គេ​ ក្នុងការ​ប្រើប្រាស់​កម្ចីទិញ​អចលនទ្រព្យនោះ។

គន្លឹះសម្រាប់​ពិចារណាក្នុងការទិញដីឡូត៌ បុរី ឬខុនដូ

យ៉ាងណាមិញ បើអ្នកទិញ​ដីជា​ប្រភេទដីឡូត៌ ឬបុរី ខុនដូ អ្នកក៏ត្រូវ​ដឹងច្បាស់ នូវ​ព័ត៌មាន​អំពីគម្រោង ពិសេស​តើនរណា​ជាអ្នកអភិវឌ្ឍន៍គម្រោងនោះ? ព្រោះបច្ចុប្បន្ន​មានអ្នក​ចេញពុះដីឡូត៌​ភ្លូកទឹក​ភ្លូកដី ដោយមានអ្នកខ្លះ​មិនមានជំនាញ​ ច្បាស់លាស់។ ពិសេស​ការទិញខុនដូ ទីតាំង​គឺជាកត្តា​ស្លាប់រស់ ហើយទីតាំងល្អបំផុត​ត្រូវតែស្ថិតនៅ​កណ្ដាល​ទីក្រុង។

តួយ៉ាង អ្នកពុះដីឡូត៌ខ្លះ ពុះដីឡូត៌​ដោយមិនមាន​ច្បាប់អនុញ្ញាត និងមិនមាន​ហេដ្ឋារចនាសម្ព័ន្ធ ត្រឹមត្រូវជាដើម ។ កេរ្តិ៍ឈ្មោះ របស់អ្នកអភិវឌ្ឍន៍​ត្រូវងបាន​លោកឧកញ៉ា សៀ ឫទ្ធី អះអាងថា គឺសំខាន់​ណាស់ ដែលអ្នកត្រូវ​យកចិត្តទុកដាក់ ពិសេស​សម្រាប់​ការទិញ​ដីឡូត៌ បុរី ឬខុនដូ​ជាដើម។ ស៊ូទិញអចលនទ្រព្យ​តម្លៃថ្លៃជាង តែមាន​ទំនុកចិត្តខ្ពស់ជាង ជាជាង​ការទិញអចលនទ្រព្យ​ដែលមានតម្លៃថោក តែ​មិនមានទំនុកចិត្ត។

សង្ខេប​និន្នាការ​ទីផ្សារនៃ​​វិស័យអចលនទ្រព្យ​ឆ្នាំ២០១៩

គួរបញ្ជាក់ថា នៅប្រមាណពាក់​កណ្ដាល​ឆ្នាំនេះ លោកឧកញ៉ា សៀ ឫទ្ធី បាន​កត់សម្គាល់ឃើញដែរថា គម្រោង​វិនិយោគ​ក្នុងវិស័យ​អចលនទ្រព្យ​ហាក់​មានការ​ធ្លាក់ចុះ​ប្រមាណ​១៨% ប៉ុន្ដែ បើ​មើលទៅលើ​ទុនវិនិយោគវិញ គឺនៅតែរក្សា​នូវភាពវិជ្ជមាន​ដដែល​។

លោកឧកញ៉ា សៀ ឫទ្ធី បាន​គូសបញ្ជាក់ថា សម្រាប់​ឆ្នាំ ២០១៩នេះ និន្នា​នៃ​ការវិនិយោគ​ក្នុងវិស័យ​អចលនទ្រព្យ ហាក់មានការប្រែប្រួល​គួរឲ្យកត់សម្គាល់ ដោយលោក​មើលឃើញថា វាកំពុង​ដើរដល់​ដំណាក់កាលមួយ ​ដែល​អ្នក​វិនិយោគធំ ស៊ីអ្នកវិនិយោគតូច ពោលគឺ គម្រោងវិនិយោគ វិនិយោគ​តូចៗ​មិនអាច​ប្រជែង​ជាមួយគម្រោង​ធំៗ​បាន ដូច្នេះ អ្នកអភិវឌ្ឍន៍​គម្រោង​តូចៗទាំងនោះ បាន​បន្ថយ​ការវិនិយោគ​របស់ខ្លួន តិចជាងមុន​។ 

លោកឧកញ៉ា បាន​បន្ថែមទៀតថា សម្រាប់​តម្រូវការ​ផ្ទះសម្បែងស្នាក់នៅ​ចាប់ពីឆ្នាំក្រោយទៅ មានតម្រូវការ​ប្រមាណ ៥ម៉ឺនខ្នង​។ ទន្ទឹមនឹងនោះ សម្រាប់​ខុនដូវិញ នៅ​ដាច់ឆ្នាំនេះ នឹងមាន​៣ម៉ឺនបន្ទប់ ខណៈដែល​ឆ្នាំនេះ កំពុង​សង់​១,៧ ម៉ឺនបន្ទប់។ ក្នុងនោះ ភាគច្រើន ការវិនិយោគ​របស់​ចិន ប្រមាណ៧០% បាននិង​ ​កំពុងអភិវឌ្ឍ​ខុនដូ​នៅកម្ពុជា ដោយ​អតិថិជន​ដែលទិញ​ភាគច្រើន គឺជាជនជាតិ​ដែល​រស់នៅប្រទេសចិន។ តាមការ​ប្រមើល​របស់លោកឧកញ៉ា សៀ ឫទ្ធី សម្រាប់វិស័យ​ខុនដូ នៅរយៈពេល​៣ឆ្នាំ ខាងមុខទៀតនេះ អាច​នឹងត្រូវ​ជួប​នឹង​បញ្ហា​ការផ្គត់ផ្គង់​មានច្រើនតម្រូវការ ហើយខុនដូភាគច្រើន​ដែលសាងសង់​រួច នឹងអាចមិនមាន​មនុស្សនៅ ព្រោះ​អ្នកទិញភាគច្រើន​ជាជនជាតិចិន​ ដែលទិញ​សម្រាប់ទុកជួលតែប៉ុណ្ណោះ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កាស៊ីណូវៀតណាម លើកោះភូកុក ឬកោះត្រល់ ចំណេញប្រាក់ជាង ៤លានដុល្លារ ក្រោយបើកដំណើរបាន៦ខែ

ព័ត៌មាន
កាស៊ីណូ និង រមណីយដ្ឋានCorona របស់វៀតណាម ដែលជាកាស៊ីណូដំបូងគេបង្អស់របស់វៀតណាម ដែលអនុញ្ញាតឲ្យប្រជាជនខ្លួនចូលលេង និងមានទីតាំងនៅលើកោះភូ…

វៀតណាម​នាំ​ចេញ​ទូរស័ព្ទ​ស្មាតហ្វូន ទៅលក់​នៅ​ប្រទេស​រុស្ស៊ី

ព័ត៌មាន
ក្រុមហ៊ុន​ឯកជន​ធំ​ជាង​គេ​បំផុត​របស់​វៀតណាម Vingroup បាន​ចាប់​ផ្តើម​លក់​ទូរស័ព្ទ​ស្មាតហ្វូន​ចំនួន ៤ ម៉ូដែល​ របស់​ខ្លួន នៅ​ក្នុង​ប្រទេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ